សកម្មភាពចាំបាច់គាំទ្រការបង្កើនផលិតភាព និងទីផ្សារផលិតកសិកម្មប្រកបដោយប្រសិទ្ធភាពនិងនិរន្តភាព

ចេញ​ផ្សាយ​ ០៤ តុលា ២០១៨

នាថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ដោយមានកិច្ចសម្របសម្រួលនិងសហការរវាងអគ្គនាយកដ្ឋានកសិកម្ម និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលលើកទី២ នៃគម្រោងជំរុញផលិតកម្ម និងការប្រើប្រាស់គ្រាប់ពូជស្រូវ (RSPP) ក្រោមអធីបតីភាព ឯកឧត្តមបណ្ឌិត ម៉ម អំណត់ រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងលោក TANAKA KOTARO អនុប្រធាន JICA ប្រចាំប្រទេសកម្ពុជា នៅអគ្គនាយកដ្ឋានកសិម្ម។សមាសភាពអ្នកចូលរួមនៅក្នុងកិច្ចប្រជុំនេះសរុបចំនួន ១៩នាក់ អញ្ជើញមកពីនាយកដ្ឋានដំណាំស្រូវ មន្ទីរពិសោធន៍កសិកម្មជាតិ ជំនាញការគម្រោង RSPP តំណាង JICA ប្រចាំនៅកម្ពុជា តំណាងស្ថានទូតជប៉ុន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង កំពង់ឆ្នាំង តាកែវ និងព្រៃវែង។
អគ្គនាយកដ្ឋានកសិកម្ម បានចាប់ផ្តើមអនុវត្តគម្រោង RSPP ដែលមានរយៈពេល ៥ឆ្នាំ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ នៅក្នុងខេត្តគោលដៅចំនួនបួនគឺ ខេត្តបាត់ដំបង កំពង់ឆ្នាំង តាកែវ និងខេត្តព្រៃវែង។
គោលបំណងសំខាន់នៃកិច្ចប្រជុំរួមមាន៖
- ណែនាំអំពីសមាសភាពគណៈកម្មាធិការសម្របសម្រួលគម្រោង
- បង្ហាញអំពីលទ្ធផលនៃសកម្មភាពរបស់គម្រោងនៅក្នុងឆ្នាំទី១ (២០១៧-២០១៨)
- បង្ហាញអំពីសេចក្តីព្រាងផែនការប្រតិបត្តិរបស់គម្រោងរយៈពេល៣ឆ្នាំ
- ពិភាក្សាបញ្ហាផ្សេងៗទាក់ទងនឹងកិច្ចដំណើរការអនុវត្តគម្រោង។