កិច្ចពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ជាមួយលោកបណ្ឌិត Nabeshima Katsuhito នាយកក្រុមហ៊ុន Yamato Green នៃប្រទេសជប៉ុន

ចេញ​ផ្សាយ​ ១២ សីហា ២០២០ 10188

នាព្រឹកថ្ងៃអង្គារ ៧ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយថ្នាក់ដឹកនាំនៃនាយកដ្ឋានជំនាញ និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Nabeshima Katsuhito នាយកក្រុមហ៊ុន Yamato Green នៃប្រទេសជប៉ុន។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូ បានមានមតិស្វាគមន៍ចំពោះ ជំនួបជាលើកទី២រវាងឯកឧត្តម ជាមួយនឹងលោកបណ្ឌិត Nabeshima Katsuhito បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយគ្នា កាលពីខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ និងបានអនុញ្ញាតឱ្យបណ្ឌិត Nabeshima Katsuhito លើកឡើងអំពីការងារដែលត្រូវពិភាក្សាក្នុងជំនួបនាពេលនេះ។ ជាថ្មីម្តងទៀត លោកបណ្ឌិត Nabeshima Katsuhito បានថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រតិភូដែលបានអនុញ្ញាតឱ្យលោកជួបពិភាក្សាការងារ ព្រមទាំងបានផ្តល់កិច្ចសហការ និងការជួយជ្រោមជ្រែងរហូតដល់ធ្វើឱ្យក្រុមហ៊ុន Yamato Green អាចឈានដល់ការចុះ អនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ។ នៅក្នុងឱកាសនោះដែរ លោកនាយកក្រុមហ៊ុនបានរាយការណ៍ដោយ សង្ខេបអំពីវឌ្ឍនភាពថ្មីៗនៃការអនុវត្តការងាររបស់ក្រុមហ៊ុន Yamoto Green ក្រោមកិច្ច សហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោយពីការចុះ MoU រួច។ លោកបានឱ្យដឹង ថា បច្ចុប្បន្ន ក្រុមហ៊ុនគ្រោងនឹងសាងសង់ Green House ដើម្បីដាំដុះបន្លែ ព្រមទាំងរៀបចំការ កែច្នៃ (បង្កក) ផ្លែឈើ និងបន្លែ (ផ្លែប៊រ និងស្ពៃក្តោប) សម្រាប់នាំចេញ។ ខេត្តមណ្ឌលគិរី និង បាត់ដំបង គឺជាខេត្តដែលស្ថិតក្រោមការពិចារណានិងជ្រើសរើសរបស់ក្រុមហ៊ុន និងជាខេត្តដែល មានសក្តានុពលសម្រាប់ផលិតកម្មបន្លែ និងជាទីកន្លែងប្រមូលផ្តុំបន្លែដ៏សមស្របមួយ។ លោក មានបំណងបង្កើតកសិដ្ឋានបន្លែលើទីតាំងធំៗមួយចំនួនសម្រាប់ជួលដល់កសិករដើម្បីដាំដុះបន្លែ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។ លោកបានស្នើសុំការណែនាំបន្ថែម ក៏ដូចជាទស្សនៈរបស់ អគ្គនាយកដ្ឋានកសិកម្ម ចំពោះការងារនេះ។ ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តមប្រតិភូ បាន បញ្ជាក់ថា ការងារដែលលោកនាយកក្រុមហ៊ុនបាន និងកំពុងរៀបចំគឺស្របនឹងទស្សនវិស័យ របស់អគ្គនាយកដ្ឋានកសិកម្ម ក្នុងការបង្កើតសួនផលិតកម្មបន្លែសុវត្ថិភាព ដែលការជ្រើសរើស ទីតាំងសម្រាប់អនុវត្តគឺត្រូវពិចារណាទៅលើតំបន់ជាប់នឹងមាត់ទន្លេ និងដីកោះ ដោយសារ​ប្រជាជននៅទីនោះភាគច្រើន​ជាកសិករដាំដុះបន្លែស្រាប់ ហើយក្រុមហ៊ុនអាចពិចារណាទៅ លើការផ្តល់ពូជ ការសាងសង់ Green House ផ្តល់បចេ្ចកទេសបណ្តុះកូន/ពូជបន្លែ និងប្រភេទ បន្លែដែលទីផ្សារត្រូវការ។ ជារួម ឯកឧត្តមប្រតិភូ ឯកភាពលើការរៀបចំកសិដ្ឋានបន្លែសម្រាប់ជួល ឱ្យកសិករ ប៉ុន្តែប្រសិនបើការងារនេះត្រូវបានអនុវត្តលើកសិករដែលមានដីស្រាប់គឺជាការល្អ ប្រសើរ និងមានការអភិវឌ្ឍលឿនជាង។ អគ្គនាយកដ្ឋានកសិកម្ម មានទស្សនវិស័យក្នុងការបង្កើត សហគមន៍អ្នកដាំបន្លែសុវត្ថិភាព ហើយការងារនេះនឹងអាចឈានទៅដល់ការបង្កើតសហភាព សហគមន៍អ្នកដាំបន្លែសុវត្ថិភាព ដែលកសិករអាចដាំបន្លែតាមប្រតិទិនដាំដុះដើម្បីធានាបានទាំង ស្ថេរភាពក្នុងខ្សែច្រវាក់ផលិតកម្ម និងទីផ្សារបន្លែ។ ជាការសាកល្បង ក្រុមហ៊ុន Yamato Green អាចសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីរៀបចំសួនផលិតកម្មបន្លែសុវត្ថិភាពក្នុងចំនួន កំណត់ណាមួយ ហើយគម្រោងនេះនឹងអាចប្រែក្លាយសួនផលិតកម្មបន្លែសុវត្ថិភាព​ទៅជាតំបន់ កសិ-ទេសចរណ៍ និងអេកូ-ទេសចរណ៍នាពេលអនាគតដ៏ខ្លី។ លោកបណ្ឌិត Nabeshima Katsuhito បានទទួលយកសំណើនេះ និងបានស្នើឱ្យអគ្គនាយកដ្ឋានកសិកម្ម រៀបចំគម្រោង សំណើសុំថវិកា ដោយសហការជាមួយក្រុមហ៊ុន Yamato Green។ ឯកឧត្តមប្រតិភូបានមាន ប្រសាសន៍ថា នេះគឺជាការចាប់ផ្តើមដ៏ល្អមួយ ហើយឯកឧត្តមបានថ្លែងអំណរគុណចំពោះ លោកបណ្ឌិត Nabeshima Katsuhito ក៏ដូចជាក្រុមហ៊ុន Yamato Green ចំពោះកិច្ច សហប្រតិបត្តិការ និងការឧបត្ថម្ភគាំទ្រក្នុងការងារនេះ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ អនុវិស័យសាកវប្បកម្មនៅប្រទេសកម្ពុជា សំដៅបង្កើនសន្តិសុខនិងសុវត្ថិភាពស្បៀងអាហារ ក្នុងបរិបទនៃការផ្ទុះឡើង និងរីករាលដាលនៃជំងឺកូវីដ-១៩ និងរក្សាបាននូវប្រាក់ចំណូលរបស់​កសិករដាំបន្លែក្នុងប្រទេសកម្ពុជា។