ឯកឧត្តម បណ្ឌិត ងិន ឆាយ ចុះពិនិត្យមើលការងារកសាងហេដ្ឋារចនាសម្ព័ន្ធ និងពិនិត្យការស្តុកទុកដាក់គ្រាប់ពូជស្រូវនៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា

ចេញ​ផ្សាយ​ ១៨ ឧសភា ២០២០ 3286

នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានដំណាំស្រូវ បានចុះពិនិត្យមើលការងារកសាងហេដ្ឋារចនាសម្ព័ន្ធ និងពិនិត្យការស្តុកទុកដាក់គ្រាប់ពូជស្រូវនៃប្រព័ន្ធស្បៀងបម្រុងកម្ពុជានៅក្នុងស្ថានីយពិសោធន៍កសិកម្មព្រៃផ្តៅ។ នៅពេលចុះត្រួតពិនិត្យនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលបានផ្តល់អនុសាសន៍ណែនាំឱ្យស្ថានីយត្រូវរៀបចំកៀរពង្រាបដីស្រែឱ្យបានរាបស្មើល្អ ដោយសហការជាមួយនាយកដ្ឋានវិស្វកម្មកសិកម្ម ហើយត្រូវដាំដុះធ្វើបង្ហាញបច្ចេកទេសផលិតកម្មគ្រាប់ពូជ និងផលិតកម្មស្រូវចំណី សម្រាប់ផ្សព្វផ្សាយនិងផ្ទេរបច្ចេកទេសថ្មីៗដល់កសិករក្នុងតំបន់។ ចំពោះ ការស្តុកគ្រាប់ពូជស្រូវ ឯកឧត្តមបានស្នើឱ្យខាងស្ថានីយថែទាំ ឱ្យបានល្អសម្រាប់ទុកចែកជូនកសិករដែលងាយរងគ្រោះ ដើម្បីដាំដុះស្តារឡើងវិញនៅពេលជួបប្រទះនឹងគ្រោះធម្មជាតិនានា។ បន្ទាប់មក ឯកឧត្តមប្រតិភូ និងក្រុមការងារ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្តចុះពិនិត្យផលិតកម្មស្រូវដើមរដូវវស្សានៅក្នុងភូមិខ្ទុំក្រាំង សង្កាត់ច្បារមន ក្រុងច្បារមន និងការដាំដុះដំណាំបន្លែសុវត្ថភាព នៅក្នុងភូមិកាហែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នៅពេលជួបជាមួយកសិករ ដាំដុះស្រូវ ឯកឧត្តមប្រតិភូបានជម្រាបជូនអំពីស្ថានភាពតម្រូវការ និងតម្លៃអង្ករនៅទីផ្សារក្នុងស្រុកនិងអន្តរជាតិកំពុងមានការកើនឡើង ខណៈពេលដែលជំងឺកូវីត១៩ កំពុងរីករាលដាលលើពិភពលោក។ ចំពោះកសិករដាំដុះដំណាំបន្លែ ឯកឧត្តម បានមានប្រសាសន៍កោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាមក្នុងការផលិតដំណាំបន្លែសុវត្ថិភាពសម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់ក្នុងស្រុក និងអាចរកប្រាក់ចំណូលបន្ឲថែមសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងបានផ្តល់នូវអនុសាសន៍ណែនាំឱ្យកសិករជ្រើសរើសពូជមានគុណភាពល្អមកប្រើប្រាស់ ខិតខំសន្សំជីធម្មជាតិ និងទំនាក់ទំនងជាមួយអ្នកប្រមូលទិញដែលអាចចុះកិច្ចសន្យាទិញក្នុងតម្លៃខ្ពស់សមរម្យ ។