ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានទទួលជួបលោកបណ្ឌិត Yurdi តំណាង IRRI ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍

ចេញ​ផ្សាយ​ ១៨ កុម្ភៈ ២០២០ 3160

នាព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានទទួលជួបលោកបណ្ឌិត Yurdi តំណាង IRRI ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងជំនួបនេះ ឯកឧត្តមប្រតិភូបានកោតសរសើរចំពោះសមិទ្ធផលជាច្រើនដែលកើតចេញពីកិច្ចសហការយ៉ាងជិតស្និទរវាងអគ្គនាយកដ្ឋានកសិកម្ម និង IRRI។ បន្ថែមលើនេះ ឯកឧត្តមប្រតិភូបានបញ្ជាក់ថា អគ្គនាយកដ្ឋានកសិកម្មនៅតែត្រូវការការជួយគាំទ្រពី IRRIក្នុងការអភិវឌ្ឍវិស័យស្រូវនិងពិពិធកម្មដំណាំដែលមានស្រូវជាមូលដ្ឋាន ដោយសំណូមពរឱ្យ IRRI បន្តជួយលើការធ្វើពិពិធកម្មដំណាំ ការធ្វើទំនើបកម្មកសិកម្ម ការបង្កើតស្តង់ដាវាយតម្លៃប្រភេទស្រូវ ការធ្វើផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព ការកំណត់តំបន់ដាំដុះដំណាំស្រូវ និងការ សិក្សាទៅលើការផ្លាស់ប្តូរនៃការដាំដុះដំណាំស្រូវ។ ជាការឆ្លើយតប លោកបណ្ឌិត Yurdi បានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានកសិកម្ម ដែលបានគាំទ្រសកម្មភាពរបស់ IRRI នៅកម្ពុជា ហើយសន្យានឹងយករាល់ចំណុចដែលឯកឧត្តមប្រតិភូបានលើកឡើងទៅបញ្ចូលក្នុងផែនការយុទ្ធសាស្ត្រ៤ឆ្នាំរបស់ IRRI នៅកម្ពុជា។