វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីប្រព័ន្ធគ្រប់គ្រងនិងបញ្ជាក់គុណភាពពូជដំណាំ (QDS)

ចេញ​ផ្សាយ​ ១៨ ធ្នូ ២០១៩ 177

នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមជាអធិបតីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីប្រព័ន្ធគ្រប់គ្រងនិងបញ្ជាក់គុណភាពពូជដំណាំ (QDS) នៅកម្ពុជា ដែលមានសិក្ខាកាមចូលរួមសរុបចំនួន៥៩នាក់ អញ្ជើញមកពីគម្រោង CAVAC, Rice-SDP, IRRI, JICA និងមន្ទីរកសិកម្មខេត្តចំនួន៨គឺ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ព្រៃវែង តាកែវ កំពង់ធំ និងខេត្តសៀមរាប។ ថ្លែងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះដែរ ឯកឧត្តមប្រតិភូ បានបញ្ជាក់ថានៅក្នុងវិស័យកសិកម្ម យើងតែងមានការយល់ច្រលំក្នុងការប្រើប្រាស់ពាក្យថាប្រភេទពូជ (Variety) និងពូជដំណាំ (Seed) ដូច្នេះសូមឱ្យមានការប្រើប្រាស់ពាក្យនេះឱ្យបានត្រឹមត្រូវចៀសវាងការភ័ន្តច្រឡំ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ប្រព័ន្ធ QDS ជាប្រព័ន្ធមួយថ្មីសម្រាប់កម្ពុជា ហើយសិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ នឹងក្លាយជាគ្រូនៅពេលខាងមុខ ដូច្នេះសិក្ខាកាមទាំងអស់ត្រូវខិតខំស្រូបយកចំណេះដឹងថ្មីមួយនេះ ដើម្បីយកទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ក្នុងគោលបំណងជំរុញការប្រើប្រាស់គ្រាប់ពូជសុទ្ធ មានគុណភាពល្អ៕