ឯកឧត្តមបណ្ឌិត ងិន ឆាយ បានអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមក្នុងទិវាប្រមូលផលចម្ការដំឡូងបារាំងនៅខេត្តមណ្ឌលគិរី

ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០១៩ 1943

នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមក្នុងទិវាប្រមូលផលចម្ការដំឡូងបារាំង ក្រោមគម្រោងផ្សព្វផ្សាយពូជនិងផលិតកម្មពូជដំឡូងបារាំងនៅកម្ពុជា ដែលសហការអនុវត្តដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដោយមានកិច្ចសហការគាំទ្រពីដៃគូអភិវឌ្ឍន៍ KOPIA ប្រទេសកូរ៉េ។ អញ្ជើញជាអធិបតីអមដំណើរឯកឧត្តមរដ្ឋមន្ត្រីក្នុងពិធីនោះរួមមាន ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម លោកប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រជាកសិករដែលមានចំណាប់អារម្មណ៍ក្នុងផលិតកម្មដំឡូងបារាំង។ ទិវាខាងលើត្រូវបានអនុវត្តនៅចម្ការរបស់កសិករឈ្មោះ គ្រី ម៉េងឈាង នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ សូមបញ្ជាក់ជូនផងដែរថា ចំពោះការពិសោធន៍សាកល្បងលើផលិតកម្មដំណាំ ដំឡូងបារាំងនៅក្នុងខេត្តមណ្ឌលគិរីនេះគឺអគ្គនាយកដ្ឋានកសិកម្មបានអនុវត្តដាំដុះពិសោធន៍សាកល្បងនៅក្នុងឆ្នាំ២០១៦ និង២០១៧ ដោយមានការគាំទ្រពី AFACI-Korea។ នៅក្នុងឆ្នាំដំបូង(២០១៦) ការពិសោធន៍សាកល្បងនេះមិនបានទទួលលទ្ធផលល្អឡើយដោយសារមានការបំផ្លាញពីសត្វល្អិតចង្រៃ។ ដោយឡែកនៅក្នុងឆ្នាំ២០១៧ ការពិសោធន៍ទទួលបានផលល្អ ដូចខាងក្រោម៖ ប្រភេទពូជ PO3 ទទួលបាន ១៥,៧៧ តោន/ហិកតា,ប្រភេទពូជ Altantic ទទួលបាន ១៣,៨៧ តោន/ហិកតា និងប្រភេទពូជ Salora ទទួលបាន ១១,៧២ តោន/ហិកតា។ គម្រោងដាំដុះពិសោធន៍សាកល្បងដូចគ្នានឹងគម្រោងរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលគាំទ្រដោយ KOPIA ប្រទេសកូរ៉េ។ សម្រាប់ឆ្នាំ២០១៨-២០១៩ នេះ AFACI បានបញ្ឈប់ការគាំទ្រគម្រោងដាំដុះសាកល្បងជាមួយអគ្គនាយកដ្ឋានកសិកម្ម។ ដោយការពិសោធន៍ទទួលបានលទ្ធផលល្អប្រសើរអាចទទួលយកបាន និងតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្នុងពេលចុះទស្សនៈកិច្ចចម្ការបន្លែរបស់លោក គ្រី ម៉េងឈាង មន្ត្រីបង្គោលអនុវត្តគម្រោងរបស់អគ្គនាយកដ្ឋានកសិកម្ម បានបន្តផ្តល់ពូជដំឡូងបារាំងចំនួន២ពូជ គឺពូជ PO3 and PO7 ក្នុងមួយមុខ ១០០០ គ្រាប់ ដល់លោក គ្រី ម៉េងឈាង ក្នុងការដាំសាកល្បងនៅទីវាលផ្ទាល់។