វេទិកាផ្គូរផ្គងអាជីវកម្មផលិតកម្មគ្រាប់ពូជស្រូវតាមរយៈ យន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា

ចេញ​ផ្សាយ​ ៣០ មិថុនា ២០២០ 4655

នៅថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអង្គភាពអនុវត្តន៍គម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF-NIO for Rice-SDP) បានរៀបចំវេទិកាផ្គូរផ្គងអាជីវកម្មផលិតកម្មគ្រាប់ពូជស្រូវតាមរយៈ យន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលវេទិកានេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ដល់៣០ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តកំពង់ធំ ក្រោមអធិបតីភាពរបស់ឯកឧត្តម គិត សេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជានាយកអង្គភាព MAFF-NIO លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ និងលោក ចាន់ សារឿន ប្រធានផ្នែកអនុវត្ត និងផែនការ នៃអង្គភាពអនុវត្តគម្រោង Rìce-SDP ថ្នាក់ខេត្តនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។
បន្ទាប់ពីមានមតិស្វាគមន៍និង របាយការណ៍ស្តីពីវឌ្ឍនភាព របស់គម្រោងថ្នាក់ខេត្ត ដោយលោក ចាន់ សារឿន បន្ទាប់មក លោកគង់ គា បានជម្រាបជូនគណៈអធិបតី និងសិក្ខាកាមអំពី ទិដ្ឋភាពទូទៅនៃអង្គវេទិកា និងជម្រាបជូនអំពីស្ថានភាពផលិតកម្មនិងការនាំចេញអង្ករក្នុងឆ្នាំ២០២០ ការយកចិត្តទុកដាក់និងកិច្ចខិតខំប្រឹងប្រែងរបស់ នាយកដ្ឋានដំណាំស្រូវ ជាពិសេសអគ្គនាយកដ្ឋានកសិកម្មក្នុងការជំរុញវិស័យពូជដំណាំនៅកម្ពុជានាពេលបច្ចុប្បន្ន និងទិសដៅទៅថ្ងៃអនាគត។ វេទិកានេះ មានសិក្ខាកាមចូលរួមសរុបចំនួន៥២នាក់ មកពីអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្ត សហគមន៍កសិកម្ម វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលនានាក្នុងខេត្ត អាជីវករលក់គ្រាប់ពូជស្រូវ ក្រុមហ៊ុននាំចេញ និងមន្ត្រីការិយាល័យកសិកម្មស្រុកក្នុងតំបន់គោលដៅរបស់គម្រោងទាំងអស់។ គោលបំណង សំខាន់នៃវេទិកា គឺទី១. ផ្ដល់ឱកាសដល់គ្រប់អ្នកពាក់ព័ន្ធបានស្វែងយល់អំពីលក្ខខណ្ឌតម្រូវក្នុងការអនុវត្តកសិកម្មតាមកិច្ចសន្យា ទី២. បង្កើនការយល់ដឹងអំពីដំណើរការចុះបញ្ជីប្រភេទពូជដំណាំ ការធ្វើអាជីវកម្មគ្រាប់ពូជការត្រួតពិនិត្យ និងបញ្ជាក់គុណភាពគ្រាប់ពូជស្រូវ ទី៣. បង្កើតជាបណ្តាញទំនាក់ទំនងរវាងអ្នកពាក់ព័ន្ធទាំងឡាយក្នុងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងឈានដល់ការធ្វើកិច្ចសន្យាជាមួយគ្នា។
នៅក្នុងពិធីបើកអង្គវេទិកា ឯកឧត្តម គិត សេង បានជម្រាបជូនសិក្ខាកាមអំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការផ្តួចផ្តើមគំនិតកសាងឯកសារគម្រោងក្នុងការទទួលថវិកាគាំទ្រពីរាជរដ្ឋាភិបាលនិងធនាគារអភិវឌ្ឍន៍អាស៊ី ADB សម្រាប់គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករ។ ឯកឧត្តមប្រធានក៏បានជម្រាបជូនអង្គវេទិកាទាក់ទងនឹងសារប្រយោជន៍នៃការប្រើប្រាស់គ្រាប់ពូជស្រូវគុណភាពល្អ ការធ្វើកិច្ចសន្យាកសិកម្ម និងការភ្ជាប់ទំនាក់ទំនងរវាងអ្នកពាក់ព័ន្ធនីមួយៗ ជាពិសេសយើងត្រូវ កសាងសហគមន៍កសិកម្មឲ្យរឹងមាំ ទើបអាចធ្វើជាដៃគូរកិច្ចសន្យាជាមួយអ្នកជំនួញ ឬរោងម៉ាសុីនកិនស្រូវបាន ។ បច្ចុប្បន្នក្រសួងកសិកម្ម ក៏បាននិងកំពុងជំរុញកសាងច្បាប់ស្ដីពីផលិតកម្មតាមកិច្ចសន្យា ដើម្បីជំរុញការធ្វើកិច្ចសន្យាកសិកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ឱ្យបញ្ចេញមតិ និងពិភាក្សាគ្នាឱ្យបានផុលផុស និងឈានដល់ការចុះកិច្ចសន្យាផលិតគ្រាប់ពូជស្រូវ និងផ្គត់ផ្គង់ស្រូវចំណីនាពេលអនាគត។