កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានកសិកម្ម មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាងអគ្គនាយកដ្ឋានកសិកម្ម និងមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា លើគម្រោងកិច្ចសហការបច្ចេកទេសស្ដីពី ផលិតកម្ម និងការផ្សព្វផ្សាយគ្រាប់ពូជពោតអ៊ីប្រ៊ីត (CHM01) នៅប្រទេសកម្ពុជា (Establishment of Hybrid Maize (CHM01) Seed Production and Dissemination System in Cambodia) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងលោកបណ្ឌិត Kim, Yong-Hwan ប្រធានមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា។ អញ្ជើញចូលរួមក្នុងពិធីនេះដែរ រួមមាន ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម ថ្នាក់ដឹកនាំ និងសមាជិកនៃក្រុមការងារអនុវត្តគម្រោង។ គម្រោងនេះមានរយៈពេល០៣ឆ្នាំ ដោយគ្រោងនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០២១ រហូតដល់ខែធ្នូ ឆ្នាំ២០២៣ ក្រោមគោលបំណងដើម្បី ១). ពង្រឹងសមត្ថភាពរបស់អ្នកសិក្សាស្រាវជ្រាវ និងការបង្កើតពូជពោតអ៊ីប្រ៊ីតថ្មី ២). បង្កើតជាទម្រង់/គម្រូមួយសម្រាប់ផលិតកម្ម និងចែកចាយគ្រាប់ពូជពោតអ៊ីប្រ៊ីត (CHM01) ទៅដល់កសិករ ៣). ធ្វើបង្ហាញពូជពោតអ៊ីប្រ៊ីត (CHM01) ក្នុងទ្រង់ទ្រាយធំនៅតាមបណ្តាខេត្តសំខាន់ៗជាសាធារណៈសម្រាប់ឱ្យកសិករមាន ការយល់ដឹងអំពីប្រភេទពូជពោតអ៊ីប្រ៊ីតដំបូងគេបង្អស់ដែលត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជា និង ៤). អនុវត្តសកម្មភាពនានាដើម្បីបង្កើនការទទួលយករបស់កសិករចំពោះពូជពោតអ៊ីប្រ៊ីត (CHM01) សម្រាប់ប្រើប្រាស់ជាសាធារណៈ។ គម្រោងខាងលើនេះនឹងផ្តោតទៅលើខេត្តមួយចំនួន រួមមាន ខេត្តកណ្តាល (ស្ថានីយកសិកម្មបន្ទាយដែក) និងខេត្តកំពង់ចាម (កសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ) សម្រាប់ជាទីតាំងពិសោធន៍ ស្រាវជ្រាវ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងខេត្តបាត់ដំបង ត្បូងឃ្មុំឬកំពង់ចាម និងកណ្តាល សម្រាប់ជាទីកន្លែងធ្វើបង្ហាញពូជពោតអ៊ីប្រ៊ីត (CHM01) ក្នុងទ្រង់ទ្រាយធំ។ នៅក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌល KOPIA ដែលជានិច្ចកាលតែងតែផ្តល់នូវការឧបត្ថម្ភគាំទ្រទាំងលើផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសអនុវិស័យដំណាំកសិកម្មឱ្យមានការរីកចម្រើនជាលំដាប់។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមប្រតិភូបានណែនាំដល់ក្រុមការងារអនុវត្តគម្រោងនេះឱ្យខិតខំ ប្រឹងប្រែង និងយកចិត្តទុកដាក់អនុវត្តសកម្មភាពនានារបស់គម្រោងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវផ្តល់កិច្ចសហការយ៉ាងជិតសិ្នទដើម្បីសម្រេចឱ្យបាននូវលទ្ធផលជាវិជ្ជមាន និងតាមការរំពឹងទុករបស់គម្រោង។