ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ជួបពិភាក្សាការងារជាមួយភ្ញៀវ JICA

ចេញ​ផ្សាយ​ ០៥ ធ្នូ ២០១៨ 3297

នាព្រឹកថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយនឹងសហការីនៃនាយកដ្ឋានជំនាញ បានទទូលជួបភ្ញៀវតំណាង JICA ដើម្បីពិភាក្សាការងារស្ដីពី គម្រោង Development and Dissemination of Sustainable Production Systems based on Invasive Pest Management of Cassava in Cambodia, Vietnam and Thailand។ តាមរយៈក្រុមការងារ គម្រោងខាងលើ ផ្ដោតសំខាន់ទៅលើផលិតកម្មដំណាំដំឡូងមី នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដោយសហការជាមួយនឹង សាកលវិទ្យាល័យបាត់ដំបង និងបានជ្រើសរើសប្រភេទពូជដំណាំដំឡូងមីមួយចំនួនដែលមានសុខភាពល្អ ដូចជា៖ Rayong 7 និង Rayong 9។ ឯកឧត្តមប្រតិភូបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមការងារដែលបានអនុវត្តគម្រោងខាងលើ និងបានស្វែងរកកិច្ច សហការបន្ថែមជាមួយនឹងនាយកដ្ឋានជំនាញក្រោមឱវាទអគ្គនាយកដ្ឋានកសិកម្ម។ នៅក្នុងជំនួបនេះផងដែរ ឯកឧត្តមប្រតិភូ បានលើកឡើងពីបញ្ហាមួយចំនួនដែលជូបប្រទះដូចជាការដាក់ឈ្មោះគម្រោង ដោយកន្លងមក ការគាំទ្រក្នុងការអនុវត្តសកម្មភាពគម្រោងមានទំហំតូច ប៉ុន្តែដៃគូរអភិវឌ្ឍន៍តែងចូលចិត្តដាក់ឈ្មោះគម្រោងមានលក្ខណៈ ធំទូលាយ។ ពាក់ព័ន្ធនឹងការអនុវត្តសកម្មភាពគម្រោង ឯកឧត្តមប្រតិភូ បានផ្តល់អនុសាសន៍គន្លឹះសំខាន់ចំនួន០៣ ដែលជាយន្តការដើម្បីឱ្យគម្រោងអនុវត្តមានប្រសិទ្ធខ្ពស់ និងទទួលបានលទ្ធផលល្អចំនួន០៣គឺ៖ (១). កិច្ចសហការអនុវត្តសកម្មភាពលើការចែករំលែកព័ត៌មាន ឬបច្ចេកទេសនានាសំដៅដល់ការប្រើប្រាស់មែក ពូជដែលមានសុខភាពល្អទៅដល់កសិករ តាមរយៈការធ្វើទិវាចំការបង្ហាញ។ (២). ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ លើការវិភាគ និងកំណត់អត្តសញ្ញាណកត្តាចង្រៃលើដំណាំដំឡូងមី និង (៣). បច្ចេកទេសកំចាត់មេរោគចេញពីមែកពូជ ដូចជា៖ Tissue Culture ជាដើម។
ចុងបញ្ចប់ ឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណដល់តំណាង JICA និងបានស្នើសុំការគាំទ្រលើសកម្មភាពអាទិភាពមួយ ចំនួនដែលអាចនឹងឈានដល់ការស្នើសុំគម្រោងមានទ្រង់ទ្រាយធំជាងនេះ បើសិនជាទទួលបានជោគជ័យ។ ឆ្លើយតបនឹងសំណូមពរខាងលើ ក្រុមការងារពិសេសតំណាង JICA សន្យាថានឹងខិតខំស្វែងរកជំនួយនាន ដើម្បីគាំទ្រដល់សកម្មភាពនេះបន្ថែមទៀត។