កិច្ចពិភាក្សារការងារវាងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្ម និងអ្នកជំនាញការផ្នែកខ្សែច្រវាក់តម្លៃផលិតផលកសិកម្មរបស់ JICA

ចេញ​ផ្សាយ​ ៣១ មករា ២០២១ 47

កាលពីព្រឹកថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយថ្នាក់ដឹកនាំនៃនាយកដ្ឋានជំនាញ និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក Hiroshi Kodama អ្នកជំនាញការផ្នែកខ្សែច្រវាក់តម្លៃផលិតផលកសិកម្មរបស់ JICA និងជាទីប្រឹក្សាបច្ចេកទេសនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូបានសំដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់លោក Hiroshi Kodama នៅប្រទេសកម្ពុជា និងបានអនុញ្ញាតឱ្យលោកបង្ហាញអំពីការងារដែលនឹងត្រូវរៀបចំ និងជួយលើផ្នែកសំខាន់មួយចំនួនក្នុងអនុវិស័យដំណាំកសិកម្ម។ ក្នុងឱកាសនោះ លោក Hiroshi Kodama បានជម្រាបជូនឯកឧត្តមប្រតិភូដោយសង្ខេបអំពីតួនាទី និងភារកិច្ច (ToR) ដែលត្រូវជួយដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមជាទីប្រឹក្សាផ្នែកខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ដោយភាគច្រើនគឺផ្តោតទៅលើការងាររបស់នាយកដ្ឋានកសិ-ឧស្សាហកម្ម។ ក្រៅពីនេះ មានការងារពាក់ព័ន្ធមួយចំនួនដែលលោកអាចជួយដល់អគ្គនាយកដ្ឋានកសិកម្ម រួមមាន៖
១. ការអនុវត្តស្តង់ដា Cam-GAP លើផលិតផលកសិកម្ម៖ ការបង្ហាញឱ្យស្គាល់អំពីលក្ខណៈដាច់ដោយឡែកនៃការអនុវត្តស្តង់ដារ J-GAP ។ ក្នុងការអនុវត្តស្តង់ដារនេះ ការធ្វើវិញ្ញាបនកម្មផលិតផលកសិកម្មត្រូវបានបែងចែកជាពីរគឺ JGAP (JGAP basic) សម្រាប់ទីផ្សារក្នុងស្រុក និង ASIAGAP (JGAP advanced) សម្រាប់ទីផ្សារបរទេស
២). ការផ្តល់វិញ្ញាបនកម្មនៃផលិតផលកសិកម្មសរីរាង្គ និង ៣). ការជំរុញឱ្យមានប្រព័ន្ធសហគមន៍កសិកម្មតាមរយៈការចុះត្រួតពិនិត្យ និងតាមដានសកម្មភាពគម្រោងឧបត្ថម្ភដោយ JICA ស្តីពីការបង្កើតគំរូសហគមន៍កសិកម្មដែលផ្តោតទៅលើមុខជំនាញ។
ឯកឧត្តមប្រតិភូបានបង្ហាញចំណាប់អារម្មណ៍ចំពោះការបកស្រាយខាងលើ និងបានសំណូមពរឱ្យលោក Hiroshi Kodama ចំណាយពេលវេលាដើម្បីជួយដល់អគ្គនាយកដ្ឋានកសិកម្ម លើការងារពាក់ព័ន្ធខាងលើ ព្រមទាំងស្នើឱ្យលោក Hiroshi Kodama រៀបចំផែនការសកម្មភាពច្បាស់លាស់មួយដោយផ្តោតទៅលើការងារដែលគាត់អាចជួយអគ្គនាយកដ្ឋានកសិកម្ម បាន។ បន្ថែមពីនេះ ឯកឧត្តមប្រតិភូបានលើកឡើងថា ការងារបណ្តុះបណ្តាលកសិករអំពីការអនុវត្តនីតិវិធីផ្តល់វិញ្ញាបនកម្មលើផលិតផលកសិកម្ម គឺជាការលំបាកដោយសារសមត្ថភាពនៃការទទួលយកបច្ចេកទេសរបស់កសិករនៅមានកំណត់នៅឡើយ និងជាជំហានមួយដែលត្រូវអនុវត្តបន្ទាប់ ដូចនេះនៅចំពោះមុខ ការងារដែលចាំបាច់គឺការបណ្តុះបណ្តាលមន្ត្រីដែលអនុវត្តការងារនេះជាមុនសិន ពោលគឺមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលជាអនុវត្តការងារនេះដោយផ្ទាល់នៅមូលដ្ឋាន។ ទស្សនវិស័យនាពេលអនាគត ចំណេះដឹងទាំងនេះនឹងត្រូវផ្ទេរបន្តទៅដល់កសិករបន្តិចម្តងៗ។ ជាចុងបញ្ចប់ ឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណចំពោះលោក Hiroshi Kodama ដែលនឹងចំណាយពេលវេលាមកជួយអគ្គនាយកដ្ឋានកសិកម្ម និងបានបញ្ជាក់អំពីការផ្តល់កិច្ចសហការ និងគាំទ្រដល់សកម្មភាពល្អនានាដើម្បីឱ្យការបំពេញការងាររបស់លោកទទួលបានជោគជ័យ។