ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានកសិកម្ម ជាមួយនឹងលេខាធិការដ្ឋានគម្រោង IPPC

ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០១៩ 3842

នៅអគ្គនាយកដ្ឋានកសិកម្ម នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានកសិកម្ម ជាមួយនឹងលេខាធិការដ្ឋានគម្រោង Strengthening the Capacity of Developing Contracting Parties to Improvement the International Plant Projection Convention (IPPC) ស្តីពីការអនុវត្តគម្រោង IPPC Project GCP/INT/291/CPR លើការកសាងសមត្ថភាពនៅក្នុងប្រទេសកម្ពុជា ក្រោមក្របខណ្ឌគម្រោង FAO-China South-South Cooperation Programme។ បន្ទាប់ពីមតិចាប់អារម្មណ៍ដោយ ឯកឧត្តម Alexandre Huynh តំណាងអង្គការ FAO ប្រចាំនៅកម្ពុជា និងលោកបណ្ឌិត Jingyuan Xia លេខាធិការគម្រោង IPPC មក ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានថ្លែងអំណរគុណចំពោះអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ប្រចាំនៅកម្ពុជា ដែលតែងតែគាំទ្រដល់អគ្គនាយកដ្ឋានកសិកម្ម ទាំងផ្នែកថវិកា សម្ភារ និងបច្ចេកទេស នាពេលកន្លងមក។ ជាក់ស្តែង សម្រាប់ពេលនេះ អគ្គនាយកដ្ឋានកសិកម្ម បានទទួលកិច្ចសហប្រតិបត្តិការថ្មីមួយ​ តាមរយៈលេខាធិការដ្ឋានគម្រោង IPPC ដែលបានជ្រើសរើសប្រទេសកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងខាងលើដើម្បីជំរុញផលិតភាព​ ផលិតកម្មដំណាំចេក និងការនាំចេញផ្លែចេកទៅកាន់ប្រទេសចិន។ ឯកឧត្តមប្រតិភូ បានលើកឡើងថា ចេកគឺជាប្រភេទដំណាំដែលមានសក្តានុពលសម្រាប់ប្រទេសកម្ពុជានៅក្នុងរយៈពេល២ ទៅ ៣ឆ្នាំទៀត។ ដូចនេះ គម្រោង IPPC បានចាប់ផ្តើមក្នុងពេលមួយដ៏ត្រឹមត្រូវ នៅទីកន្លែងដែលត្រឹមត្រូវ នៅក្នុងប្រទេសដែលស័ក្តិសម និងជាមួយមន្ត្រីសហការដែលមានសមត្ថភាព។ តាមរយៈគម្រោងខាងលើនេះ ឯកឧត្តមប្រតិភូ ជឿជាក់ថា កម្ពុជានឹងអាចទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្សេងៗមកលើដំណាំចេក ហើយផលិតភាពផលិតកម្មដំណាំចេក និងការនាំចេញផ្លែចេកពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិននឹងកាន់តែរីកចម្រើនជាលំដាប់៕