អំពីអគ្គនាយកដ្ឋានកសិកម្ម

ប្រវត្តិ និងបច្ចុប្បន្នភាពនៃអគ្គនាយកដ្ឋានកសិកម្ម

ដោយវិស័យកសិកម្មកម្ពុជាមានសន្ទុះរីកចំរើនយ៉ាងខ្លាំងនាទស្សវត្យរ៍ចុងក្រោយនេះហើយដោយ​មើល​​ឃើញេពីទំហំការងារនិងភាពចាំបាច់ ដើម្បីធានាបាននូវសន្តិសុខស្បៀង ការគ្រប់​គ្រងវិស័យកសិកម្ម និង​​ប្រើប្រាស់​ធនធាន​ធម្មជាតិដោយចេរភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើរាជរដ្ឋាភិបាល​តម្លើង​នាយកដ្ឋានក្សេត្រសាស្ត្រ និងកែលំអដីកសិកម្ម ទៅជាអគ្គនាយកដ្ឋានកសិកម្ម។

         អនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ បានធ្វើការកែសម្រួលរចនាសម្ព័ន្ធ គ្រប់គ្រងរដ្ឋបាល និង បច្ចេកទេសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដើម្បីឱ្យឆ្លើយតប​តាម​តម្រូវ​ការ ការងារជំរុញអភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និង នេសាទជាពិសេស ជំរុញការអនុវត្ត​គោល​នយោ​បាយ ​​យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល​កម្ពុជា ឱ្យទទួលបានលទ្ធផល ត្រចះត្រចង់ថែមទៀត។ អនុក្រឹត្យ​នេះ​បានកែ​សម្រួល​រចនាសម្ព័ន្ធអង្គការលេខមួយចំនួនរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមាន

  • អគ្គនាយកដ្ឋាននៃក្រសួង ទៅជាអគ្គលេខាធិការដ្ឋាននៃក្រសួង
  • រដ្ឋបាលព្រៃឈើ និងជលផល ដំឡើងថ្នាក់ស្មើ អគ្គនាយកដ្ឋាន
  • នាយកដ្ឋានក្សេត្រសាស្ត្រ និងកែលំអដីកសិកម្ម ដំឡើងទៅជា អគ្គនាយកដ្ឋានកសិកម្ម
  • ដូរឈ្មោះអគ្គនាយកដ្ឋានចម្ការកៅស៊ូ ទៅជា អគ្គនាយកដ្ឋានកៅស៊ូ។

អគ្គនាយកដ្ឋានកសិកម្មដែលបានបង្កើតនេះមានបេសកកម្មទី១) ធានានូវសន្តិសុខស្បៀង ទី២) គ្រប់​​​​​​គ្រង​និងត្រួតពិនិត្យគុណភាព និងសុវត្ថិភាពកសិផល ទី៣) ជំរុញកំណើនផលិតភាពកសិកម្មតាមរយៈ​ពិពិធ​កម្ម​​កសិកម្ម ទី៤) រួមចំណែកកាត់បន្ថយភាពក្រីក្រតាមរយៈបង្កើន ចំណូលកសិករនិង តម្លៃបន្ថែម​លើ​កសិផល និងទី៥) ធានានូវទីផ្សារកសិផល។ អគ្គនាយកដ្ឋានកសិកម្មមាននាយកដ្ឋានចំនួន១០ មន្ទីរ​ពិសោធន៍​ជាតិ​កសិកម្ម​ចំនួន១ និងកសិដ្ឋានស្ថានីយពិសោធន៍ស្រាវជ្រាវនិងមជ្ឈមណ្ឌល​អភិវឌ្ឍន៍កសិកម្ម​សរុប​ចំនួន១៥​ជា​សេនាធិការ ហើយដែលនាយកដ្ឋានទាំង១០នោះ រួមមាន៖ ១) នាយកដ្ឋានផែនការ រដ្ឋបាល គណនេយ្យ និង​សហប្រតិបត្តិការអន្តរជាតិ ២) នាយកដ្ឋានដំណាំស្រូវ ៣) នាយកដ្ឋាន​សាក​វប្បកម្ម​និងដំណាំរួមផ្សំ ៤) នាយក​ដ្ឋានដំណាំឧស្សាហកម្ម ៥) នាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូត​គាម​អនាម័យ ៦) នាយក​ដ្ឋាន​គ្រប់គ្រងធនធានដីកសិកម្ម ៧) នាយកដ្ឋានគ្រឿង​យន្តកសិកម្ម ៨) នាយក​ដ្ឋាន​ផ្សព្វផ្សាយកសិកម្ម ៩) នាយក​ដ្ឋានផ្សព្វផ្សាយកសិកម្ម ១០) នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម។


 ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម

យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកំណត់ការលើកកម្ពស់វិស័យ​កសិកម្ម​សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌   ធានាសន្តិសុខ​ស្បៀង និងជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ច​ជន​បទ (ចតុកោណទី១)។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាគឺការធ្វើទំនើបកម្មវិស័យ​កសិកម្ម​កម្ពុជា                          ​តាម​អភិ​ក្រម វិសាល​​ភាព និង​ល្បឿន​ថ្មីដើម្បីប្រែក្លាយវិស័យនេះពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបវិបុលកម្ម (បើក​ទូ​លាយ​) ​ ឈានទៅរកដំណាក់កាល​ថ្មី ​ដែលផ្តោតលើផលិតកម្មតាមបែបប្រពលវប្បកម្ម (ស៊ី​ជម្រៅ) ​ដោយពឹង​ផ្អែក​​ជាសំខាន់លើ​ការប្រើប្រាស់​បច្ចេក​ទេស បច្ចេកវិទ្យាថ្មី ការស្រាវជ្រាវនិង​ការ​អភិវឌ្ឍន៍ យន្តូប​នីយ​កម្ម ព្រម​ទាំង​​ការលើកកម្ពស់ផលិតភាព និងពិពិធ​ភា​វូប​​នីយកម្ម​ផលិតកម្មផ្សេងៗ​ទៀត​រួមទាំងការ​ចិញ្ចឹម​សត្វ​​និង​វារី​វប្ប​កម្ម​​ផង។​ ដើម្បីសម្រេចបាននូវបេសកកម្មនិងរួមចំណែកសម្រេចឱ្យបាននូវយុទ្ធសាស្រ្ត​ ចតុ​កោណ​ដំណាក់​កាលទី៣ អគ្គនាយកដ្ឋានកសិកម្មបានដាក់ចេញនូវទិសដៅ៖ ១) ជំរុញផលិតភាព​កសិកម្ម ពិពិធភាវូប​នីយ​កម្ម​កសិកម្ម និងពាណិជ្ជូនីយកម្មកសិកម្ម ២) ធ្វើផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​អនុវិស័យ​ដំណាំ​រយៈ​ពេល​មធ្យម​និងវែង ៣) ពង្រឹងនិងពង្រីកសេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ៤) ​​ធ្វើ​ឯកទេសកម្ម​ពូជ​ដំណាំ​ពិសេស​​​​ដំណាំស្រូវ និងដំណាំសំខាន់ៗមួយចំនួនទៀត ៥) ការងារ​ចងក្រង​និង​ពង្រឹង​សហគមន៍​កសិ​កម្ម ៦)​ អង្កេតសិក្សាវាយតម្លៃនិងធ្វើសារពើភណ្ឌ័ការប្រើប្រាស់ដីកសិកម្ម ៧) សា្រវជ្រាវ​និង​កំណត់ប្រតិទិន​ដាំដុះ​ឱ្យ​ស្រប​តាមប្រព័ន្ធបរិស្ថានដំណាំនិងលក្ខខណ្ឌអាកាសធាតុ ៨) ស្រាវជ្រាវ​និង​អភិវឌ្ឍន៍បច្ចេកទេសក្រោយ​ប្រមូល​​ផល ៩) ពង្រីកសមត្ថភាពនិងសក្តានុពល​នៃផលិតផល​ទី​កាន់ទីផ្សារ​តំបន់​និងពិភពលោក ១០) ស្រាវ​ជ្រាវ​​និងប្រើប្រាស់ភ្នាក់ងារជីវសាស្រ្ត ថ្នាំកសិកម្មនិងថ្នាំផ្សំពី​រុក្ខ​ជាតិដើម្បី​កំចាត់​សមាសភាពចង្រៃ ១១) ខិតខំ​ផ្តល់​សេវាកម្មនិងការងារផ្ទេរនិងផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​​​ឱ្យកាន់តែជិត​អ្នក​​ប្រើប្រាស់ចុងក្រោយ ១២)​ពង្រឹង​កិច្ច​សហការយ៉ាងល្អជាមួយ​​វិស័យឯកជននិងដៃគូរ​អភិវឌ្ឍន៍ និង១៣) ​រៀប​ចំច្បាប់និងលិខិតបទដ្ឋាន​ពាក់​ព័ន្ធដើម្បីឆ្លើយតបទៅនឹងនិន្នាការរីក​ចំរើនរបស់​វិស័យ​កសិកម្ម​។

 កម្មវិធីនិងផែនការយុទ្ធសាស្រ្ត

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញទិសដៅយុទ្ធសាស្ត្រនៃកំណែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជាសម្រាប់ ឆ្នាំ​ ​២០១៣-២០២០ ដែលជាទិសដៅនៃការ​ផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងថវិកាជាជំហ៊ានៗ ពីការផ្តោត​លើ​ធាតុ​ចូល​​និង​មជ្ឈការទៅរកប្រព័ន្ធថវិកាថ្មីដែលផ្តោតលើលទ្ធផលឬសមិទ្ធកម្ម និងវិមជ្ឈការ។ ក្នុងចំណោម​​កម្មវិធី​ជា​អាទិភាពទាំង០៥របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលរួមមាន៖ កម្មវិធីទី១) បង្កើន​ផលិត​ភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មដើម្បី ជំរុញកំណើនផលិតកម្ម​កសិកម្មក្នុង​រង្វង់​​១០%​ក្នុង​១ឆ្នាំ កម្មវិធីទី២) ជំរុញផលិតកម្មសត្វនិងសុខភាពសត្វ កម្មវិធីទី៣) ការគ្រប់គ្រងធនធានជល​ផល​​ប្រកប​​​ដោយនិរន្តភាព កម្មវិធីទី៤) ការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃប្រកបដោយនិរន្តភាព និង​កម្ម​វិធី​ទី៥) ពង្រឹងស្ថាប័ន បង្កើនប្រសិទ្ធភាពសេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្ស អគ្គនាយកដ្ឋាន​កសិកម្មគឺ​​ជា​​អង្គភាពដ៏សំខាន់មួយក្នុងការអនុវត្តកម្មវិធីទី១ខាងលើ ដោយទទួល​អនុវត្ត​អនុកម្មវិធីចំនួន១០ក្នុង​ចំណោម​​​អនុកម្មវិធីសរុបចំនួន២០ ដែលគាំទ្រកម្មវិធី ទាំងមូល រួមមាន​ដូច​ខាង​ក្រោម៖

  • អនុកម្មវិធីទី១. សម្របសម្រួលបច្ចេកទេសនិងបង្កើនសមត្ថភាពអង្គភាព
  • អនុកម្មវិធីទី២. ជំរុញការគ្រប់គ្រងធនធានដីកសិកម្មប្រកបដោយចីរភាព
  • អនុកម្មវិធីទី៣.​ ជំរុញការអភិវឌ្ឍដំណាំស្រូវ
  • អនុកម្មវិធីទី៤. ជំរុញការអភិវឌ្ឍសាកវប្បកម្មនិងដំណាំរួមផ្សំ
  • អនុកម្មវិធីទី៥. ជំរុញការអភិវឌ្ឍដំណាំឧស្សាហកម្ម
  • អនុកម្មវិធីទី៦. ជំរុញការអភិវឌ្ឍគ្រឿងយន្តកសិកម្ម
  • អនុកម្មវិធីទី៧. ជំរុញការអភិវឌ្ឍការការពារដំណាំ អនាម័យ និងភូតគាមអនាម័យ
  • អនុកម្មវិធីទី៨. ពង្រឹងនិងកែលម្អប្រព័ន្ធនិងសេវាផ្សព្វផ្សាយកសិកម្ម
  • អនុកម្មវិធីទី៩. លើកកម្ពស់ការអភិវឌ្ឍសហគមន៍កសិកម្ម
  • អនុកម្មវិធីទី១០. ពង្រឹងនិងអភិវឌ្ឍសមត្ថភាពមន្ទីរពិសោធន៍ជាតិកសិកម្ម។