ទិវាចម្ការសាលារៀនចម្ការកសិករស្តីពីជំងឺស្រពោនលឿងស្លឹកលើដំណាំចេក (Farmer Field School on Banana Fusarium Wilt disease) នៅស្រុកចម្ការលើ ខេត្តកំពង់ចាម

ចេញ​ផ្សាយ​ ០១ សីហា ២០១៩

កាលពីថ្ងៃចន្ទ ១៣- អង្គារ៍ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០១៩ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី និងខេត្តកំពង់ចាម បានរៀបចំធ្វើទិវាចម្ការសាលារៀនចម្ការកសិករស្តីពីជំងឺស្រពោនលឿងស្លឹកលើដំណាំចេក (Farmer Field School on Banana Fusarium Wilt disease) នៅភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី និងភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាព៖
- លោក អ៊ុច សុធី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ
- លោក ស្រេង ជាហេង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី
- លោកស្រី ឌុក រ៉ាដាលី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម
- លោក សូរ ថាវរិទ្ធ ប្រធានការិ.ស្រាវជ្រាវអភិវឌ្ឍបចេ្ចកវិទ្យាការពារដំណាំ និងវិនិច្ឆ័យសមាសភាពចង្រៃ
- លោក កែវ សុផល អនុប្រធានការិ.ការពារដំណាំ
- លោក អឿន សំអុល អនុប្រធានការិ.ស្រាវជ្រាវអភិវឌ្ឍបចេ្ចកវិទ្យាការពារដំណាំ និងវិនិច្ឆ័យ សមាសភាពចង្រៃ
និងមានការចូលរួមពីលោកមេភូមិ លោកមេឃុំក្នុងឃុំនិមួយៗ ក្នុងគោលបំណងដើម្បី៖
• បង្ហាញពីបច្ចេកទេសដាំដុះដំណាំចេក និងការអនុវត្តវិធានការចម្រុះការពារដំណាំ និងវិធានការគ្រប់គ្រងជំងឺស្រពោនលឿងស្លឹកលើដំណាំចេក
• បង្កើននូវទិន្នផល និងសេដ្ឋកិច្ចតាមរយៈការដាំដុះតាមបចេ្ចកទេស និងការអនុវត្តវិធានការចម្រុះការពារដំណាំ
• ផ្សព្វផ្សាយអំពីជំងឺស្រពោនលឿងស្លឹកលើដំណាំចេក។

ក្នុងវេទិកានេះ អ្នកចូលរួមទាំងអស់បានពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនដូចជា៖
1. វីធីសាស្រ្តដាំដុះ (ការជ្រើសរើសពូជ ការរៀបចំដី ការដាំដុះ ការប្រើប្រាស់ជី ការសម្អាតស្មៅចង្រៃ ការកាត់ធាងនិងសម្អាតគល់ បច្ចេកទេសប្រមូលផល ខ្លឹមសារប្រព័ន្ធក្សេត្របរិស្ថាន និងរបៀបកត់ត្រាចំណូល-ចំណាយ)
2. សត្វល្អិតសំខាន់ៗលើដំណាំចេក វិធានការការពារ និងកំចាត់ (ខ្មូតស៊ីរូងដើម ខ្មូតស៊ីឫស ដង្កូវមូរស្លឹក ចៃម្ស៉ៅ សត្វកណ្តៀរ)
3. ជំងឺសំខាន់លើដំណាំចេក វិធានការការពារ និងកំចាត់ (ជំងឺរលួយចុងផ្លែ ជំងឺស្រពោនលឿងស្លឹក ជំងឺស្រពោនលឿងស្រស់បង្កឡើងដោយបាក់តេរី)។

ជាលទ្ធផលឃើញថា ទោះបីជាវគ្គបណ្តុះបណ្តាលមានរយៈពេលខ្លី តែកសិករមានចំណាប់អារម្មណ៍ចង់ចេះចង់ដឹង តាមរយៈការចុះអនុវត្តជាក់ស្តែងនៅទីវាល ដោយសារដំណាំចេកមិនពិបាកក្នុងការថែទាំ ហើយប្រមូលផលបាន ជាប្រចាំ។

ជាសំណូមពរ កសិករបានស្នើសូមអោយនាយកដ្ឋានការពារដំណាំ អនាម័យ ភូតគាមអនាម័យ ក៍ដូចជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ជួយបង្រៀន និងមានវគ្គបណ្តុះបណ្តាលប្រភេទនេះលើដំណាំស្វាយចន្ទី។