សិក្ខាសាលាចាប់ផ្ដើមនិងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីគម្រោងបន្លែ ផ្លែឈើកម្ពុជាដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ម

ចេញ​ផ្សាយ​ ២៣ មករា ២០២១ 4560

ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំ និងប្រធានអង្គភាពជំនាញក្រោមឱវាទ បានរៀបចំសិក្ខាសាលាចាប់ផ្ដើមនិងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីគម្រោងបន្លែ ផ្លែឈើកម្ពុជាដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្ដីការក្រសួង ។ សិក្ខាសាលាខាង មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអង្គភាពជំនាញក្រោមឱវាទក្រសួង់ តំណាងដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ។
គោលដៅរួមរបស់គម្រោង CHAIN គឺដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភរបស់កសិករខ្នាតតូចនៅតំបន់ជនបទនៃខេត្តគោលដៅរបស់គម្រោង តាមរយៈការបង្កើនផលិតកម្ម និងពាណិជ្ជកម្មដំណាំសាកវប្បកម្មប្រកបដោយគុណភាព និងសុវត្ថិភាព។ ទិសដៅរបស់គម្រោងគឺនៅឆ្នាំ២០២២ ត្រូវផ្តល់កំណើនប្រាក់ចំណូលប្រកបដោយនិរន្តរភាព ដល់កសិករដែលដាំដុះផ្គត់ផ្គង់ខ្លួនឯង (Homestead farmers) ចំនួន ១៥ ០០០ នាក់ កសិករពាណិជ្ជ (Commercial farmers) ចំនួន ៣ ០០០នាក់ អ្នកកែច្នៃចំនួន ១ ២០០នាក់ និងធ្វើឱ្យប្រសើរនូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភដល់គ្រួសារកសិករចំនួន ៧២ ០០០ គ្រួសារ។