ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការចុះពិនិត្យនិងវាយតម្លៃការបង្កាត់ពូជពោតអ៊ីប្រ៊ីត BNT 5666 នៅខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ ២៥ មករា ២០១៩ 3903

នារសៀលថ្ងៃព្រហស្បត្តិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ បានអមដំណើរឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យនិងវាយតម្លៃការបង្កាត់ពូជពោតអ៊ីប្រ៊ីត BNT 5666 នៅភូមិជីរោទ៍ក្រោម១ ឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។ ចំណុចដែលអ្នកបង្កាត់ត្រូវបំពេញបន្ថែមពីប្រភេទពូជពោតនេះ គឺការវិភាគរកសាធាតុចិញ្ចឹម និងប្រូតេអ៊ីននៅក្នុងគ្រាប់ពោត។ បន្ថែមពីនោះឯកឧត្តមរដ្ឋលេខាធិការ បានក្រើនរំលឹកឱ្យម្ចាស់អ្នកបង្កាត់ពូជត្រូវស្វែងរកយន្តការអភិវឌ្ឍន៍ពង្រីកបន្ថែមទៀត ព្រោះការបង្កាត់ពូជពោតអ៊ីប្រ៊ីតនេះ គឺជាឱកាសមួយដើម្បីឈានទៅបង្កើតមជ្ឍមណ្ឌលបង្កើតពូជអ៊ីប្រីតនៅកម្ពុជា។ អគ្គនាយកដ្ឋានកសិកម្ម បានសម្លឹងឃើញថា ការរៀបចំផែនការមេជាមួយ KOICA ក្នុងការពង្រីកមេបាជាការសំខាន់ក្នុងការផ្គត់ផ្គង់ទៅនឹងតម្រូវការទីផ្សារ។ ការងារចំបងដែលអ្នកបង្កាត់ពូជគួរធ្វើ គឺការធានាផលិតឱ្យបានមេបាសុទ្ធ និងការចុះកិច្ចសន្យាជាមួយក្រុម ឬសហគមន៍កសិកម្មដើម្បីផលិតបន្ត។ ជារួមក្រុមការងារ បានយល់ស្របឱ្យចុះបញ្ជីបាន ដោយយោងទៅលើមូលដ្ឋានលទ្ធផលទទួលបានកន្លងមក ប៉ុន្តែតម្រូវឱ្យបំពេញទិន្នន័យប្រូតេអ៊ីនក្នុងគ្រាប់ និងការរៀបចំឯកសារបច្ចេកទេសកំណត់លក្ខណៈពូជដែលទើបបង្កាត់ថ្មីបាន ហើយ ក្រោយការប្រកាសបញ្ចេញពូជពោតអ៊ីប្រ៊ីតនេះ សកម្មភាពដែលចាំបាច់បំផុតនោះគឺ ការរៀបចំផែនការរយៈពេលខ្លី និងរយៈពេលវែង និងការត្រៀមលក្ខណៈទុកជាមុនដើម្បីប្រកួតប្រជែងជាមួយពូជអ៊ីប្រ៊ីតដទៃទៀត។