សិក្ខាសាលាស្ដីពីការកសាងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់អគ្គនាយកដ្ឋានកសិកម្ម (២០១៩-២០២៣)

ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០១៨

នារសៀលថ្ងៃសុក្រ ៩កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគាររ៉ក់រ៉ូយ៉ាល់ ខេត្តកែប ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្ម ដោយសហការជាមួយកម្មវិធី CAVAC បានរៀបចំសិក្ខាសាលាស្ដីពីការកសាងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់អគ្គនាយកដ្ឋានកសិកម្ម ក្រោមអធិបតីភាពឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងសន្ទរកថាស្វាគមន៍ក្នុងកម្មវិធីនោះដែរ ឯកឧត្តមប្រតិភូ បានបញ្ជាក់ជូនអង្គសិក្ខាសាលាថា ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការមេអភិវឌ្ឍន៍អនុវិស័យដំណាំឆ្នាំ២០៣០ ឯកឧត្តមប្រតិភូសង្ឃឹមយ៉ាងមុតមាំថា អង្គសិក្ខាសាលានឹងធ្វើការពិភាក្សាឱ្យបានទូលំទូលាយ ដើម្បីធានាបង្កើតផែនការយុទ្ធសាស្ត្ររយៈពេលខ្លី ឬវែងអាស្រ័យទៅតាមតម្រូវការវិវត្តន៍នៃវិស័យកសិកម្មជាក់ស្ដែង ដែលជួយជំរុញឱ្យការអនុវត្តទទួលបានជោគជ័យតាមផែនការយុទ្ធសាស្ត្រនានា។ ជាមួយគ្នានោះដែរ ឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្មវិធី CAVAC ដែលបានជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្តល់កិច្ចសហការ ល្អដើម្បីឱ្យសិក្ខាសាលានេះដំណើរការទៅដោយរលូន។
ឆ្លើយតបនឹងសុន្ទរកថាឯកឧត្តមប្រតិភូ លោក Gary Ellem តំណាងឱ្យកម្មវិធី CAVAC បានសំដែងអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលបានសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការបង្កើតផែនការយុទ្ធសាស្ត្រនេះឡើង ព្រោះនេះជាសកម្មភាពដ៏អាទិភាពសម្រាប់អង្គភាព និងមានទិសដៅច្បាស់លាស់ក្នុងអភិវឌ្ឍឱ្យស្របតាមផែនការគោលនានារបស់រាជរដ្ឋាភិបាល។
ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលានេះ ឯកឧត្តម ម៉ម អំណត់ បានសំដែងអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងក្នុងការដឹកនាំបង្កើតឯកសារផែនការយុទ្ធសាស្ត្រដ៏មានតម្លៃនេះឡើង។ ឯកឧត្តមបានចង្អុលបង្ហាញចំណុចគោលសំខាន់ៗមួយចំនួនដែលត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានសម្រេចមានដូចខាងក្រោម: (១).ផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ (២).ផែនការយុទ្ធសាស្ត្រតាមមុខដំណាំអាទិភាព (៣).ជំរុញផលិតកម្មវិស័យដាំដុះដំណាំបន្លែ ក្នុងការទប់ស្កាត់ការនាំចូលបន្លែពីក្រៅប្រទេស (៤).តម្រូវការជំរុញពាណិជ្ជូបនីយកម្មតាមរយៈបន្តពង្រឹងប្រព័ន្ធ SPS និងសមត្ថភាពមន្ទីរពិសោធន៍ជាតិកសិកម្ម។ ទន្ទឹមគ្នានោះដែរ យើងត្រូវខិតខំបន្ថែមទៀតក្នុងការបង្កើនប្រាក់ចំណេញបន្ថែមដល់កសិករ ដោយគិតពិចារណាកត្តារួមបញ្ចូលបច្ចេកទេស ទីផ្សារ និងទ្រព្យធន់ដែលគាត់មាន ដោយយើងមិនត្រឹមតែគិតពីផលិតភាពនោះទេ តែយើងក៏បានគិតផងដែរអំពីខ្សែច្រវ៉ាក់តម្លៃរបស់ដំណាំនីមួយៗ។ ឯកឧត្តមក៏បានបង្ហាញជូនអង្គសិក្ខាសាលាពីក្ដីរំពឹងដ៏ខ្លាំងក្លាថា កិច្ចពិភាក្សា និងបទបង្ហាញរបស់នាយកដ្ឋានជំនាញនីមួយៗនឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសកម្មភាពគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។