ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋានជំនាញ បានទទួលជួបពិភាក្សាការងារជាមួយ Dr. Kim, Yong-hwan នាយកនៃមជ្ឈមណ្ឌល KOPIA ប្រចាំនៅកម្ពុជា (KOPIA Cambodia Center)

ចេញ​ផ្សាយ​ ១៨ មិថុនា ២០២០ 252

នៅអគ្គនាយកដ្ឋានកសិកម្ម នារសៀលថ្ងៃពុធ ១២ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋានជំនាញ បានទទួលជួបពិភាក្សាការងារជាមួយ Dr. Kim, Yong-hwan នាយកនៃមជ្ឈមណ្ឌល KOPIA ប្រចាំនៅកម្ពុជា (KOPIA Cambodia Center)។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាអំពីការរៀបចំគម្រោងស្នើសុំស្តីពី ផលិតកម្ម និងការផ្សព្វផ្សាយគ្រាប់ពូជពោតអ៊ីប្រ៊ីត (ពូជ CHM01) នៅប្រទេសកម្ពុជា ( Establishment of Hybrid Maize “Cambodian Hybrid Maize 01 - CHM01” Seed Production and Dissemination System in Cambodia)។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូ បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់ Dr. Kim, Yong-hwan ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការជួយឧបត្ថម្ភគាំទ្រ និងកិច្ចសហការដ៏ល្អរវាង KOPIA Cambodia Center ជាមួយនឹងអគ្គនាយកដ្ឋានកសិកម្ម ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសទៅលើអនុវិស័យដំណាំកសិកម្ម។ នៅក្នុងកិច្ចប្រជុំនេះ Dr. Kim, Yong-hwan បានបញ្ជាក់ថា គម្រោងខាងលើ គឺមានរយៈពេល០៣ឆ្នាំ ដោយត្រូវចាប់ផ្តើមនៅឆ្នាំ២០២១ និងផ្តោតលើសមាសភាគចំនួន០៣គឺ៖ ១). ការពិសោធន៍ស្រាវជ្រាវពូជពោតអ៊ីប្រ៊ីត (ពូជ CHM01) ២). ផលិតកម្មគ្រាប់ពូជពោតអ៊ីប្រ៊ីត និង ៣). ការផ្សព្វផ្សាយ និងពង្រីកផ្ទៃដីដាំដុះពូជពោតអ៊ីប្រ៊ីត។ ខេត្តដែលនឹងត្រូវជ្រើសរើសសម្រាប់អនុវត្តគម្រោងនេះ រួមមាន ខេត្តបាត់ដំបង ត្បូងឃ្មុំ និងកណ្តាល។ ដើម្បីឱ្យគម្រោងខាងលើអាចលេចចេញជារូបរាងបាន KOPIA Cambodia Center ត្រូវការការគាំទ្រ និងកិច្ចសហការពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានកសិកម្ម។ ទន្ទឹមនឹងនេះ Dr. Kim, Yong-hwan បានស្នើឱ្យអគ្គនាយកដ្ឋានកសិកម្ម ១). រៀបចំឯកសារស្នើសុំគម្រោងខាងលើ ដោយត្រូវបញ្ចប់ឱ្យបានយ៉ាងយូរនៅចុងខែកក្កដា ឆ្នាំ២០២០ នេះ ២). រៀបចំក្រុមការងារដែលមានការចូលរួមពីមន្ត្រីជំនាញ (ជំនាញបង្កាត់ពូជ និងផលិតកម្មគ្រាប់ពូជពោតអ៊ីប្រ៊ីត) និង ៣). ប៉ាន់ប្រមាណតម្រូវការ និងតម្លៃសម្ភារ/បរិក្ខារ/ឧបករណ៍ចាំបាច់ប្រើប្រាស់សម្រាប់អនុវត្តគម្រោងនេះ។ ជាការឆ្លើយតប ឯកឧត្តមប្រតិភូ បានទទួលយកសំណូមពរខាងលើ ព្រមទាំងបានស្នើឱ្យអង្គភាពជំនាញត្រូវពិភាក្សាយ៉ាងលម្អិតដើម្បីរៀបចំការងារនេះឱ្យបានល្អប្រសើរ។ ទោះបីជាយ៉ាងនេះក្តី ឯកឧត្តមប្រតិភូ បានស្នើឱ្យ KOPIA Cambodia Center តាមរយៈ Dr. Kim, Yong-hwan ជួយគាំទ្របន្ថែមដល់ការងារបង្កាត់គ្រាប់ពូជពោតអ៊ីប្រ៊ីតនេះដោយសារ នាពេលបច្ចុប្បន្ន កម្ពុជា ពុំទាន់មានអ្នកជំនាញផ្នែកបង្កាត់ពូជពោតនៅឡើយ។ ជាការឆ្លើយតប Dr. Kim, Yong-hwan បានទទួលយកសំណូមពរនេះ។