វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តន៍កសិកម្មល្អ (CamGAP) និងនីតិវិធីផ្តល់វិញ្ញាបនប័ត្រលើដំណាំមៀនប៉ៃលិន

ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២០ 21

ថ្ងៃពុធ-សុក្រ ៤-៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២-១៤ខែកុម្ភៈ ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តន៍កសិកម្មល្អ (CamGAP) និងនីតិវិធីផ្តល់វិញ្ញាបនប័ត្រលើដំណាំមៀនប៉ៃលិននៅសហគមន៍គមន៍កសិកម្មពន្លឺថ្មីពេជ្រចន្តា ឃុំពេជចិន្តា ស្រុកភ្នំព្រឹករយ:ពេលចំនួន០៣ថ្ងៃ ដល់សិក្ខាកាមចូលរួមសរុបចំនួន១៥២នាក់ ក្នុងនោះស្រ្តី២៥នាក់។ វគ្គបណ្តុះបណ្តាលខាងលើនេះ ត្រូវបានប្រារព្វឡើង ក្រោមអធិបតីភាព លោកស្រី មួន គីរី អភិបាលរងស្រុកភ្នំព្រឹក ក្រោមកិច្ចសហការរវាងនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងឧបត្ថម្ភថវិកាដោយគម្រោង Harvest 2 ដែលសម្របសម្រួលដោយ លោក លន់ វន្នី អនុប្រធានការិយាល័យលើកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម លោក សូវ ស៊ីណេន មន្ត្រីការិយាល័យលើកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម លោក ក តុងសេង ប្រធានប្រចាំបាត់ដំបង និងជាអ្នកសម្របសម្រួលទីផ្សារ និងជាតំណាងរបស់គម្រោង Harvest 2។ គោលបំណងនៃវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តន៍កសិកម្មល្អ (CamGAP) និងនីតិវិធីផ្តល់វិញ្ញាបនប័ត្រលើដំណាំមៀនប៉ៃលិនគឺ (១) សិក្ខាកាមអាចទទួលបានចំណេះដឹងពីការអនុវត្តកសិកម្មល្អរបស់កម្ពុជា និងអាស៊ាន រួមមាន បច្ចេកទេសដំាដុះ ការលាងសម្អាត ការវេចខ្ចប់ និងដឹកជញ្ជូន។ល។ (២) សិក្ខាកាមអាចកំណត់ និងវាយតម្លៃពីសក្កដានុពលនៃគ្រោះថ្នាក់សុវត្ថិភាពចំណីអាហារ គុណភាពផលិតផល  ការគ្រប់គ្រងបរិស្ថាន សុខសុវត្ថិភាព  និងសុខមាលភាពកម្មករ ដែលបណ្តាលមកពីប្រភពដែលបង្កគ្រោះថ្នាក់ផ្សេងៗចំពោះអ្នកប្រើប្រាស់ គឺធ្វើយ៉ាងណាដើម្បីធានាគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគ និង(៣) សិក្ខាកាមអាចយកចំណេះដឹងទៅអនុវត្តផ្ទាល់នៅចម្ការមៀនរបស់ពួកគាត់ និងចែករំលែកចំណេះដឹងទាំងនេះទៅកសិករដ៏ទៃទៀត ដែលធ្វើយ៉ាងណាឱ្យផលិតផលមៀនប៉ៃលិន បន្លែ និងផ្លែឈើស្រស់នាំចេញពីចម្ការធានាបាននូវគុណភាព និងសុវត្ថិភាព ជាពិសេសមានការប្រកួតប្រជែងជាមួយបណ្តាប្រទេសទាំងនៅក្នុងតំបន់។