ដំណើរទស្សនកិច្ចចុះត្រួតពិនិត្យសកម្មភាពនៃការអនុវត្តគម្រោង wAT4CAM នៅខេត្តបាត់ដំបង សៀមរាប និងកំពង់ធំ

ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៣ 4895

នៅថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និង Mr. Andre Ban ប្រធានក្រុមហ៊ុន NIRAS ប្រចាំនៅកម្ពជា បានចុះត្រួតពិនិត្យសកម្មភាពនៃការអនុវត្តគម្រោង wAT4CAM នៅខេត្តបាត់ដំបង សៀមរាប និងកំពង់ធំ ។ នៅក្នុងដំណើរទស្សនកិច្ចនេះ មានការចូលរួមពីក្រុមការងារជំនាញរបស់អង្គការ CIRAD ក្រុមការងារ TA-AGRI នៃគម្រោង WAT4CAM។

ការបំពេញបេសកកម្មនេះ មានគោលបំណងជាសំខាន់ គឺដើម្បីពិនិត្យមើលវឌ្ឍនភាពការអនុវត្តគម្រោងដោយផ្អែកលើគោលការណ៍កសិអេកូឡូស៊ីដែលបន្ស៊ីទៅនឹងតម្រូវការរបស់ប្រជាកសិករនៅក្នុងតបន់គោលដៅគម្រោងក្នុងន័យបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព។

កសិករ លោកពូ ផល រដ្ឋា ជាសមាជិកសហគមន៍កសិកម្មចំរើនផលរាំងកេសី នៅតំបន់ស្រោចស្រពកង្ហត ស្រុក សង្កែ ខេត្តបាត់ដំបង បានអនុវត្តដាំដុះដំណាំគម្របដី ចង្ក្រងស្វា និងសណ្តែកបាយ នៅលើផ្ទៃដីស្រែចំនួន ២,៧ ហិកតា ធ្វើការដាំដុះដោយម៉ាស៊ីនលើកាកសំណស់ដំណាំគម្របដី ក្នុងនោះផកលិតកម្មពូជស្រូវសែនក្រអូប ប្រមាណ ១,៥ហិកតា និងស្រូវចំណីពូជសែនក្រអូបប្រមាណ ១,២ ហិកតា ឃើញថាដំណាំស្រូវមានការលូតលាស់ល្អ និងរំពឹងថានឹងទទួលបានទិន្នផលខ្ពស់ ក្នុងរង្វង់ ៥តោន/ហិកតា ជាពិសេស មានមានការកាត់បន្ថយការប្រើប្រាស់ជីគីមី ពីចំនួន ៦ការ៉ុង មកនៅត្រឹម៣ការ៉ុង ធៀបនឹងមុនពេលសហការអនុវត្តជាមួយគម្រោងកាលពី៣ឆ្នាំមុន។

កសិករសហការជាមួយគម្រោងនៅតំបន់ស្រោចស្រពប្រឡាយ មេក្រពើ ស្រុកជីក្រែងខេត្តសៀមរាប បានសាកល្បងដាំដំណាំគម្របដីឆ្នាំទី១ នៅលើដីស្រែចំនួន ០,៥ ហិកតា បន្ទាប់មកភ្ជួរលប់ជាជីស្រស់ ហើយដាំដុះដំណាំស្រូវពូជ OM5451 ដោយរំពឹងថានឹងទទួលផលបានប្រមាណ ៣តោន ឬទិន្នផលប្រមាណ ៦តោន/ហិកតា ហើយគាត់បានបញ្ជាក់ការដាំដំណាំគម្របដីហាក់ដូចជួយឱ្យស្រូវគាត់លូតលាស់ល្អធៀបឆ្នាំកន្លងទៅ។

កសិករសហការនៅតំបន់គោលដៅគម្រោងនៃខេត្តបាត់ដំបង និងខេត្តសៀមរាប មានចំណាប់អារម្មណ៍ក្នុងការកៀរពង្រាបដីស្រែឱ្យរាបស្មើ ដោយពួកគាត់បានយល់ឃើញថា កាលណាដីស្រែរាបស្មើល្អ ងាយស្រួលក្នុងការគ្រប់គ្រងទឹក និងជីជាដើម ហើយធ្វើឱ្យដំណាំស្រូវលូវលាស់ស្មើគ្នាបានល្អ និងអាចទទួលទិន្នផលប្រសើឡើង។

ដោយឡែកកសិករសហការជាមួយគម្រោងដែលភាគច្រើនជាសមាជិកសហគមន៍អភិវឌ្ឍកសិកម្មព្រៃម្រ៉ីក្តីសង្ឃឹម ស្ថិតនៅតំបន់ស្រោចស្រពទំនប់អូរអត នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បាននិងកំពុងអនុវត្តបង្ហាញុការធ្វើផលិតកម្មគ្រាប់ពូជដំណាំគម្របដីចង្ក្រងស្វា នៅតាមចម្ការដំណាំស្វាយចន្ទី ដោយសង្ឃឹមថានឹងទទួលបានផលចំណេញពីការលក់គ្រាប់ពូជដំណាំគម្របដី និងបង្កើនគុណភាពដីសម្រាប់ដំណាំស្វាចន្ទី។ លើសពីនេះ ទៀតសោធ កសិករបានចាប់អារម្មណ៍ និងផលិតថ្នាំបង្អើលសត្វល្អិតចង្រៃផ្សំពីវត្ថុធាតុដើមធម្មជាតិ សម្រាប់ប្រើប្រាស់ដើម្បីគ្រប់គ្រងដំណាំជំនួសឱ្យការប្រើប្រាស់ថ្នាំកសិកម្មសំយោគ ហើយកសិករបានអះអាងថា ការប្រើប្រាស់ថ្នាំកសិកម្មធម្មជាតិនេះបានកាត់បន្ថយការចំណាយ បើធៀបនឹងការប្រើប្រាស់ថ្នាំកសិកម្មសំយោគ។  

លោកបណ្ឌិត សេង វ៉ាង បានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករឱ្យខិតខំព្យាយាមអនុវត្តកសិកម្មតាមគោលការណ៍កសិអេកូឡូស៊ី ក្នុងគោលដៅបង្កើនគុណភាពកសិផលដើម្បីអាចប្រកួតប្រជែងនៅលើឆាកទីផ្សារក្នុងស្រុក និងអន្តរជាតិ កាត់បន្ថយថ្លៃដើម ផលិតកម្ម (ឧ. កាត់បន្ថយការប្រើប្រាស់ជីគីមី) បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងជី ទឹក ក្នុងផលិតកម្ម (ឧ. ការកៀរពង្រាបដីស្រែ) បង្កើន និងកែលម្អគុណភាពដី បង្កើនទិន្នផល ប្រសិទ្ធភាពសេដ្ឋកិច្ច និងសុខុមាលភាពសង្គម និងថែរក្សាបាននូវនិរន្តរភាពបរិស្ថាន៕