ក្រុមការងារបចេ្ចកទេសរបស់អគ្គនាយកដ្ឋានកសិកម្ម បានចុះពិនិត្យស្ថានភាពជម្ងឺម៉ូសាអ៊ិកដំណាំដំឡូងមី ក្នុងស្រុកចំនួន៣ នៅខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ២០ មិថុនា ២០១៩

ក្រុមការងារបចេ្ចកទេសរបស់ការិយាល័យការពារដំណាំ នៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ សហការជាមួយមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានចុះពិនិត្យស្ថានភាពជម្ងឺម៉ូសាអ៊ិកដំណាំដំឡូងមី ក្នុងស្រុកចំនួន ៣ នៃខេត្តបន្ទាយមានជ័យ រួមមាន៖

១ . ស្រុកភ្នំស្រុក មានផលប៉ះពាល់ដោយជម្ងឺម៉ូសាអីក និងអំបោសធ្មប់ ចំនួន ៥០០០ហិកតា នៃផ្ទីដីអនុវត្តបានចំនួន ១៥៩៥០ហិកតា ។ កសិករបានប្រើប្រាស់ពូជ ក្រមុំយួន និងពូជដោះជំពាក់ ដែលពូជទាំងនោះត្រូវបាននាំចូលមកតាមច្រកដូង(ព្រំដែនកម្ពុជា វៀតណាម)

២ . ស្រុកថ្មពួក មានផលប៉ះពាល់ដោយជម្ងឺម៉ូសាអីក ចំនួន ១០ហិកតា នៃផ្ទីដីអនុវត្តបានចំនួន ១៨៨៨៧ហិកតា ។ កសិករបានប្រើប្រាស់ពូជ ៨១ រ៉ាក់យ៉ង៧ ខេយូ៥០ ដែលពូជទាំងនោះត្រូវបាននាំចូលមកតាមច្រកបឹងត្រកួន និងច្រកល្បៀង(ព្រំដែនកម្ពុជា _ថៃ)

៣ . ស្រុកស្វាយចេក មានផលប៉ះពាល់ដោយជម្ងឺម៉ូសាអីក ចំនួន ៨ហិកតា នៃផ្ទីដីអនុវត្តបានចំនួន ២៣៧៤០ហិកតា ។ កសិករបានប្រើប្រាស់ពូជ រ៉ាក់យ៉ង៩ រ៉ាក់យ៉ង៧ ខេយូ៥០ ហ៊ុយប៊ុង៦០ ដែលពូជទាំងនោះត្រូវបាននាំចូលមកតាមច្រកបឹងត្រកួន និងច្រកល្បៀង(ព្រំដែនកម្ពុជា _ថៃ)។

តាមការសន្និដ្ឋានយើងសង្កេតឃើញថាពូជដែលនាំចូលមកពីប្រទេសវៀតណាមមានអត្រាបំផ្លាញដោយជម្ងឺម៉ូសាអីក ស្ទើរតែទាំងស្រុង។
តាមរយៈប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម ព្រមទាំងថ្នាក់ដឹកនាំការិយាល័យកសិកម្មស្រុកទាំង៣ ក្រុមការងារបច្ចេកទេសបានផ្តល់អនុសាសន៍ អំពីវិធានការគ្រប់គ្រងលើជម្ងឺ ម៉ូសាអីក ដែលបណ្តាលមកពីរុយសដូចខាងក្រោម៖
- ពិនិត្យលើពូជដំឡូងមីដែលនាំចូល និងការចល័តពូជដែលមានជម្ងឺទៅដាំកន្លែងផ្សេងទៀត
- ជ្រើសរើសពូជដែលមិនមានជម្ងឺម៉ូសាអីកមកដាំ
- ចុះពិនិត្យចម្ការដំឡូងមីជាប្រចាំ បើសិនឃើញរោគសញ្ញាជម្ងឺនេះត្រូវដកយកដើមដែលមានជម្ងឺទៅដុតចោល និងចាត់វិធានការកម្ចាត់រុយសដែលជាភ្នាក់ងារបង្ករជម្ងឺ
- ត្រូវសម្អាតស្មៅអោយបានស្អាត និងរៀបចំដីអោយល្អមុនពេលដាំ
- ត្រូវប្រើប្រាស់ជីអោយសមស្របតាម បច្ចេកទេស
- ក្រោយពេលប្រមូលផល ត្រូវសម្អាតកាកសំណល់ដំឡូង និងស្មៅចង្រៃយកទៅដុតចោល ហាលដីមួយរយៈពេលខ្លី ដើម្បីកាត់បន្ថយការចម្លងវីរុសសម្រាប់ការដាំដុះនៅរដូវក្រោយ
- ក្នុងករណីមានការបំផ្លាញធ្ងន់ធ្ងរពីជម្ងឺម៉ូសាអីក ត្រូវផ្លាស់ប្តូរមុខដំណាំដោយធ្វើការដាំដុះដំណាំផ្សេងទៀត ដូចជាពោត សណ្តែកសៀង នៅរដូវបន្ទាប់ដើម្បីកាត់ផ្តាច់ជម្ងឺនេះ។