ឯកឧត្តមបណ្ឌិត ងិន ឆាយ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានជំនាញបានចុះពិនិត្យកសិដ្ឋានដាំចេករបស់ក្រុមហ៊ុន Longmate នៅខេត្តកំពត

ចេញ​ផ្សាយ​ ០៩ មករា ២០១៩ 1658

នាព្រឹកថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានជំនាញ បានចុះពិនិត្យកសិដ្ឋានដាំចេករបស់ក្រុមហ៊ុន Longmate ដែលស្ថិតនៅក្នុងភូមិខ្ពប ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
នៅក្នុងឱកាសចុះពិនិត្យចំការចេករបស់ក្រុមហ៊ុន Longmate ឯកឧត្តមបណ្ឌិត ងិន ឆាយ បានចុះសួរសុខទុក្ខកម្មករដែលធ្វើការនៅក្នុងក្រុមហ៊ុន និងបានទស្សនាចំការចេក កន្លែងលាយជីប្រព័ន្ធចែកចាយទឹក កន្លែងវេចខ្ចប់ និងកន្លែងស្តុកទុក។
ជារួមក្រុមហ៊ុនបានរៀបចំការដាំដុះបានល្អប្រសើរ ដោយប្រើប្រាស់ប្រព័ន្ធដំណក់ទឹកដើម្បីស្រោចស្រពនិងដាក់ជី និងបានរៀបចំប្រព័ន្ធដឹកជញ្ជូនល្អប្រសើរ ដោយប្រើប្រាស់ប្រព័ន្ធរ៉កសម្រាប់អូសចេកពីក្នុងចម្ការទៅដល់កន្លែងវេចខ្ចប់។ បច្ចុប្បន្ន ក្រុមហ៊ុនបានដាំចេកបានចំនួន៤០០ហិកតា ហើយគ្រោងនិងដាំបន្ថែម៦០០ហិកតាទៀត ដើម្បីឱ្យគ្រប់១.០០០ហិកតានៅឆ្នាំបន្ទាប់។
នៅឡូតិ៍ខ្លះចេកមានអាយុចាប់ពី៨ខែ ដែលអាចប្រមូលផលបាន ដោយផ្តល់ទិន្នផលពី២១-២៨គីឡូក្រាម/ស្ទង។ ក្រុមហ៊ុនបានប្រើជីកំប៉ុស្តិ៍ចំនួន៣០តោន/ហិកតា និងដាក់ជីគីមីបំប៉នតាមប្រព័ន្ធដំណក់ទឹកចំនួន២.២៥០គីឡូក្រាម/ហិកតា។
ក្រុមហ៊ុនបានរក្សាផ្លែចេកទុកតែ៦ស្និត/ស្ទង ដោយសារតែចេកទើបតែឱ្យផលឆ្នាំទី១ ហើយនៅឆ្នាំបន្តបន្ទាប់ក្រុមហ៊ុននឹងរក្សាទុក៨-១០ស្និត/ស្ទង។
សព្វថ្ងៃនេះ ក្រុមហ៊ុនកំពុងនាំចេកទៅកាន់ប្រទេសវៀតណាម ប៉ុន្តែក្រុមហ៊ុនមានដៃគូរទីផ្សារនៅប្រទេសចិនរួចជាស្រេច ដែលគ្រោងនឹងនាំចេញបន្ទាប់ពីប្រទេសចិនចុះមកសិក្សាវាយតម្លៃនិងផ្តល់ការឯកភាពលើលក្ខខណ្ឌភូតគាមអនាម័យ។