ពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ចេញ​ផ្សាយ​ ២៨ តុលា ២០២២ 8205

ថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧  ខែតុលា  ឆ្នាំ២០២២  ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បានចូលរួមពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន  ក្រោមអធិបតីភាពឯកឧត្តម  ឌិត  ទីណា  រដ្ឋមន្ត្រីក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ  និងឯកឧត្តម  វ៉ាង  វិនធាន  អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា  នៅទីស្ដីការក្រសួងកសិកម្ម។
តាមរយៈកិច្ចសហការប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងភាគីកម្ពុជានិងចិន ធ្វើឱ្យដំណើរការចរចាបើកទីផ្សារមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន បានទទួលជោគជ័យយ៉ាងឆាប់រហ័ស ក្នុងនោះបើទោះក្នុងបរិបទនៃការរីករាលជំងឺកូវីដ-១៩ ក៏កិច្ចដំណើរវាយតម្លៃត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting) ដែលភាគីចិនមានការយោគយល់ខ្ពស់និងសម្រួលការងារយ៉ាងច្រើនចំពោះភាគីកម្ពុជា។
ជាលទ្ធផល នៅដំណាក់កាលទី១នេះ ចម្ការមៀនចំនួន៧៤ និងរោងចក្រវេចខ្ចប់ចំនួន៨ បានទទួលការឯកភាពសម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។