ដំណើរទស្សនកិច្ចទីវាលនិងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការតម្រង់ទិសសម្ព័ន្ធកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (CASIC)

ចេញ​ផ្សាយ​ ១៣ កក្កដា ២០២១ 10609

នៅថ្ងៃទី៨ និង៩ ខែកក្កដា  ឆ្នាំ២០២១ លោកបណ្ឌិត សេង  វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម  បានដឹកនាំក្រុមការងារនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម    និងក្រុមការងារនៃមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស (CASC) ដើម្បីទទួលកម្មវិធី ១). ដំណើរទស្សនកិច្ចទីវាលនិងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការតម្រង់ទិសសម្ព័ន្ធកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (CASIC) ក្រោមអធិបតីភាពឯកឧត្តម  ឱម  គឹមសៀរ  រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងជាប្រធានគណៈកម្មការតម្រង់ទិសរបស់CASIC និង២). ដំណើរទស្សនកិច្ចទីវាលរបស់ក្រុមការងារនៃកម្មវិធីការគ្រប់គ្រងធនធានទឹកនិងវិវឌ្ឍនាការកសិអេកូឡូស៊ីនៅកម្ពុជាជំហាន១ សមាសភាគទី៤ (WAT4CAM TA-AGRI)ដឹកនាំដោយលោក Ruud Corsel ប្រធានក្រុមការងារTA-AGRI។ គោលបំណងនៃទស្សនកិច្ចទីវាលគឺដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃការងារពិសោធន៍ស្រាវជ្រាវកសិកម្មអភិរក្សដីនៅក្នុងស្ថានីយពិសោធន៍កសិកម្មអភិរក្សបុសខ្នុរក្នុងស្រុកចម្ការលើ ខេត្តកំពង់ចាម។

លោកបណ្ឌិត Florent TIVET និងលោកឡេង វីរ៉ា បានបង្ហាញជូនភ្ញៀវនូវសកម្មភាពសំខាន់ៗដែលបាននិងកំពុងអនុវត្តនៅក្នុងស្ថានីយ៍ពិសោធន៍កសិកម្មអភិរក្សបុសខ្នុរ រួមមាន៖  ១).  គំរូប្រព័ន្ធកសិកម្មសរីរាង្គជាមូលដ្ឋានដោយរក្សាការមិនភ្ជួរ ការរក្សាគម្របដីអចិន្ត្រយ៍  ការដាំដំណាំបង្វិល  និងជាពិសេសការអនុវត្តបច្ចេកទេសដាំដុះដំណាំលើគម្របដីស្រស់ មានដូចជាដំណាំពោត សណ្តែកសៀង និងដំឡូងមី ២). ការអភិរក្សនឹងកន្លែងនូវគ្រាប់ពូជដំណាំគម្របដីដែលមានការធ្វើសារពើភ័ណ្ឌសេណេទិចពូជសរុបមានចំនួន៤៤ប្រភេទ ស្មើនឹង២១៦ពូជ។ ពូជដំណាំទាំងនេះ ត្រូវបានប្រើប្រាស់ជាចំណីសត្វ និងជាដំណាំគ្របដី ហើយសព្វថ្ងៃនេះក្រុមហ៊ុន Smart-Agro កំពុងដើរតួនាទីដ៏សំខាន់ក្នុងការផលិតនិងផ្គត់ផ្គង់គ្រាប់ពូជដំណាំគម្របដីទាំងនេះដល់សហគមន៍កសិកម្ម និងកសិករ ៣). ការពិសោធន៍បែបលក្ខណៈវិទ្យាសាស្ត្ររយៈពេលវែង ដោយផ្តោតលើបច្ច័យចំនួន៣នៃប្រព័ន្ធដំណាំជាមូលដ្ឋានសំខាន់ៗដែលកំពុងអនុវត្តនៅតំបន់ខ្ពង់រាបរួមមានដំណាំដំឡូងមី ពោត និងសណ្តែកសៀង។ ការពិសោធន៍នេះ បានផ្តល់ឱកាសឱ្យនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ជាន់ខ្ពស់ និងថ្នាក់បណ្ឌិតវិទ្យាសាស្ត្រ ដែលមានការចាប់អារម្មណ៍ក្នុងការងារស្រាវជ្រាវអំពីកសិកម្មអភិរក្សមកធ្វើការសិក្សាដើម្បីបញ្ចប់ការសិក្សារបស់ពួកគេ ៤). ស្រែបង្ហាញខ្នាតធំដែលបង្កើតឡើងសម្រាប់បង្ហាញប្រៀបធៀបអំពីគុណសម្បត្តិរវាងកសិកម្មអភិរក្ស និងការអនុវត្តកសិកម្មតាមទម្លាប់របស់កសិករ ៥). ការប្រើប្រាស់គ្រឿងយន្តកសិកម្មសម្រាប់បម្រើឱ្យការអនុវត្តកសិកម្មអភិរក្ស គឺជាធាតុចូលមួយដ៏សំខាន់បំផុតដែលមិនអាចខ្វះបានដូចជាប្រព័ន្ធឧបករណ៍ដាំគ្រាប់ស្ងួតលើគម្របដីស្រស់ ឧបករណ៍ដាំដំណាំដំឡូងមីលើដីមិនភ្ជួរ និងឧបករណ៍ប្រមូលផលដំណាំដំឡូងមីជាដើម ៦). គំរូផ្សព្វផ្សាយអំពីសេវាកម្មកសិកម្មអភិរក្ស “មិត្តកសិករ” ដែលជាគំរូមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗរួមមាន ស្ថាប័នរដ្ឋ វិស័យឯកជន ក្រុមកសិករស្ម័គ្រចិត្ត និងកសិករទូទៅ ក្នុងគោលបំណងជំរុញការអនុវត្តកសិកម្មអភិរក្សឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ៧). ការបង្ហាញអំពីដំណើរនៃការចែកចាយ និងផ្គត់ផ្គង់គ្រាប់ពូជដំណាំគម្របដីរបស់ក្រុមហ៊ុន Smart-Agro និង៨). ការបង្ហាញប្រៀបធៀបអំពីគុណភាពដីតាមរយៈកម្រិតនៃភាពរឹងមាំនៃបង្គុំគ្រាប់ដី (Soil aggregates) រវាងដីព្រៃធម្មជាតិ ដីដែលអនុវត្តកសិកម្មតាមទម្លាប់ (ភ្ជួរគ្មានគម្របដី) និងដីដែលអនុវត្តកសិកម្មអភិរក្ស គឺបង្ហាញឱ្យឃើញថា ដីព្រៃធម្មជាតិ និងដីដែលអនុវត្តកសិកម្មអភិរក្ស គឺមានបង្គុំគ្រាប់ដីរឹងមាំល្អប្រសើរជាងដីដែលអនុវត្តកសិកម្មតាមទម្លាប់។ដំណើរទស្សនកិច្ចទីវាលនិងកិច្ចប្រជុំរបស់គណៈកម្មការតម្រង់ទិសរបស់ CASIC និង ក្រុមការងារWAT4CAM TA-AGRI បានប្រព្រឹត្តទៅដោយរលូននិងបញ្ចប់ដោយជោគជ័យតាមកម្មវិធីដែលបានគ្រោងទុក៕