ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយថ្នាក់ដឹកនាំនៃនាយកដ្ឋានជំនាញ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Yurdi Yasmi តំណាងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI) ប្រចាំតំបន់អាស៊ីអាគ្នេយ៍

ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២០ 25

នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយថ្នាក់ដឹកនាំនៃនាយកដ្ឋានជំនាញ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Yurdi Yasmi តំណាងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI) ប្រចាំតំបន់អាស៊ីអាគ្នេយ៍។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកបណ្ឌិត Yurdi Yasmi ក៏ដូចជា IRRI តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសកម្ពុជា។ ឯកឧត្តមបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដែល IRRI ជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ការងារសិក្សាស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយផ្សេងៗដែលពាក់ព័ន្ធ នឹងវិស័យកសិកម្ម ជាពិសេសលើអនុវិស័យដំណាំកសិកម្ម។

លោកបណ្ឌិត Yurdi Yasmi ជំនួសមុខឱ្យលោកប្រធាន IRRI បានថ្លែងអំណរគុណជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការចំពោះ ការគាំទ្រយ៉ាងពេញទំហឹងមកលើវត្តមាន ក៏ដូចជាសកម្មភាពរបស់ IRRI នៅប្រទេសកម្ពុជា។ លោកបានបញ្ជាក់ផងដែរថា ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០-២០២៣ ក្រោមកិច្ច សហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយ IRRI បានចុះហត្ថលេខាអនុម័តតាំងពី ខែឧសភា កន្លងមក ប៉ុន្តែសកម្មភាពនៅពុំទាន់បានចាប់ផ្តើមអនុវត្តនៅឡើយដោយសារបញ្ហាជំងឺ កូវីដ-១៩។

ឯកឧត្តមប្រតិភូបានអបអរសាទរចំពោះ IRRI ដែលបានឈានដល់ការចុះហត្ថលេខាសម្រាប់ អនុវត្តផែនការសកម្មភាពរយៈពេល៤ឆ្នាំ (២០២០-២០២៣) ជាបន្តទៀតនៅកម្ពុជា ហើយ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា វិស័យកសិកម្មនឹងកាន់តែរីក ចម្រើនជាលំដាប់។ ចំពោះមុខ អគ្គនាយកដ្ឋានកសិកម្ម ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយ IRRI ដើម្បី៖ ១). ជ្រើសរើសប្រភេទពូជស្រូវដែលជាតម្រូវការទីផ្សារ និងផ្តល់ទិន្នផលខ្ពស់ ២). ធានាថាដំណាំស្រូវត្រូវបានដាំដុះប្រកបដោយនិរន្តរភាព និងសុវត្ថិភាព (កម្រិត MRL ទាប) ៣). រៀបចំ និងកែលម្អយន្តូបនីយកម្មកសិកម្ម បង្កើតឧបករណ៍/ម៉ាស៊ីនដាំដុះនិងប្រមូលផលស្រូវ ដើម្បីកាត់បន្ថយការបាត់បង់ផលស្រូវក្រោយពេលប្រមូលផល និង ៤). បង្កើតប្រព័ន្ធដាំដុះ និងផ្លាស់ប្តូរប្រភេទមុខដំណាំផ្សេងទៀតក្រៅពីស្រូវដែលអាចផ្តល់ប្រាក់ចំណូលខ្ពស់ រួមមាន៖ ពោត សណ្តែកបាយ ដំឡូងមី សណ្តែកសៀង និងដំណាំបន្លែ។ល៕