ការងារចុះត្រួតពិនិត្យលទ្ធផលនៃការអនុវត្តការងាររនៃគម្រោងជំរុញផលិតកម្មស្បៀង (Boosting Food Production) នៅខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ ០៤ មករា ២០១៩ 1558

កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃព្រហស្បតិ៍​ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ លោក ប៉ិច សុវណ្ណូ នាយកគម្រោងជំរុញផលិតកម្មស្បៀង (Boosting Food Production) អមដំណើរដោយលោកបណ្ឌិត គៀន សុភា នាយកប្រតិបត្តិគម្រោង និងក្រុមការងារគម្រោងជំរុញផលិតកម្មស្បៀងនៃអគ្គនាយកដ្ឋានកសិកម្ម បានចុះពិនិត្យលទ្ធផលការអនុវត្តការងារដែលបានអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំក្នុងឆ្នាំ២០១៨ និងដើម្បីធ្វើផែនការបន្តសម្រាប់ឆ្នាំ២០១៩។ ក្នុងដំណើរចុះត្រួតពិនិត្យការងារនេះដែរ ក៏មានការចូលរួមពីភាគីពាក់ព័ន្ធ រួមមាន លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាប្រធានគម្រោងថ្នាក់ខេត្ត មន្ត្រីជំនាញបច្ចេកទេសថ្នាក់ជាតិផ្នែកសហគមន៍កសិកម្ម ដំណាំបន្លែ ដំណាំស្រូវ ភូតគាមអនាម័យ និងមន្រ្តីអនុវត្តគម្រោង សរុបចំនួន២៨រូប ក្នុងនោះស្រ្តី ០៤រូប។ នាឱកាសនោះ លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរាយកាយណ៍ពីលទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយនៃការអនុវត្តការងារកន្លងមក ដល់ក្រុមការងារចុះត្រួតពិនិត្យ។ បន្ទាប់ពីនោះ លោកបណ្ឌិត គៀន សុភា នាយកប្រតិបត្តិគម្រោង ក៏បានផ្តល់ជាអនុសាសន៍ និងយុទ្ធសាស្រ្តបន្ថែមមួយចំនួន ដើម្បីឱ្យការអនុវត្កការងារមានភាពប្រសើរឡើង ដោយផ្តោតលើចំណុចសំខាន់ៗចំនួន៥ មានដូចខាងក្រោម៖
(១). ជំរុញផលិតកម្មបន្លែសុវត្ថិភាព
(២). ជំរុញផលិតកម្មដំណាំស្រូវ
(៣). ការផែនការទីផ្សារ (ផែនការផលិត រកទីផ្សារបន្លែ និងស្រូវ)
(៤). ការពង្រឹងក្រុមផលិត និងសហគមន៍(បន្លែ និងស្រូវ)
(៥). ការរៀបចំចងក្រងឯកសារ អត្ថបទ បទពិសោធន៍ និងរបាយការណ៍។