ព្រឹត្តិការណ៍ និងព័ត៌មានចុង​ក្រោយ
ចេញ​ផ្សាយ​ ០២ តុលា ២០១៩

អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានសហការរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រជូនកសិករ និងបិទរូបសញ្ញានៃការអនុវត្តកសិកម្មល្អនៅខេត្តកំពង់ធំ

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ  បានសហការរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រជូនកសិករចំនួន៤រូប និងបិទរូបសញ្ញា នៃការអនុវត្តកសិកម្មល្អ កម្ពុជា ដែលបានអនុវត្តន៍លើគម្រោងកសិកម្មល្អ (GAP) ក្នុងការបញ្ជាក់នូវគុណភាពបន្លែ ដែលដាំដុះប្រកដោសុវត្ថិភាព និងធានាបានគុណភាពដល់អ្នកប្រើប្រាស់។

លោក ហូ ពុទ្ធា អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើង ការប្រគល់ជូនវិញ្ញាបនបត្រជូនកសិករនៅថ្ងៃនេះ ជាលើកដំបូងដែលធ្វើសម្រាប់ខេត្តកំពង់ធំ ហើយបន្លែទាំងអស់ដែលបិទផ្លាក សញ្ញាសម្គាល់គុណភាពនេះ គឺជារឿងសំខាន់មួយដែលក្រសួងកសិកម្ម កំពុងមានការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់បន្លែឆៅ និងបន្លែសម្រាប់ចំអិនអាហារទាំងក្នុងគ្រួសារ និងភោជនីយដ្ឋានផ្សេងៗ។

កសិករដែលទទួលបានវិញ្ញាបនបត្រនេះលុះត្រាតែដំណាំបន្លែរបស់គាត់ទាំងអស់ ដែលដាំដុះនៅក្នុងចំការវិលជុំតាមរដូវ មិនមានសារធាតុគីមីនៅថ្ងៃដែលប្រមូលផល និងនាំយកទៅកាន់លើទីផ្សារ ដែលនៅក្នុងនោះ កសិករដែលជាអ្នកផលិតចាំបាច់ត្រូវមានស្តង់ដាបួនសំខាន់រួមមាន៖

- ទី១៖ សុវត្ថិភាពជូនដល់អ្នកប្រើប្រាស់ ដែលជាអ្នកបរិភោគនូវបន្លែទាំងអស់ ដែលខ្លួនផលិតបាន
- ទី២៖ គុណភាព ជាផលិតផលពិតមិនមានការក្លែងបន្លំ មិនយកបន្លែពីខាងក្រៅមកជំនួស
- ទី៣៖ ធានាបាននូវបរិស្ថានជុំវិញកន្លែងផលិតទាំងកន្លែងដាំ កន្លែងលាងសំអាត និងកន្លែងវេចខ្ចប់ ដើម្បីធានូវផលិតកម្មមិនប៉ះពាល់ដល់សុខភាព ទាំងកាកសំណល់ថ្នាំគីមី និងជីគីមីជាដើម
- ទី៤៖ សុខភាពសុវត្ថិភាពពលកម្ម គឺការធានានូវសុភាព និងសុវត្ថិភាពក្នុងការថែនាំដំណាំ ជាពិសេសគឺការពារសុខភាព គុណភាព បន្លែឲ្យនៅល្អ មិនឲ្យលាយលំជាមួយទំនិញដែលមានជាតិគីមី។

កសិករទាំងអស់ដែលបានចុះវាយតម្លៃជាប់ជាស្ថាពរក្នុងលក្ខខណ្ឌ ព្រមទាំងកសិករដ៏ទៃទៀតដែលស្នើរសុំចុះបញ្ជីជាសកម្មល្អ គឺត្រូវបានពិនិត្យ និងតាមដានដោយ អគ្គនាយកដ្ឋានការពារ ដំណាំអនាម័យ និងភូតគាមអនាម័យ ក្នុងករណីរកឃើញថាមានកសិករផ្សេងទៀតធ្វើបានគ្រប់លក្ខខណ្ឌ និងធ្វើការផ្តល់ជូនជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានោះ លោកក៏បានជំរុញឲ្យមានការផលិត និងវេចខ្ចប់ទំនិញប្រកបដោយដោយគុណភាព។

លោក អោម ពេជ្រ អនុប្រធានយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ បានលើកឡើងថា ក្រសួងកសិកម្មបានធ្វើការយកចិត្តទុកដាក់នូវសុខភាពប្រជាពលរដ្ឋទូទៅ និងជួយលើកស្ទួជីវភាពកសិករ ដែលក្នុងមានការចុះអនុវត្តដោយនាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ ក្នុងការចុះវាយតម្លៃលើកសិករ ដែលផលិតដំណាំកសិកម្មល្អ (GAP) លើបានចុះវាយតម្លៃ លើខេត្តចំនួន០៥ដូចជា៖

ខេត្តបាត់ដំបង ចុះវាយតម្លៃចំនួន០៣ចំការ ជាប់ជាស្ថាពរមួយចំការ
- ខេត្តកំពង់ធំ ចុះវាយតម្លៃ០៨ចំការ ជាប់ជាស្ថាពរចំនួន០៤ចំការ និង០៣ចំការជាប់ក្នុងលក្ខខណ្ឌ
- ខេត្តកំពង់ចាម ចុះវាយតម្លៃ០៣ចំការ ធ្លាក់មិនជាប់លក្ខ័ណ្ឌ
- ខេត្តព្រៃវែង ចុះវាយតម្លៃពីរចំការ មួយចំការជាប់ក្នុងលក្ខខណ្ឌ
- ខេត្តកណ្តាល ចុះវាយតម្លៃ១៣ចំការ ជាប់ជាស្ថាពរចំនួន០៥ចំការ បីចំការជាប់ក្នុងលក្ខខណ្ឌ និង០៥ចំការទៀតធ្លាក់
- ខេត្តពោធិ៍សាត់ ចុះវាយតម្លៃ១៧ចំការ ក្នុងនោះជាប់ជាស្ថាពរ ០៧ចំការ ជាប់ក្នុងលក្ខខណ្ឌ០៧ និងបីចំទៀតធ្លាក់។

ក្រុមកាងរនាយកដ្ឋាន ការពារដំណាំអនាម័យ និងភូតគាមអនាម័យ កំពុងទទួលបានការស្នើរសុំពីប្រជាកសិករចុះបញ្ជីកសិកម្មល្អ តាមរយៈមន្ទីរកសិកម្មចំនួន២៤ចំការផ្សេងទៀត ដែលត្រូវចុះធ្វើការពិនិត្យ និងវាយតម្លៃជូនមានក្នុងនៅខេត្តព្រៃវែងចំនួន៧ចំការ កណ្តាល១០ចំការ និងខេត្តកំពង់ចាម ចំនួន៧ចំការ។

លោក ឈ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បញ្ជាក់ថា គម្រោងគាំទ្រអនុវត្តកសិកម្មល្អនៅក្នុងខេត្តកំពង់ធំមានចំនួន២ស្រុក គឺស្រុកបារាយណ៍ និងស្រុកកំពង់ស្វាយ មាន៨ក្រុមសមាជិកចំនួន ១១៣គ្រួសារ ផ្ទៃដីដាំដុះនចំនួន ៤៨,៥៣ ហ.ត ដែលបច្ចុប្បន្នអាចផ្គត់ផ្គង់បន្លែបានប្រមាណ ១៧តោន/ថ្ងៃ។ ក្នុងនោះស្រុកបារាយណ៍ មានចំនួន ២ក្រុម មានសមាជិកចំនួន ៣០គ្រួសារ លើផ្ទៃដីដាំដុះ ១៣,២០ហ.ត និងស្រុកកំពង់ស្វាយ មានចំនួន ៦ក្រុម សមាជិកចំនួន ៨៣គ្រួសារ ផ្ទៃដីដាំដុះចំនួន៣៥,៣ពាហ.ត៕

ចេញ​ផ្សាយ​ ១៦ កញ្ញា ២០១៩

ឯកឧត្តមបណ្ឌិត ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានដឹកនាំក្រុមការងារគម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF-NIO for Rice-SDP) ទៅទស្សនកិច្ចសិក្សានៅប្រទេសម៉ាឡេស៊ី

ក្រុមការងារគម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF-NIO for Rice-SDP) ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម និងជានាយករង បានទៅទស្សនកិច្ចសិក្សានៅប្រទេសម៉ាឡេស៊ី មានរយៈពេលចំនួន០៦ថ្ងៃ ចាប់ពីថ្ងៃទី០៨-១៣ ខែកញ្ញា ឆ្នាំ២០១៩។ គោលបំណងនៃទស្សនកិច្ចសិក្សានេះគឺ ដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាទំនើបក្រោយពេលប្រមូលផលស្រូវ (ឡសម្ងួត ឃ្លាំងស្តុក និងម៉ាស៊ីនកិនស្រូវ) ដែលអនុវត្តនៅប្រទេសម៉ាឡេស៊ី។ សមាសភាពអ្នកចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាខាងលើ មានចំនួនសរុប ៤៣រូប ដែលជាថ្នាក់ដឹកនាំ មន្ត្រី និងទីប្រឹក្សានៃអង្គភាព MAFF-NIO អគ្គនាយកដ្ឋានកសិកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពអនុវត្តគម្រោងថ្នាក់ជាតិនៃក្រសួងរៀបចំ ដែនដី នគររូបនីយកម្ម និងសំណង់ សហព័ន្ធស្រូវអង្ករកម្ពុជា អង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្ត និងរោងម៉ាស៊ីនកិនស្រូវនៃខេត្តគោលដៅទាំងបី (ខេត្តកំពង់ធំ បាត់ដំបង និងព្រៃវែង)។ ប្រតិភូ ទស្សនកិច្ចសិក្សាបានចុះពិនិត្យ និងពិភាក្សាជាមួយអ្នកពាក់ព័ន្ធ រួមមាន៖ ក្រុមហ៊ុន រោងចក្រ រោងម៉ាស៊ីនកិនស្រូវ ពាណិជ្ជករស្រូវអង្ករ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀតដើម្បីបង្កើតឱកាស ពង្រឹងទំនាក់ទំនងឱ្យបានល្អរវាងម្ចាស់រោងម៉ាស៊ីនកិនស្រូវកម្ពុជា និងម៉ាឡេស៊ី ទាំងផ្នែកទីផ្សារ និង បច្ចេកវិទ្យា ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

ថ្ងៃទី១៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ងិន ឆាយ បានដឹកនាំប្រតិភូទៅពិនិត្យមើលរោងចក្រ Kilang Beras Pek Choo Keok/Seri Merbox ស្ថិតនៅទីក្រុង Alor Setar នៃរដ្ឋ Kedah។ Kilang Beras Pek Choo Keok/Seri Merbox ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៩៩ ដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី។ រោងចក្រនេះគឺជារោងចក្រផលិតគ្រាប់ពូជស្រូវដែលធំជាងគេបង្អស់នៅប្រទេសម៉ាឡេស៊ី ដោយប្រើប្រាស់បច្ចេកវិទ្យាសម្ងួតក្នុងស្តុក (In-store drying technology) និងការកែច្នៃគ្រាប់ពូជស្រូវបែបទំនើបជាមួយនឹងសមត្ថភាពកែច្នៃគ្រាប់ពូជស្រូវចាប់ពី ២០០ ទៅ ៣០០ តោនក្នុងមួយថ្ងៃ និងលទ្ធភាពសម្ងួតរហូតដល់ ១.០០០ តោនក្នុងមួយថ្ងៃ។
នៅរសៀលថ្ងៃដដែល ក្រុមប្រតិភូទស្សនកិច្ចសិក្សាបានបន្តដំណើរទៅពិនិត្យមើលរោងចក្រ Kelang Beras Sin Tong Seng Sdn. Bhd. ដែលជាកន្លែងផលិតអង្ករចំហុយ (Parboiled Rice Mill) ធំជាងគេមួយ ស្ថិតនៅទីក្រុង Alor Setar នៃរដ្ឋ Kedah។ រោងចក្រនេះគឺស្ថិតនៅក្រោមក្រុមហ៊ុន Serba Wangi នៃ Jati Group។

ថ្ងៃទី២៖ នៅថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រតិភូទស្សនកិច្ចសិក្សាបានបន្តដំណើរទៅពិនិត្យមើលក្រុមហ៊ុន Serba Wangi Sdn. Bhd. ដែលជារោងម៉ាស៊ីនកិនស្រូវឯកជនធំជាងគេបង្អស់នៅប្រទេសម៉ាឡេស៊ី។ រោងចក្រនេះបានចាប់ផ្តើមដំណើរការនៅឆ្នាំ១៩៩៣ និងបានក្លាយជារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនផ្គត់ផ្គង់ថ្នាក់ជាតិដែលឈានមុខមួយដោយផ្តោតលើមុខជំនួញអង្ករ។ សកម្មភាពសំខាន់ៗរបស់ក្រុមហ៊ុនរាប់បញ្ចូលចាប់តាំងពីការកែច្នៃ និងការវេចខ្ចប់អង្ករប្រមាណជាង២០ប្រភេទខុសៗគ្នា ដោយជ្រកក្រោមស្លាកពាណិជ្ជកម្មរបស់ Jati Group។

ថ្ងៃទី៣៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រតិភូបានជួបពិភាក្សា និងដកស្រង់បទពិសោធន៍ការងារពីជាមួយក្រុមហ៊ុន Bernas Padiberas Nasional Berhad ដែលជាក្រុមហ៊ុនផ្តាច់មុខតែមួយគត់ទទួលបានសិទ្ធិពិសេសពីរដា្ឋភិបាលម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ១៩៩៦ ក្នុងការអនុញ្ញាតឱ្យក្រុមហ៊ុនផ្សេងៗទៀតនៅក្នុងស្រុកនាំចូលស្រូវ និងអង្ករពីប្រទេសដទៃមកក្នុងប្រទេសម៉ាឡេស៊ី។ សកម្មភាពសំខាន់ៗរបស់ក្រុមហ៊ុន Bernas Padiberas Nasional Berhad រួមមាន៖ ការធ្វើលទ្ធកម្ម ប្រមូលទិញ កែច្នៃ នាំចូល នាំចេញ ស្តុកទុក វេចខ្ចប់ និងកែចែកចាយស្រូវ អង្ករ និងគ្រាប់ធញ្ញជាតិមួយចំនួនទៀតនៅ ប្រទេសម៉ាឡេស៊ី។
នៅរសៀលថ្ងៃដដែល ក្រុមប្រតិភូទស្សនកិច្ចសិក្សាបានបន្តដំណើរទៅកាន់រោងម៉ាស៊ីនកិនស្រូវ Kelang Beras Bernas Sri Tiram Jaya ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Bernas Padiberas Nasional Berhad។ សកម្មភាពសំខាន់ៗរបស់រោងម៉ាស៊ីនកិនស្រូវនេះ រួមមាន៖ ការទទួលទិញស្រូវចំណី សម្ងួត ស្តុកទុកស្រូវចំណី កិន ស្តុកទុកអង្ករ និងការផ្គត់ផ្គង់ក្នុងទ្រង់ទ្រាយធំ។

ថ្ងៃទី៤៖ នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រតិភូបានធ្វើដំណើរទៅកាន់ Paddy Gallery Sekinchan Paddy Agrotourism និង Kelang Beras Rakyat, PLS Group។ សកម្មភាពសំខាន់ៗនៅទីនោះគឺផ្តោតទៅលើខ្សែច្រវ៉ាក់តម្លៃអង្ករ ដោយរាប់ចាប់ពីផលិតកម្មស្រូវចំណី ការធ្វើស្រែតាមកិច្ចសន្យា ការកិនស្រូវ ការធ្វើពាណិជ្ជកម្ម និងការនាំចូលស្រូវ។

ចេញ​ផ្សាយ​ ១៣ កញ្ញា ២០១៩

សិក្ខាសាលាថ្នាក់តំបន់ស្ដីពីការលើកកម្ពស់ការយល់ដឹងអំពីជំងឺម៉ូសាអុិកលើដំណាំដំឡូងមី និងវិធានការគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជា

នៅថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រោមកិច្ចសហការជាមួយកម្មវិធីច្រវាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា CAVAC បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្ដីពីការលើកកម្ពស់ការយល់ដឹងអំពីជំងឺម៉ូសាអុិកលើដំណាំដំឡូងមី និងវិធានការគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ជាប្រធានគណៈអធិបតី និងមានការអញ្ជើញចូលរួមពីលោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង កញ្ញា ប៉ោ ណេង តំណាងកម្មវិធី CAVAC ។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានកសិកម្ម សាកលវិទ្យាល័យបាត់ដំបង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ វិស័យឯកជន និងតំណាងកម្មវិធីច្រវាក់តម្លៃកសិកម្មកម្ពុជាហៅកាត់ថា កាវ៉ាក់ (CAVAC) សរុបចំនួន៥៤រូប។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីវិធានការគ្រប់គ្រងជំងឺម៉ូសាអុិកលើដំណាំដំឡូងមីនៅក្នុងប្រទេសកម្ពុជា និងកំណត់អត្តសញ្ញាណ និងអភិវឌ្ឍន៍សកម្មភាព ជាអាទិភាព លើការគ្រប់គ្រងជំងឺម៉ូសាអុិកលើដំណាំដំឡូងមី។

ចេញ​ផ្សាយ​ ២៧ សីហា ២០១៩

លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋាន ឮការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានជូនដំណើរជំនាញការមក ពីក្រសួងកសិកម្មសហរដ្ឋអាមេរិក ទៅទស្សនកិច្ចនៅទីតាំងប្រមូលទិញសំអាតវេចខ្ចប់ផ្លែស្វាយស្រស់របស់ក្រុមហ៊ុន Hyundai

កាលពីថ្ងៃទី២៦  ខែសីហា  ឆ្នាំ២០១៩  នាយកដ្ឋានការពារដំណាំ  អនាម័យ  និងភូតគាមអនាម័យ  ដឹកនាំដោយ លោកបណ្ឌិត  កែ  មុន្ធីវុធ  ប្រធាននាយកដ្ឋាន ឮការពារដំណាំ  អនាម័យ  និងភូតគាមអនាម័យ  បានជូនដំណើរជំនាញការមកពីក្រសួងកសិកម្មសហរដ្ឋអាមេរិកទៅទស្សនកិច្ចនៅទីតាំង ប្រមូលទិញសំអាតវេចខ្ចប់ផ្លែស្វាយស្រស់របស់ក្រុមហ៊ុន Hyundai នៅខេត្តកំពង់ស្ពឺ  ដើម្បីជួយពិនិត្យនិងផ្តល់យោបល់បច្ចេកទេសបន្ថែមជូនដល់ក្រុមហ៊ុន ដើម្បីកាន់តែអាចធានាបាននូវភាពអនុលោមភាពតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ  ដែលជាផ្នែកមួយនៃសកម្មភាពសិក្ខាសាលាស្តីពីប្រព្រឹត្តកម្មភូតគាមអនាម័យ ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៧-២៨ ខែសីហា  ឆ្នាំ២០១៩  នៅរាជធានី ភ្នំពេញ   និងជាផ្នែកមួយនៃជំនួយសហប្រតិបត្តិការបច្ចេកទេសស្តីពីការវិភាគហានីភ័យសមាសភាពចង្រៃលើដំណាំស្វាយនិងស្វាយចន្ទី ដែលផ្តល់ដោយក្រសួងកសិកម្មសហរដ្ឋអាមេរិក។

វីដេអូប​ច្ចេក​ទេស
សៀវភៅប​ច្ចេក​ទេស
ក​ម្រងឯកសារសំខាន់ៗ
អង្គភាពក្រោមឱវាទ

អាសយដ្ឋាន:លេខ ៥៤បេ/៤៩អេហ្វ ផ្លូវលេខ ៣៩៥-៦៥៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អ៊ីមែល :info.gdamaff@gmail.com

ទូរស័ព្ទ :(855) 23 888 427

ទូរសារ :(855) 23 888 427

ហ្វេសប៊ុក : អគ្គនាយកដ្ឋានកសិកម្ម / Genearal Directorate of Agriculture

វែបសាយ :http://gda.maff.gov.kh