សកម្មភាពចុះត្រួតពិនិត្យបទល្មើស និងអធិការកិច្ចលើការធ្វើអាជីវកម្មជីកសិកម្ម

ចេញ​ផ្សាយ​ ២៣ សីហា ២០២៤ 3219

ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារគ្រប់គ្រងជីកសិកម្មដឹកនាំដោយលោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្មបានចុះធ្វើអធិការកិច្ច និងត្រួតពិនិត្យបទល្មើសជីកសិកម្មនៅតាមច្រកព្រំដែនប្រាសាទ កំពង់ស្ពាន តាណេង ធ្លក និងច្រកដទៃទៀតក្នុងខេត្តស្វាយរៀង និងបានជួបពិភាក្សាផ្ទាល់ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសមត្ថកិច្ចមូលដ្ឋានតាមច្រកព្រំដែនដើម្បីពង្រឹងកិច្ចសហការគ្នាក្នុងការទប់ស្កាត់បទល្មើសនាំចូលជីកសិកម្មខុសច្បាប់។
ក្រុមការងារបានចុះធ្វើអធិការកិច្ចតាមបណ្តាដេប៉ូលក់ដុំ លក់រាយជីកសិកម្មមួយចំនួនក្នុងខេត្តស្វាយរៀង និងបានពិនិត្យឃើញថា ដេប៉ូលក់ដុំ លក់រាយជីកសិកម្មទាំងនោះមានការយល់ដឹងពីការធ្វើអាជីវកម្មជីកសិកម្ម និងបានចូលរួមវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈស្របតាមច្បាប់ស្តីពីការគ្រប់គ្រងជីកសិកម្ម និងថ្នាំកសិកម្ម។
ក្រុមការងារបានណែនាំឱ្យដេប៉ូលក់ដុំ លក់រាយជីកសិកម្មឳ្យសហការជាមួយសមត្ថកិច្ច និងកុំទទួលទិញជីកសិកម្មដែលនាំចូលខុសច្បាប់ ឬមិនមានអត្តសញ្ញាណច្បាស់លាស់យកមកលក់ជូនប្រជាកសិករប្រើប្រាស់៕