ព្រឹត្តិការណ៍ និងព័ត៌មានចុង​ក្រោយ
ចេញ​ផ្សាយ​ ២៧ កុម្ភៈ ២០២៥ 1436

កិច្ចជំនួបរវាងឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកជា​អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ជាមួយ Dr. Yubak GC, Module Leader and Senior Agricultural Officer នៃអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO)

នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការីនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដឹកនាំដោយលោកបណ្ឌិត កែ មុន្ធីវុធ បានជួបពិភាក្សាការងារជាមួយ Dr. Yubak GC, Module Leader and Senior Agricultural Officer នៃអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ស្តីពីវឌ្ឍនភាពគម្រោង TCP/RAS/3907 និងពង្រឹងកិច្ចសហប្រតិបត្តការ​រវាងអង្គការ FAO និងអគ្គនាយកដ្ឋានកសិកម្ម។

ចេញ​ផ្សាយ​ ២៧ កុម្ភៈ ២០២៥ 1411

សកម្មភាព​ប្រជុំពិភាក្សានិងជ្រេីសរេីសគ្រូពេទ្យដី​ (Soil Doctors) នៅខេត្ត​តាកែវ​

នៅថ្ងៃ​ទី២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​ ក្រុម​គ្រូ​បង្គោល​គ្រូពេទ្យ​ដីនៃនាយកដ្ឋានគ្រប់គ្រងធនធានកសិកម្ម​ បានចុះអនុវត្តសកម្មភាពគ្រូពេទ្យដី​ ជួបប្រជុំពិភាក្សាជាមួយសមាជិកសមាជិកាសហគមន៍កសិកម្មទំនេីបផ្ទះសំណាញ់ត្រាំកក់​ ខេត្ត​តាកែវ​ ដែលមានអ្នកចូលរួមចំនួន២៥នាក់​ (ស្រី១២នាក់)​។  កិច្ចប្រជុំពិភាក្សានេះ​ មានគោលបំណងបង្ហាញអំពីកម្មវិធីគ្រូពេទ្យដី​ និងជ្រេីសរេីសកសិករស្ម័គ្រចិត្ត​ សម្រាប់ឱ្យក្រុមគ្រូបង្គោលធ្វេីការបណ្តុះបណ្តាលបន្តឱ្យក្លាយជាគ្រូពេទ្យដី​។  លទ្ធផល​ គឺទទួលបានកសិករឆ្នេីម​និងស្ម័គ្រចិត្តអភិវឌ្ឍខ្លួនជាគ្រូពេទ្យដី​ចំនួន២នាក់​ ដេីម្បីបន្តជួយគាំទ្រដល់សហគមន៍និងប្រជាកសិករនៅក្នុងមូលដ្ឋានក្នុងការគ្រប់គ្រងជីជាតិដីប្រកបដោយនិរន្តរភាព។  ផែនការបន្ត​ ក្រុម​គ្រូ​បង្គោល​នឹងរៀបចំផែនការបណ្តុះបណ្តាលជាមួយកសិករឆ្នេីមទាំង២រូប​ ដេីម្បីអនុវត្តការបណ្តុះបណ្តាលពួកគាត់ឱ្យក្លាយជាគ្រូពេទ្យដីប្រកបដោយប្រសិទ្ធភាពនិងគុណវុឌ្ឍិ។

ចេញ​ផ្សាយ​ ០៧ កុម្ភៈ ២០២៥ 1760

ការចុះពិនិត្យការបំផ្លាញរបស់សមាសភាពចង្រៃលើដំណាំក្រូចថ្លុង នៅស្រុកសន្ទុក ខេត្តកំពង់ធំ

នៅថ្ងៃទី០៥-០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងាររបស់នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដឹកនាំដោយលោក យ៉ា ភោគ អនុប្រធានការិយាល័យ និងសហការីចំនួន ០២រូប បានចុះពិនិត្យស្ថានភាពនៃការបំផ្លាញរបស់សមាសភាពចង្រៃលើដំណាំក្រូចថ្លុង ដែលមានផ្ទៃដីដាំដុះសរុបប្រមាណជាង ២០ហិកតា ស្ថិតក្នុងភូមិទួក ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញដូចខាងក្រោម៖
- ស្ថានភាពទូទៅនៃចម្ការ៖ ចម្ការមានទំហំសរុបប្រមាណ ២០ហិចតា និងបែងចែកជាបីកន្លែង ដែលព័ទ្ធជុំវិញដោយចម្ការកៅស៊ូ។ ក្រូចថ្លុងមានអាយុពី ២-៤ ឆ្នាំ និងមិនទាន់ប្រមូលផលនៅឡើយ
- បញ្ហាសមាសភាពចង្រៃ៖ មានស្មៅចង្រៃដុះច្រើន ទទួលរងការបំផ្លាញពីសត្វល្អិតចង្រៃ (ពីងពាងក្រហម ដង្កូវស៊ីញ៉េ ខ្ញុងស៊ីស្លឹក និងត្រួយ) និងមានជំងឺស្លឹកប្រាក់។
+ ការណែនាំរបស់ក្រុមការងារ៖
១. សំអាតស្មៅក្នុងចម្ការឱ្យបានស្អាត
២. ប្រើប្រាស់ថ្នាំកសិកម្មដែលបានចុះបញ្ជី និងប្រើប្រាស់ឱ្យបានត្រឹមត្រូវបានបទដ្ឋានបច្ចេកទេស ជាពិសេសត្រូវអានព័ត៌មានលើសំបកថ្នាំកសិកម្មឱ្យបានច្បាស់លាស់ និងត្រូវនឹងរើសថ្នាំកសិកម្មឱ្យត្រូវនឹងប្រភេទសមាសភាពចង្រៃ
៣. តាក់តែងមែកក្រូចឱ្យបានស្អាតល្អ
៤. ធ្វើផ្ទះសំណាញ់សម្រាប់ថ្នាលបណ្ដុះកូន និងបំបៅកូន និងជ្រើសរើសដើមពូជដែលមានសុខភាពល្អ។

ចេញ​ផ្សាយ​ ០៧ កុម្ភៈ ២០២៥ 1865

សកម្មភាពអនុវត្តប្រព័ន្ធពិពិធកម្មកសិកម្ម នៅឃុំឈ្មួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

ថ្ងៃទី៥ និង៦ ខែកុម្ភ: ឆ្នាំ២០២៥ ក្រុមការងារនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានចុះអនុវត្តសកម្មភាពស្តីពី ប្រព័ន្ធពិពិធកម្មកសិកម្ម នៅភូមិប្រពុត ឃុំឈ្មួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយរៀបចំដាំដំណាំត្រប់ចំនួន ៤ ០០០ កូន នៅលើផ្ទៃដីចំនួន ០,១៩ ហ.ត ជាមួយនឹងការបំពាក់ប្រព័ន្ធស្រោចស្រពដោយដំណក់ទឹក និងការប្រើប្រាស់គម្របប្លាស្ទិកលើរងផងដែរ។
គូសបញ្ជាក់ផងដែរថា ការអនុវត្តប្រព័ន្ធពិពិធកម្មកសិកម្មនៅទីតាំងខាងលើ ត្រូវបានរៀបចំឡើងដោយមានការអនុវត្តកសិកម្មចម្រុះនៅលើផ្ទៃដីសរុបប្រមាណ ១ ហ.ត ក្នុងនោះរួមមាន ផលិតកម្មដំណាំស្រូវលើផ្ទៃដី ០,៤១ ហ.ត ដំណាំរួមផ្សំ និងបន្លែ ០,១៩ ហ.ត ដំណាំឈើហូបផ្លែ ០,១៦ ហ.ត និងវារីវប្បកម្ម  ០,២០ ហ.ត ហើយផលិតកម្មនិមួយៗត្រូវបានរៀបចំបែងចែកជាប្លង់ ដើម្បីធានាបាននូវការបំពេញឱ្យគ្នាទៅវិញទៅមក ជាមួយការដាក់បញ្ចូលនូវបច្ចេកទេសកសិកម្មថ្មីធន់នឹងបំរែបំរួលអាកាសធាតុជាដើម ។ល។
ជាការពិតណាស់ ការអនុវត្តប្រព័ន្ធពិពិធកម្មកសិកម្មបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា (១) ពង្រឹងភាពធន់នៃការអនុវត្តកសិកម្មទៅនឹងការប្រែប្រួលអាកាសធាតុ (២) ជួយកសិករប្រើប្រាស់ឱ្យអស់លទ្ធភាពនៃធនធានដែលមានស្រាប់ ដើម្បីបង្កើនផលិតភាពកសិកម្មប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច (៣) លើកកម្ពស់ការប្រើប្រាស់និងគ្រប់គ្រងដីតាមវិធានការគ្រប់គ្រងចម្រុះប្រកបដោយនិរន្តរភាព  (៣) គាំទ្រដល់កសិករឱ្យធានាបាននូវស្ថិរភាពក្នុងការផលិតស្បៀងដើម្បីផ្តល់នូវអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ បង្កើនប្រាក់ចំណូល និងសេដ្ឋកិច្ចក្នុងគ្រួសារ។

ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៤ 3079

សិក្ខាសាលាស្ដីពីការបំពេញលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប

កាលពីថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការឧបត្ថម្ភគាំទ្រពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ បានរៀបចំសិក្ខាសាលាចំនួន០២វគ្គ នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ស្ដីពីការបំពេញលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដើម្បីបន្តផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងអំពីលក្ខខណ្ឌតម្រូវនាំចូលកសិផលរបស់សហភាពអឺរ៉ុប ពិសេសលក្ខខណ្ឌតម្រូវសុវត្ថិភាពម្ហូបអាហារនិងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ (លក្ខខណ្ឌតម្រូវសុខភាពរុក្ខជាតិ) និងការគ្រប់គ្រងការប្រើប្រាស់ថ្នាំកសិកម្មនិងផលិតផលការពាររុក្ខជាតិលើដំណាំស្រូវឱ្យស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវជាក់លាក់ ចំគោលដៅសមាសភាពចង្រៃ ព្រមទាំងធានាបាននូវប្រសិទ្ធភាពនិងសុវត្ថិភាពក្នុងការប្រើប្រាស់។

សិក្ខាសាលាទាំងពីរវគ្គនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកបណ្ឌិត ឌី សំអាន អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងលោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ សហគមន៍កសិកម្មផលិតកម្មដំណាំស្រូវ តំណាងរោងម៉ាស៊ីនកិនស្រូវ កសិករដាំដុះដំណាំស្រូវ និងភាគីពាក់ព័ន្ធនៃខេត្តគោលដៅទាំងពីរ សរុបប្រមាណជា១០០នាក់។

បន្ថែមពីនេះ ដើម្បីបន្តជំរុញផ្សព្វផ្សាយនូវលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុបឲ្យមានប្រសិទ្ធភាព​និងវិសាលភាពកាន់តែទូលំទូលាយ ក្រុមការងារនាយកដ្ឋានបានធ្វើការចែកជូននូវខិតប័ណ្ណព័ត៌មាននិងផ្ទាំងព័ត៌មានជូនដល់​សហគមន៍កសិកម្មផលិតកម្ម​ដំណាំស្រូវ ប្រជាកសិករ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ និងរោងម៉ាស៊ីនកិនស្រូវ។

ចេញ​ផ្សាយ​ ២៩ វិច្ឆិកា ២០២៤ 3663

ដំណើរទស្សនកិច្ចមកកាន់មជ្ឈមណ្ឌលស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កសិកម្មអភិរក្សកម្ពុជា (CARDEC)

ថ្ងៃពុធ ១២រោច ខែកក្ដិត ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួកបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងលោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម បានទទួលដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប អាល្លឺម៉ង់ សាធារណរដ្ឋឆេក និងបារាំង និងអង្គការដៃគូមកកាន់មជ្ឈមណ្ឌលស្រាវជ្រាវដើម្បីអភិវឌ្ឍកសិកម្មអភិរក្សកម្ពុជា បុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺ៖(១)បង្ហាញអំពីតួនាទីរបស់មជ្ឈមណ្ឌល CARDEC ក្នុងការស្រាវជ្រាវកសិកម្មអភិរក្សដែលរួមចំណែកក្នុងការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព (២)បង្ហាញអំពីការគាំទ្រអប់រំបណ្តុះ  បណ្តាលបច្ចេកទេសកសិកម្មអភិរក្ស (ការកាត់បន្ថយការភ្ជួររាស់ ការដាំដំណាំគម្របដី និងការបង្វិលដំណាំ) ទៅដល់កសិករនិងសហភាពសហគមន៍កសិកម្ម (៣)ជួបជាមួយកសិករដែលបានអនុវត្តកសិកម្មអភិរក្ស វិស័យឯកជនក្រុមហ៊ុនចែកចាយគ្រាប់ពូជដំណាំគម្របដី ក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីនកសិកម្មសមស្របក្នុងស្រុក ដែលបានកំពុងគាំទ្រដល់ការទទួលយកការអនុវត្តកសិកម្មអភិរក្ស។ មជ្ឈមណ្ឌលស្រាវជ្រាវដើម្បីអភិវឌ្ឍកសិកម្មអភិរក្សកម្ពុជា(CARDEC-កាដិក) មានស្ថានីយ៍ស្រាវជ្រាវកសិកម្មអភិរក្សបុសខ្នុរ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម និងមានការជួយគាំទ្រពីមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មសម្រាប់ការអភិវឌ្ឍអន្តរជាតិ (CIRAD) និងគម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ីនិងប្រព័ន្ធស្បៀងអាហារសុវត្ថិភាព (គម្រោងASSET) ក្រោមថវិកាឧបត្ថម្ភដោយមូលនិធិបារាំងដើម្បីបរិស្ថានសកល។ ស្ថានីយ៍ស្រាវជ្រាវនេះបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ដោយផ្តោតលើការសិក្សាស្រាវជ្រាវបច្ចេក ទេសកសិកម្មអភិរក្ស និង កសិអេកូឡូស៊ីដូចជាកាត់បន្ថយការភ្ចួររាស់ឬមិនភ្ជួររាស់ ការធ្វើពិពិធកម្មដំណាំឬដំណាំបង្វិល  និងការថែរក្សាដីឱ្យមានគម្របជានិច្ចតាមរយៈការដាំដុះដំណាំគម្របដីជាពិសេសនៅរដូវប្រាំងសម្រាប់ដំណាំប្រចាំរដូវ មានពោត សណ្តែកសៀង និងដំឡូងមី ការថែរក្សាធនធានសេនេទិចពូជដោយមានជាង៥០ប្រភេទ និងច្រើនជាង៣០០ពូជ ជាពិសេសដំណាំគម្របដី និងថែរក្សាប្លង់ពិសោធន៍អាយុកាលវែង(PAMPA)។ លើសពីនេះ មជ្ឍមណ្ឌលបានដើរតួជាស្នាក់ការកណ្តាលសម្រាប់ការស្រាវជ្រាវនិង គាំទ្របច្ចេកទេស កសិកម្មអភិរក្សដល់ខេត្តគោលដៅនានា និងអ្នកពាក់ព័ន្ធផ្សេងៗ ក្នុងការបង្កើនជីជាតិដីឱ្យការធ្វើកសិកម្មប្រកបដោយនិរន្តរភាពជាពិសេសកសិករខ្នាតតូច។ មជ្ឈមណ្ឌលស្រាវជ្រាវដើម្បី អភិវឌ្ឍកសិកម្មអភិរក្សកម្ពុជា(CARDEC) បានអភិវឌ្ឍផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (Roadmap) ក្រោមការជួយគាំទ្រពីមជ្ឈមណ្ឌលCIRAD និងអង្កការស្វីសខន់ថាក់ ដែលមានបំណងវិវឌ្ឍខ្លួនទៅជា មជ្ឍមណ្ឌលស្រាវជ្រាវនិងបណ្តុះបណ្តាល ថ្នាក់តំបន់លើកសិកម្មអភិរក្សនិងកសិអេកុឡូស៊ី។

ចេញ​ផ្សាយ​ ២៩ វិច្ឆិកា ២០២៤ 3521

សិក្ខាសាលាស្តីពីការបំពេញលក្ខខណ្ឌតម្រូវ សម្រាប់ការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដល់សហគមន៍កសិកម្ម តំណាងរោងម៉ាស៊ីនកិនស្រូវ ក្រុមអ្នកផលិត អជ្ញាធរភូមិ/ឃុំ និងមន្រ្តីកសិកម្មឃុំ

នៅថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម  សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ និងក្រុមហ៊ុនSignature of Asia បានរៀបចំសិក្ខាសាលាស្តីពីការបំពេញលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុបដល់សហគមន៍កសិកម្ម តំណាងរោងម៉ាស៊ីនកិនស្រូវ ក្រុមអ្នកផលិត អាជ្ញាធរភូមិ/ឃុំ និងមន្រ្តីកសិកម្មឃុំ ក្រោមអធិបតីភាពលោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៅតាមទីតាំង និងកាលបរិច្ឆេទដូចខាងក្រោម៖
- ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសហគមន៍កសិកម្មបុរីអភិវឌ្ឍន៍ ដែលមានអ្នកចូលរួមសរុបចំនួន ៣៥រូប
- រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាឃុំរហាល ដែលមានអ្នកចូលរួមសរុបចំនួន ៣៦រូប
- ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសហគមន៍កសិកម្មពោធិ៍រាំបុណ្យចម្រើនផល ដែលមានអ្នកចូលរួមសរុបចំនួន ៣២រូប
- រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាឃុំទ្រាស ដែលមានអ្នកចូលរួមសរុបចំនួន ២២រូប។
វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់នូវការយល់ដឹងបន្ថែមដល់សហគមន៍កសិកម្ម (ដំណាំស្រូវ) ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមកសិករផលិតស្រូវអំពី:
- ការគ្រប់គ្រង និងការប្រើប្រាស់ថ្នាំកសិកម្មស្របតាមបទដ្ឋានបច្ចេកទេសជាក់លាក់ ឱ្យចំគោលដៅនៃសមាសភាពចង្រៃ និងធានាបាននូវប្រសិទ្ធភាពនិងសុវត្ថិភាព
- លក្ខខណ្ឌតម្រូវសុវត្ថិភាពម្ហូបអាហារ និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់សហភាពអឺរ៉ុប។
ជាលទ្ធផល សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹង និងបទពិសោធន៍ក្នុងការការពាររុក្ខជាតិនិងភូតគាមអនាម័យ ដោយផ្ដោតលើការការពារសុខភាពរុក្ខជាតិ (Plant Health) និងកិច្ចសម្រួលពាណិជ្ជកម្មរុក្ខជាតិ ផលិតផលរុក្ខជាតិ និងទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យប្រកបដោយសុវត្ថិភាព។ ទន្ទឹមនឹងនេះ សិក្ខាកាមក៏ទទួលបាននូវចំណេះដឹងអំពីនីតិវិធីត្រួតពិនិត្យភូតគាមអនាម័យមុនពេលនាំចេញ និងការគ្រប់គ្រងសមាសភាពចង្រៃ (ជំងឺប្លាស ជំងឺរលាកស្រទបស្លឹក ជំងឺអុចត្នោត មមាចត្នោត ដង្កូវមូលស្លឹក ដង្កូវស៊ីរូងដើម ទ្រីប ខ្យងមាស) គោលការណ៍ណែនាំអំពីការប្រើប្រាស់ថ្នាំកសិកម្មលើដំណាំស្រូវ ជំងឺសំខាន់ៗលើដំណាំស្រូវនិងវិធានការកម្ចាត់ ការប្រើប្រាស់ថ្នាំកសិកម្មដើម្បីគ្រប់គ្រងស្មៅចង្រៃលើដំណាំស្រូវ និងបែបផែនសកម្មនៃថ្នាំកសិកម្មនៅលើស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម។

ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៤ 4263

ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណះសំណាលជាមួយមន្រ្ដីបច្ចេកទេស និងពិនិត្យវឌ្ឍនភាពការអនុវត្ដន៍គម្រោង Smart Farm

នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ប្រធានគណៈកម្មការតម្រង់ទិស (Project Steering Committee) នៃគម្រោងស្តីពី ការបង្កើតហេដ្ឋារចនាសម្ព័ន្ធកសិកម្មវៃឆ្លាតប្រកបដោយគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មនៅប្រទេសកម្ពុជា (Establishment of smart production infrastructure of high quality and safe agro products in Cambodia) អមដោយ លោក សាយ តុម អនុប្រធានស្តីទីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ ប្រធានសម្របសម្រួលគម្រោង បានចុះជួបសំណះសំណាលជាមួយមន្រ្ដីបច្ចេកទេសក្រសួងកសិកម្ម និងពិនិត្យវឌ្ឍនភាពការអនុវត្ដន៍គម្រោង Smart Farm សហការជាមួយ Official Development Assistance (ODA) និងគាំទ្រហិរញ្ញប្បទានដោយសាធារណរដ្ឋកូរ៉េ ស្ថិតនៅស្ថានីយពិសោធន៍ដំណាំហូបផ្លែនិងរុក្ខជាតិលម្អដីឥដ្ឋ ស្ថិតនៅភូមិពពាល ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

គោលបំណងសំខាន់ៗ ក្នុងជំនួបពិភាក្សា ដើម្បីពិនិត្យវាយតម្លៃលើសម្ថតភាពរបស់មន្រ្ដីដែលកំពុងបំរើការនៅមជ្ឈមណ្ឌល និងពិនិត្យវឌ្ឍនភាពការដាំដុះដំណាំ និងប្រសិទ្ធភាពនៃបច្ចេកទេសផ្ទះសំណាញ់លើប្រភេទដំណាំច្រើនប្រភេទ បញ្ចប់នៅខែវិច្ចិកា ឆ្នាំ២០២៤ ខាងមុននេះ ហើយនឹងប្រគល់ជូនមកក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម។

ឯកឧត្ដម បានផ្ដល់អនុសាន៍ណែនាំដល់ថ្នាក់ដឹកនាំនាយកដ្ឋាន ក៏ដូចជាមន្រ្ដីប្រចាំការដែលកំពុងបម្រើការ និងសហការជាមួយគម្រោង Smart Farm នេះ ត្រូវខិតខំទទួលយកចំណេះចំនាញពីអ្នកជំនាញកូរ៉េ មុនគម្រោងបញ្ចប់ ក្នុងនោះរួមមាន: ការដំណើរប្រព័ន្ធគាំទ្រផលិតកម្មក្នុងផ្ទះសំណាញ់ ការស្រូបយកធាតុចូលកសិកម្មក្នុងស្រុកជំនួសឲ្យធាតុចូលកសិកម្មនាំចូលពីបរទេស (ជី ថ្នាំ ពូជ....) និងការពង្រឹងសម្ថតភាពពង្រីកទីផ្សារកំពុងមានស្រាប់ដោយសហការជាមួយភាគីកូរ៉េ។

បន្ទាប់ពីជំនួប ឯកឧត្ដម និងក្រុមការងារ បានបន្ដចុះពិនិត្យស្ថានភាពផលិកម្មក្នុងផ្ទះសំណាញ់របស់គម្រោងដែលជាផ្ទះសំណាញ់មានភាពទំនើប ងាយស្រួល និងចំនេញពេលវេលាដូចទៅនឹងផ្ទះសំណាញ់នៅប្រទេសកូរ៉េ ប៉ុន្ដែនៅមិនទាន់ស្របតាមលក្ខខ័ណក្សេត្របរិស្ថាន និងសេដ្ឋកិច្ចសង្គមកម្ពុជា (កសិករ) នៅឡើយទេ ពិសេសថ្លៃដើមវិនិយោគខ្ពស់ ដែលត្រូវការថ្លៃដើមផលិតខ្ពស់ ដែលកសិករភាគច្រើន នៅមិនទាន់ទទួលយកបាននៅឡើយ។

វីដេអូប​ច្ចេក​ទេស
សៀវភៅប​ច្ចេក​ទេស
ក​ម្រងឯកសារសំខាន់ៗ
អង្គភាពក្រោមឱវាទ

ទូរស័ព្ទ៖ 023 888 427

ហ្វេសប៊ុក៖ អគ្គនាយកដ្ឋានកសិកម្ម / General Directorate of Agriculture

អាសយដ្ឋាន៖ លេខ ៥៤បេ/៤៩អេហ្វ ផ្លូវលេខ ៣៩៥-៦៥៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ