រដ្ឋមន្រ្តីក្រសួងកសិកម្ម ដាក់ចេញគោលការណ៍ ចំនួន៧ចំណុច ដល់ថ្នាក់ដឹកនាំក្រសួង ដើម្បីអនុវត្តគោលនយោបាយ អភិវឌ្ឍវិស័យកសិកម្ម ឲ្យសម្រេចបានជោគជ័យ

ចេញ​ផ្សាយ​ ១៣ កញ្ញា ២០១៨

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំអចិន្រ្តៃយ៍ ប្រកាសសមាសភាពថ្នាក់ដឹកនាំ និងបែងចែកតួនាទី ភារកិច្ចជូនលោកថ្នាក់ដឹកនាំក្រសួង ដែលរៀបចំធ្វើឡើង នាទីស្ដីការក្រសួង។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានផ្តាំផ្ញើ និងណែនាំ ដល់ថ្នាក់ដឹកនាំក្រសួង ឲ្យបង្កើនការយកចិត្តទុកដាក់ និងយកស្មារតីទទួលខុសត្រូវ អនុវត្តគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម (២០១៩-២០២៣) ឲ្យសម្រេចបានជោគជ័យ ស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាល​ ចំនួន៧ចំណុចសំខាន់ៗ រួមមាន៖

ទី១៖ បន្តគាំទ្រការលើកកម្ពស់ និងជំរុញការ អភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ផលិតភាព ពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ទី២៖ ជំរុញការអនុវត្តកសិកម្មប្រកបដោយស្ថិរភាព និងមានភាពធន់ទ្រាំ នឹងការប្រែប្រួលអាកាសធាតុ។ ត្រូវផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ ទាំងក្នុងវិស័យផលិតកម្មសត្វ និងសុខភាពសត្វ និងវិស័យជលផល ដើម្បីធានាឲ្យមានការផ្លាស់ប្តូរ និងត្រូវធ្វើឲ្យប្រសើរឡើង ដល់ការកំណត់ ការគ្រប់គ្រងហានិភ័យធម្មជាតិ និងការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុនៅគ្រប់កម្រិត។

ទី៣៖ ត្រូវអនុវត្តរាល់វិធានការ ដើម្បីកាត់បន្ថយការថមថយនៃគុណភាពដី ការប្រើប្រាស់ដីគ្មាននិរន្តរភាព និងធ្លាក់ចុះប្រព័ន្ធអេកូឡូស៊ី។ អង្គភាពជំនាញត្រូវបន្តខិតខំរៀបចំ កំណត់តំបន់ដាំដុះឲ្យបានសមស្រប តាមប្រភេទដំណាំ និងទិសដៅប្រើប្រាស់យូរអង្វែង។

ទី៤៖ ជំរុញនិងលើកទឹកចិត្ត វិស័យឯកជនឲ្យចូលរួមផ្សព្វផ្សាយ បញ្ចូលបច្ចេកវិទ្យាថ្មីៗ ដូចជាការប្រើគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្ម ការផលិតពូជថ្មី ការកែច្នៃវិចខ្ចប់ ទទួលបានការគាំទ្រទីផ្សារក្នុងស្រុក និងការនាំចេញ។

ទី៥៖ បង្កើនកិច្ចសហការពហុភាគី ក្នុងការអនុវត្តផលិតកម្មតាមកិច្ចសន្យា ដើម្បីបង្កើនភាពកក់ក្តៅ និងទំនុកចិត្តជូនប្រជាកសិករ និងពាណិជ្ជករ។

ទី៦៖ គ្រប់អង្គភាពក្រោមឱវាទ ត្រូវបន្តជំរុញការអនុវត្តច្បាប់ បទដ្ឋានគតិយុត្តដែលមានស្រាប់ ឲ្យមានប្រសិទ្ធភាព និងបន្តរៀបចំ និងចងក្រងលិខិតបទដ្ឋានគតិយុត្ត ឲ្យសមស្រមតាមនិន្នាការរីកចម្រើនរបស់ជាតិ។

ទី៧៖ ជំរុញការធ្វើកសិកម្មចម្រុះ រួមបញ្ជូលទាំងការចិញ្ចឹមសត្វ ដាំដំណាំ ចិញ្ចឹមត្រីក្នុងសហគមន័ព្រៃឈើ និងសហគមន៍នេសាទ ដើម្បីកាត់បន្ថយការពឹងពាក់ទាំងស្រុក លើធនធានធម្មជាតិ ឈានទៅកាត់បន្ថយភាពក្រីក្រ៕