ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមជាគណៈអធិបតីក្នុងទិវាចម្ការកសិករស្ដីពីការគ្រប់គ្រងជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមី

ចេញ​ផ្សាយ​ ១៤ ធ្នូ ២០១៨

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដំណើរដោយថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ បានចូលរួមជាគណៈអធិបតីក្នុងទិវាចម្ការកសិករស្ដីពីការគ្រប់គ្រងជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមីនៃគម្រោង TCP/CMD/3604 ដែលបានប្រព្រឹត្តិទៅនៅភូមិក្បាលបឹងសេះកើត ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ទិវាចម្ការនេះ មានការអញ្ជើញចូលរួមពីដៃគូរសហការអភិវឌ្ឍន៍វិស័យកសិកម្មដូចជា តំណាងអង្គការ FAO មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរស្រុក និងកសិករសរុបចំនួន១៨០នាក់។ ឯកឧត្តមប្រតិភូ បានគូសបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាមានផ្ទៃដីផលិតកម្មដំឡូងមីប្រមាណ ៦១ ម៉ឺនហិកតា ដែលទទួលបានបរិមាណផលប្រមាណ ១៣,៨២ លានតោន និងនាំចេញគិតជាទឹកប្រាក់ប្រមាណ ៦៧៥ លានដុល្លារ។ បច្ចុប្បន្ននេះ មានបញ្ហាមួយបាននឹងកំពុងកើតឡើងគឺការផ្ទុះឡើងនូវជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមីក្នុងខេត្តចំនួន១០នៅប្រទេសកម្ពុជា។ ដូច្នេះ វិធានការលុបបំបាត់ជំងឺនេះត្រូវធ្វើឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពបំផុត ពីព្រោះជំងឺនេះអាចធ្វើឱ្យទិន្នផលថយចុះយ៉ាងច្រើនហើយកម្រិតជាតិម្ស៉ៅក៏ថយចុះផងដែរ។ ឆ្លើយតបនឹងបញ្ហាដ៏ធ្ងន់ធ្ងរនេះ វិធានការបន្ទាន់ដែលត្រូវយកចិត្តទុកដាក់អនុវត្តមាន៤គឺ: (១).យុទ្ធនាការទប់ស្កាត់និងលុបបំបាត់ការឆ្លងរាលដាលពូជដំឡូងមីដែលមានជំងឺជាលក្ខណៈអន្តរជាតិដោយសហការជាមួយបណ្តាប្រទេសជិតខាង (២). ប្រើប្រាស់ពូជគ្មានផ្ទុកជំងឺនិងពូជដែលធន់នឹងជំងឺ (៣). ដុតបំផ្លាញដើមដំឡូងមីដែលកើតជំងឺនៅក្នុងចម្ការ (៤).កម្ចាត់ភ្នាក់ងារចម្លងជំងឺគឺសត្វរុយស។
ចុងបញ្ចប់ ឯកឧត្តមប្រតិភូ បានស្នើឱ្យស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រជាកសិករត្រូវប្ដេជ្ញាចិត្តលុបបំបាត់ជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមីនេះជាបណ្ដើរៗ ដើម្បីឈានទៅលុបបំបាត់ជំងឺនេះឱ្យបានទាំងស្រុងក្នុងរយៈពេលពីរឬបីឆ្នាំបន្ទាប់។