កិច្ចពិភាក្សារវាងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្មជាមួយតំណាងមកពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC)

ចេញ​ផ្សាយ​ ១២ មីនា ២០២០ 34

នាព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំនាយកដ្ឋានពូជដំណាំ និងសហការី បានទទួលជួបលោក Edo Lin ស្ថិតក្នុងតួនាទីជា Milling and Export Manager នៃកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC)។ កិច្ចប្រជុំខាងលើត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីលទ្ធភាពរបស់ CAVAC ក្នុងការជួយឧបត្ថម្ភគាំទ្រដល់នាយកដ្ឋានពូជដំណាំ ដែលជានាយកដ្ឋានមួយទើបតែបង្កើតថ្មីរបស់អគ្គនាយកដ្ឋានកសិកម្ម។ នៅក្នុងជំនួបនោះ ឯកឧត្តមប្រតិភូ បានបញ្ជាក់ជូនតំណាង CAVAC អំពីតួនាទី និងការទទួលខុសត្រូវរបស់នាយកដ្ឋានពូជដំណាំ ដោយក្នុងនោះ មានការងារមួយចំនួនធ្លាប់នៅក្រោមការទទួលខុសត្រូវរបស់នាយកដ្ឋានដំណាំស្រូវ នាយកដ្ឋានដំណាំឧស្សាហកម្ម និងនាយកដ្ឋានសាកវប្បកម្មនិងដំណាំរួមផ្សំ។ នៅក្នុងកិច្ច ប្រជុំនេះ តាមការបញ្ជាក់របស់លោក Edo Lin កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC) នឹងជួយផ្តល់ថវិកាដើម្បីរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីរបស់នាយកដ្ឋានពូជដំណាំលើការងារវិញ្ញាបនកម្មគ្រាប់ពូជ (Seed Certification) ប៉ុន្តែអគ្គនាយកដ្ឋានកសិកម្មត្រូវរៀបចំឯកសារទស្សនទាន និងគម្រោងស្នើសុំថវិកា ហើយត្រូវផ្ញើទៅ CAVAC ជាមុនសិន។ ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តមប្រតិភូ បានសុំឱ្យ CAVAC ជួយឧបត្ថម្ភថវិកាលើការរៀបចំសិក្ខាសាលាស្តីពី ប្រព័ន្ធស្វ័យប្រកាសគុណភាពគ្រាប់ពូជដំណាំ (Quality Declared Seed System) ដោយមានការចូលរួមពីនាយកដ្ឋានពូជដំណាំ កសិករ សហគមន៍កសិកម្ម អាជីវករលក់ដូរគ្រាប់ពូជ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងនាយកដ្ឋាននីតិកម្មកសិកម្ម។ បន្ថែមពីនេះ ឯកឧត្តមប្រតិភូ បានសុំឱ្យ CAVAC ជួយឧបត្ថម្ភជាថវិកា ក្នុងការរៀបចំ Data Base សម្រាប់រក្សាទុកទិន្នន័យពូជដំណាំថ្មីដែលបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) មកដល់អគ្គនាយកដ្ឋានកសិកម្ម ដើម្បីបញ្ចូលពូជដំណាំទាំងនេះទៅក្នុងបញ្ជីពូជដំណាំជាតិ និងបានស្នើសុំការជួយជ្រោមជ្រែងពី CAVAC ក្នុងការរៀបចំ Seed Catalogue។ ជាការឆ្លើយតប តំណាង CAVAC ទទួលយកសំណើដែលបានលើកឡើងខាងលើ និងបានស្នើឱ្យអគ្គនាយកដ្ឋានកសិកម្ម ជាពិសេស នាយកដ្ឋានពូជដំណាំ រៀបចំឯកសារទស្សនទាន និងគម្រោងស្នើសុំថវិកា រួចផ្ញើមក CAVAC ដើម្បីពិនិត្យលទ្ធភាពជួយឧបត្ថម្ភគាំទ្រដល់ការងារនេះ។