សិក្ខាសាលាស្ដីពីនីតិវិធីភូតគាមអនាម័យសម្រាប់ការនាំចេញ ការនាំចេញទៅវិញ ការនាំចូល និងការដឹកជញ្ជូនឆ្លងកាត់នៃទំនិញកសិកម្ម

ចេញ​ផ្សាយ​ ១៧ ឧសភា ២០១៩

នៅថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរពិសោធន៍ជាតិកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ក្រោមកិច្ចសហការជាមួយអង្គការ GIZ តាម
រយៈគម្រោងកិច្ចសហប្រតិបត្តិការក្នុងតំបន់ស្ដីពី កិច្ចសម្រួលពាណិជ្ជកម្មសម្រាប់ទំនិញកសិកម្មនៅតំបន់អាស៊ាន នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំសិក្ខាសាលាស្ដីពីនីតិវិធីភូតគាមអនាម័យសម្រាប់ការនាំចេញ ការនាំចេញទៅវិញ ការនាំចូល និងការដឹកជញ្ជូនឆ្លងកាត់នៃទំនិញកសិកម្ម ក្រោមអធិបតីភាពរបស់លោក ហូ ពុទ្ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម និងមានការអញ្ជើញចូលរួមពី Mr. Bredehoeft Claudius, Cluster Coordinator Agriculture & Climate Change, GIZ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងក្រសួងពាណិជ្ជកម្ម តំណាងអង្គការGIZ មន្រ្តីជំនាញនៃនាយកដ្ឋានការពារដំណាំ
អនាម័យ និងភូតគាមអនាម័យ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ពាណិជ្ជករ តំណាងសមាគមផលិតផលកសិកម្ម តំណាងសមាគមភ្នាក់ងារបញ្ជូនទំនិញ តំណាងសមាគមសហគ្រាសធុនតូច និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណជា ៦០រូប។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែក និងផ្សព្វផ្សាយព័ត៌មានអំពីនីតិវិធីដំណើរការ និងព្រឹត្តិប័ត្រព័ត៌មានស្តីពី បែបបទនៃការផ្តល់វិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញ ការនាំចេញទៅវិញ ការនាំចូល និងការដឹកជញ្ជូនឆ្លងកាត់។
ជាលទ្ធផលនៃអង្គសិក្ខាសាលានេះ សិក្ខាកាមទទួលបាននូវចំណេះដឹងដូចខាងក្រោម៖
- យល់ដឹងអំពីនីតិវិធីនៃការត្រួតពិនិត្យភូតគាមអនាម័យសម្រាប់ការនាំចេញ នាំចេញទៅវិញ នាំចូល និងការដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្ម
- យល់ដឹងអំពីនីតិវិធីនៃការចរចារបើកទីផ្សារសម្រាប់ផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ និង
- គេហទំព័រផ្លូវការក្នុងការស្វែងរកព័ត៌មាននៃការបំពេញបែបបទ និងនីតិវិធីភូតគាមអនាម័យសម្រាប់ការនាំចេញ ការនាំចេញទៅវិញ ការនាំចូល និងការដឹកជញ្ជូនឆ្លងកាត់នៃទំនិញកសិកម្ម។