ទិសដៅ និងទស្សនៈវិស័យ

អគ្គនាយកដ្ឋានកសិកម្មមានបេសកកម្ម​ដឹកនាំ​គ្រប់​គ្រងនិង

ធ្វើសកម្មភាពជំរុញការអភិវឌ្ឍវិស័យ​ផលិតកម្ម​ដំណាំ​កសិកម្ម

ដើម្បី​ចូលរួមចំណែក

() ធានា​បាន​​នូវ​សន្តិសុខ​ស្បៀងសម្រាប់ប្រជាពលរដ្ឋ

() គ្រប់គ្រង ត្រួតពិនិត្យគុណភាព និង​សុវត្ថិ​ភាពផលិតផល

() ជំរុញ​​កំណើនផលិត​ភាព​កសិកម្មតាមរយៈពិពិធកម្មកសិកម្ម

() កាត់​បន្ថយ​ភាពក្រីក្រ​តាម​រយៈ​​បង្កើនចំណូល​ដ​ល់​កសិករ

     ដោយតម្លៃបន្ថែមលើ​កសិផល និង

          () ធានាទីផ្សារ​​កសិផល។


ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម

យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកំណត់ការលើកកម្ពស់វិស័យ​កសិកម្ម​ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ច​ជន​បទ (ចតុកោណទី១)។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាគឺការធ្វើទំនើបកម្មវិស័យ​កសិកម្ម​ កម្ពុជា​តាម​អភិ​ក្រម វិសាល​​ភាព និង​ល្បឿន​ ថ្មីដើម្បីប្រែក្លាយវិស័យនេះពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបវិបុលកម្ម (បើក​ទូ​លាយ​) ​ ឈានទៅរកដំណាក់កាល​ថ្មី​ដែលផ្តោតលើផលិតកម្មតាមបែបប្រពលវប្បកម្ម (ស៊ី​ជម្រៅ) ​ ដោយពឹង​ផ្អែក​​ជាសំខាន់លើ​ការប្រើប្រាស់​បច្ចេក​ទេស បច្ចេកវិទ្យាថ្មី ការស្រាវជ្រាវនិង​ការ​អភិវឌ្ឍន៍ យន្តូប​នីយ​កម្ម ព្រម​ទាំង​​ការលើកកម្ពស់ផលិតភាព និង ពិពិធ​ភា​វូប​​នីយកម្ម​ផលិតកម្មផ្សេងៗ​ទៀត​រួមទាំងការ​ចិញ្ចឹម​សត្វ​​និង​ វារី​វប្ប​កម្ម​​ផង។​ ដើម្បីសម្រេចបាននូវបេសកកម្មនិងរួមចំណែកសម្រេចឱ្យបាននូវយុទ្ធសាស្រ្តចតុ​កោណ​ ដំណាក់​កាលទី៣ អគ្គនាយកដ្ឋានកសិកម្មបានដាក់ចេញនូវទិសដៅ៖ ១) ជំរុញផលិតភាព​កសិកម្ម ពិពិធភាវូប​នីយ​កម្ម​កសិកម្ម និងពាណិជ្ជូនីយកម្មកសិកម្ម ២) ធ្វើផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​អនុវិស័យ​ដំណាំ​រយៈ​ពេល​មធ្យម​និងវែង ៣) ពង្រឹងនិងពង្រីកសេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ៤) ​​ធ្វើ​ឯកទេសកម្ម​ពូជ​ដំណាំ​ពិសេស​​​​ដំណាំស្រូវ និងដំណាំសំខាន់ៗមួយចំនួនទៀត ៥) ការងារ​ចងក្រង​និង​ពង្រឹង​សហគមន៍​កសិ​កម្ម ៦)​ អង្កេតសិក្សាវាយតម្លៃនិងធ្វើសារពើភណ្ឌ័ការប្រើប្រាស់ដីកសិកម្ម ៧) សា្រវជ្រាវ​និង​កំណត់ប្រតិទិន​ដាំដុះ​ឱ្យ​ស្រប​ តាមប្រព័ន្ធបរិស្ថានដំណាំនិងលក្ខខណ្ឌអាកាសធាតុ ៨) ស្រាវជ្រាវ​និង​អភិវឌ្ឍន៍បច្ចេកទេសក្រោយ​ប្រមូល​​ផល ៩) ពង្រីកសមត្ថភាពនិងសក្តានុពល ​នៃផលិតផល​ទី​កាន់ទីផ្សារ​តំបន់​និងពិភពលោក ១០) ស្រាវ​ជ្រាវ​​និងប្រើប្រាស់ភ្នាក់ងារជីវសាស្រ្ត ថ្នាំកសិកម្មនិងថ្នាំផ្សំពី​រុក្ខ​ជាតិដើម្បី​កំចាត់​សមាសភាពចង្រៃ ១១) ខិតខំ​ផ្តល់​សេវាកម្មនិងការងារផ្ទេរនិងផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​​​ ឱ្យកាន់តែជិត​អ្នក​​ប្រើប្រាស់ចុងក្រោយ ១២)​ពង្រឹង​កិច្ច​សហការយ៉ាងល្អជាមួយ​​វិស័យឯកជននិងដៃគូរ​អភិវឌ្ឍន៍ និង១៣) ​រៀប​ចំច្បាប់និងលិខិតបទដ្ឋាន​ពាក់​ព័ន្ធដើម្បីឆ្លើយតបទៅនឹងនិន្នាការរីក​ ចំរើនរបស់​វិស័យ​កសិកម្ម​។

 

 កម្មវិធីនិងផែនការយុទ្ធសាស្រ្ត

 

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញទិសដៅយុទ្ធសាស្ត្រនៃកំណែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជាសម្រាប់ ឆ្នាំ​ ​២០១៣-២០២០ ដែលជាទិសដៅនៃការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងថវិកាជាជំហ៊ានៗ ពីការផ្តោត​លើ​ធាតុ​ចូល​​និង​ មជ្ឈការទៅរកប្រព័ន្ធថវិកាថ្មីដែលផ្តោតលើលទ្ធផលឬសមិទ្ធកម្ម និងវិមជ្ឈការ។ ក្នុងចំណោម​​កម្មវិធី​ជា​អាទិភាពទាំង០៥របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលរួមមាន៖ កម្មវិធីទី១) បង្កើន​ផលិត​ភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មដើម្បីជំរុញកំណើនផលិតកម្ម​កសិកម្មក្នុង​រង្វង់​ ១០%​ក្នុង​១ឆ្នាំ កម្មវិធីទី២) ជំរុញផលិតកម្មសត្វនិងសុខភាពសត្វ កម្មវិធីទី៣) ការគ្រប់គ្រងធនធានជល​ផល​​ប្រកប​​​ដោយនិរន្តភាព កម្មវិធីទី៤) ការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃប្រកបដោយនិរន្តភាព និង​កម្ម​វិធី​ទី៥) ពង្រឹងស្ថាប័ន បង្កើនប្រសិទ្ធភាពសេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្ស អគ្គនាយកដ្ឋាន​កសិកម្មគឺ​​ជា​​ អង្គភាពដ៏សំខាន់មួយក្នុងការអនុវត្តកម្មវិធីទី១ខាងលើ ដោយទទួល​អនុវត្ត​អនុកម្មវិធីចំនួន១០ក្នុង​ចំណោម​​​អនុកម្មវិធីសរុបចំនួន២០ដែលគាំទ្រកម្មវិធីទាំងមូល រួមមាន​ដូច​ខាង​ក្រោម៖

 

  • អនុកម្មវិធីទី១. សម្របសម្រួលបច្ចេកទេសនិងបង្កើនសមត្ថភាពអង្គភាព
  • អនុកម្មវិធីទី២. ជំរុញការគ្រប់គ្រងធនធានដីកសិកម្មប្រកបដោយចីរភាព
  • អនុកម្មវិធីទី៣.​ ជំរុញការអភិវឌ្ឍដំណាំស្រូវ
  • អនុកម្មវិធីទី៤. ជំរុញការអភិវឌ្ឍសាកវប្បកម្មនិងដំណាំរួមផ្សំ
  • អនុកម្មវិធីទី៥. ជំរុញការអភិវឌ្ឍដំណាំឧស្សាហកម្ម
  • អនុកម្មវិធីទី៦. ជំរុញការអភិវឌ្ឍគ្រឿងយន្តកសិកម្ម
  • អនុកម្មវិធីទី៧. ជំរុញការអភិវឌ្ឍការការពារដំណាំ អនាម័យ និងភូតគាមអនាម័យ
  • អនុកម្មវិធីទី៨. ពង្រឹងនិងកែលម្អប្រព័ន្ធនិងសេវាផ្សព្វផ្សាយកសិកម្ម
  • អនុកម្មវិធីទី៩. លើកកម្ពស់ការអភិវឌ្ឍសហគមន៍កសិកម្ម
  • អនុកម្មវិធីទី១០. ពង្រឹងនិងអភិវឌ្ឍសមត្ថភាពមន្ទីរពិសោធន៍ជាតិកសិកម្ម។