ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោក Deepak Bhatia ទីប្រឹក្សាជាន់ខ្ពស់ផ្នែកកសិកម្មឌីជីថល នៃអង្គការស្បៀង និងកសិកម្ម (FAO) នៃសហប្រជាជាតិប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ

ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០១៩ 117

កាលពីព្រឹកថ្ងៃចន្ទ ៧ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំនៃនាយកដ្ឋានជំនាញ បានទទួលជួបពិភាក្សាការងារជាមួយលោក Deepak Bhatia ទីប្រឹក្សាជាន់ខ្ពស់ ផ្នែកកសិកម្មឌីជីថល នៃអង្គការស្បៀង និងកសិកម្ម (FAO) នៃសហប្រជាជាតិប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ។ គោលបំណងនៃជំនួបពិភាក្សានេះគឺដើម្បី៖ ១). ស្វែងយល់អំពីស្ថានភាពបច្ចុប្បន្នរបស់ប្រទេសកម្ពុជាពាក់ព័ន្ធនឹងតម្រូវការនវានុវត្តន៍ឌីជីថល ចំណុចអាទិភាព និងការប្រើប្រាស់ចំណុចទាំងនេះសម្រាប់គាំទ្រដល់វិស័យកសិកម្ម និងធនធាន ធម្មជាតិ និង២). កំណត់ជម្រើសនានា / វិធីសាស្រ្តផ្សេងៗដើម្បីអង្គការ FAO អាចផ្តល់ការគាំទ្រផ្នែកបចេ្ចកទេសលើនវានុវត្តន៍ឌីជីថលក្នុងវិស័យកសិកម្ម នៃប្រទេសកម្ពុជា។ បន្ថែមពីនេះ គោលបំណងសំខាន់នៃកិច្ចពិភាក្សាខាងលើគឺផ្តោតចំពោះបញ្ហាប្រឈមក្នុងវិស័យកសិកម្មដែលប្រទេសកម្ពុជាបាននិងកំពុងជួបប្រទះ តម្រូវការជំនួយ/កិច្ចសហប្រតិបត្តិការ នានា និងជម្រើសផ្សេងៗដែលអង្គការ FAO អាចជួយដល់ប្រទេសកម្ពុជាបាន។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមប្រតិភូបានលើកឡើងអំពីស្ថានភាព ក៏ដូចជាបញ្ហាចោទជាអាទិភាព ក្នុងអនុវិស័យដំណាំ រួមមាន៖ ១). ការអភិវឌ្ឍពូជដំណាំ (ជាពិសេសពូជដំណាំឧស្សាហកម្ម និងបន្លែ) នៅមិនទាន់មានលក្ខណៈទំនើប ២). ពូជដែលផលិតបានពុំមានការបញ្ជាក់គុណភាពឱ្យបានត្រឹមត្រូវ ៣). ផលិតភាពផលិតកម្មនៅមានកម្រិតទាបដោយសារពុំមានការបង្កើនគុណភាព/ជីជាតិដី ៤). កម្ពុជានៅពុំទាន់អាចកំណត់តំបន់ដាំដុះដំណាំកសិកម្ម ដោយផ្អែកលើប្រព័ន្ធក្សេត្របរិស្ថាន និងការធ្វើចំណាត់ថ្នាក់ប្រភេទដីកសិកម្មនៅឡើយ ៥). ការគ្រប់គ្រងសមាសភាពចង្រៃនៅមិនទាន់អាចធ្វើទៅបាន ជាពិសេសនៅពេលដែលមានការផ្ទុះឡើងនូវជំងឺរាតត្បាតនិងការបំផ្លាញពីសត្វល្អិតចង្រៃ ៦). មិនមានខ្សែច្រវាក់ផលិតកម្ម និងកែច្នៃផលិតផលផ្លែឈើស្រស់និងបន្លែឱ្យបានគ្រប់គ្រាន់ និង ៧). បច្ចេកវិទ្យាក្រោយ ពេលប្រមូលផលកសិផលនៅតែជាបញ្ហាប្រឈម ខណៈដែលទីផ្សារផលិតផលនៅតែជាកង្វល់ ជាពិសេសនៅរដូវប្រមូលផល។ ទោះបីជាបញ្ហាទាំងនេះបាន និងកំពុងកើតមានក្នុងវិស័យកសិកម្មកម្ពុជាយ៉ាងណាក្តី ឯកឧត្តមប្រតិភូបានបង្ហាញអំពីសុឆន្ទៈក្នុងការអភិវឌ្ឍវិស័យនេះ ជាក់ស្តែង នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជា បានចាប់ផ្តើមការងារមួយចំនួនពាក់ព័ន្ធ នឹងការធ្វើវិញ្ញាបនកម្មអេឡិចត្រូនិចលើអនាម័យនិងភូតគាមអនាម័យចំពោះផលិតផលកសិកម្មនាំចេញ (E-Certification on Sanitary and Phyto-sanitary) និងការកំណត់រូបភាពពីលើលំហរអាកាស។ បន្ថែមពីនេះ ឯកឧត្តមប្រតិភូបានលើកទឹកចិត្តដល់អង្គការ FAO ក្នុងការពិភាក្សាលម្អិតជាមួយ នឹងថ្នាក់ដឹកនាំនៃនាយកដ្ឋានជំនាញអំពីបញ្ហាប្រឈមអាទិភាព ការរិះរកដំណោះស្រាយ និងការគិតគូរដោយប្រុងប្រយ័ត្នខ្ពស់មុនពេលធ្វើការណែនាំអំពីបច្ចេកវិទ្យាណាមួយទៅដល់កសិករ ហើយត្រូវធានាឱ្យបាននូវតុល្យភាពក្សេត្របរិស្ថាន។