ពិធីបើកសិក្ខាសាលាចាប់ផ្តើមគម្រោងស្តីពី Building Capacity in Promoting Economically and Environmentally Efficient Rice Production through Direct-seeded Rice

ចេញ​ផ្សាយ​ ០៧ មិថុនា ២០២១ 14889

នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាចាប់ផ្តើមគម្រោងស្តីពី Building Capacity in Promoting Economically and Environmentally Efficient Rice Production through Direct-seeded Rice ដែលបានរៀបចំឡើងដោយអង្គការស្បៀង និងកសិកម្ម ថ្នាក់តំបន់ ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (FAO Regional Office for Asia and the Pacific) តាមរយៈប្រព័ន្ធអនឡាញ។ ក្រៅពីប្រទេសកម្ពុជាដែលជាអង្គភាពអនុវត្តគម្រោង សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីតំណាងអង្គភាពអនុវត្តគម្រោងនៃប្រទេសមីយ៉ាន់ម៉ានិងហ្វីលីពីន អង្គការ FAO ប្រចាំនៅកម្ពុជានិងមីយ៉ាន់ម៉ា  អង្គការ IRRI និងសាកលវិទ្យាល័យកសិកម្មភាគខាងត្បូងប្រទេសចិន។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមគោលបំណង៖ ១). ប្រកាសដាក់ឱ្យដំណើរការគម្រោងជាផ្លូវការ ២). ជូនដំណឹងជាផ្លូវការដល់បណ្តាតំណាងអង្គភាពអនុវត្តគម្រោងនូវគោលបំណង សកម្មភាព និងលទ្ធផលរំពឹងទុករបស់គម្រោង ៣). ពិភាក្សានិងកំណត់សកម្មភាពអាទិភាព និងឯកភាពលើផែនការសកម្មភាពរបស់គម្រោង ៤). បង្ហាញអំពីតួនាទីនិងភារកិច្ច និងលទ្ធផលរំពឹងទុកដែលនឹងទទួលបានពីទីប្រឹក្សាថ្នាក់ជាតិ និងអន្តរជាតិ ៥). ចែករំលែកព័ត៌មាន កំណត់កិច្ចខិតខំប្រឹងប្រែងក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធផ្សេងៗ ពិភាក្សានិងឯកភាពលើផែនការអនុវត្តសកម្មភាព ដោយរួមបញ្ចូលទាំងយន្តការនៃការសម្របសម្រួល ព្រមទាំងកំណត់ឱ្យបានច្បាស់លាស់នូវតួនាទី និងការទទួលខុសត្រូវរបស់ដៃគូរពាក់ព័ន្ធដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នា និងចៀសវាងការអនុវត្តសកម្មភាពត្រួតគ្នា។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាចាប់ផ្តើមគម្រោងនេះ ឯកឧត្តមប្រតិភូ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះអង្គការ FAO ដែលបានផ្តួចផ្តើម និងគាំទ្រឱ្យមានគម្រោងថ្នាក់តំបន់នេះឡើង ហើយជាពិសេសបានផ្តល់ឱកាសដល់ប្រទេសកម្ពុជា បានចូលរួមអនុវត្តក្នុងគម្រោងនេះ។ អង្គការ FAO គឺជាដៃគូរអភិវឌ្ឍន៍យ៉ាងជិតស្និតមួយក្នុងចំណោមដៃគូរអភិវឌ្ឍន៍ជាច្រើនរបស់កម្ពុជាដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ តាមរយៈគម្រោងនេះ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា អង្គភាពអនុវត្តគម្រោងទាំងអស់នឹងសហការកាន់តែស្អិតរមួតជាមួយអង្គការ FAO និងដៃគូរសំខាន់ៗមួយចំនួនទៀត រួមទាំងអង្គការ IRRI និងសាកលវិទ្យាល័យកសិកម្មភាគខាងត្បូងប្រទេសចិន ដើម្បីសម្រេចឱ្យបាននូវគោលបំណងគម្រោងដែលបានកំណត់៕