កិច្ចពិភាក្សារវាងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្មជាមួយមន្រ្តីនៃស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាលើផលិតកម្មដង្កូវនាង និងការផ្ទុះដង្កូវហ្វូង

ចេញ​ផ្សាយ​ ០៣ ធ្នូ ២០១៩ 5185

នៅព្រឹកថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បានទទួលជួបប្រតិភូក្រុមការងារ CATAS ដែលបានដឹកនាំដោយ Dr. Wang Xiangshe , First Secretary (Agriculture Attache) នៃស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា នៅអគ្គនាយកដ្ឋានកសិកម្ម។ កិច្ចពិភាក្សាខាងលើ បានផ្ដោតសំខាន់លើៈ
១.ការសិក្សាស្រាវជ្រាវផលិតកម្មដង្កូវនាង
២. ការផ្ទុះដង្កូវហ្វូង (Fall army warm)
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមប្រតិភូ បានគូរបញ្ជាក់ជូនប្រតិភូក្រុមការងារ CATAS ថា ប្រទេសកម្ពុជា ដោយបានសហការជាមួយ KOPIA នៃប្រទេសកូរ៉េ បានធ្វើការសិក្សាស្រាវជ្រាវ ដោយដាំពិសោធន៍សាកល្បង និងចិញ្ជឹមដង្កូវនាងនៅស្ថានីយបន្ទាយដែក។ នៅមន្ទីរពិសោធន៍ជាតិកសិកម្ម គម្រោងបានធ្វើការបង្កាត់ពូជដង្កូវថ្មីមួយប្រភេទគឺ CK174 ហើយសព្វថ្ងៃនេះ កំពុងចិញ្ចឹមសាកល្បង តាមរយៈពេលផ្ដល់ជូនកសិករនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ពាក់ព័ន្ធការផ្ទុះឡើងដង្កូវហ្វូង ក្នុងប្រទេសកម្ពុជា បានបំផ្លាញដំណាំប្រមាណជាង ១០០ ០០០ហិកតា ដែលដំណាំរងផលប៉ះពាលខ្លាំងគឺដំណាំពោត។ តែដោយសំណាងល្អ កាវាយប្រហាររបស់ដង្កូវហ្វូងខាងលើតែក្នុងរយៈពេលខ្លី ហើយដោយការអន្តរគមន៍ទាន់ពេលវេលារបស់អង្គភាពជំនាញ ស្ថានភាពត្រូវបានគ្រប់គ្រងបាន តាមរយៈការប្រើប្រាស់វិធាននានាដូចជា ប្រើអន្ទាក់ភ្លើង និងអន្ទាក់ហ្វេរ៉ាមូន រួចបាញ់សម្លាប់ដោយថ្នាំពុលកសិកម្ម។
ជាចុងក្រោយឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណក្រុមការងារ CATAS ដែលបានទស្សនកិច្ចអគ្គនាយកដ្ឋានកសិម្ម និងសម្ដែងកិច្ចសហការស្រាវជ្រាវលើការចិញ្ចឹមដង្កូវនាង និងវិធានការគ្រប់គ្រងកត្តាចង្រៃលើដំណាំ ក៏ដូចជាឆ្លើយតបនឹងការអញ្ជើញរបស់ក្រុមការងារ CATAS សម្រាប់ប្រតិភូកម្ពុជាទៅទស្សនកិច្ចប្រទេសចិនពាក់ព័ន្ធការងារខាងលើ។