ព្រឹត្តិការណ៍ និងព័ត៌មានចុង​ក្រោយ
ចេញ​ផ្សាយ​ ២៨ មីនា ២០២៤ 97

សកម្មភាពបណ្តុះបណ្តាលដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី

រតនគិរី៖ នាថ្ងៃទី២៥-២៧ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ដោយមានការសហការនិងសម្របសម្រួលដោយក្រុមការងារគម្រោងថ្នាក់ខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសដាំបន្លែ ដាំដំណាំស្វាយចន្ទី និងការប្រើប្រាស់បច្ចេកវិទ្យាជូនដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិជនជាតិដើមភាគតិច ដែលមានសិក្ខាកាមមកពីខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី សរុបអ្នកចូលរួមចំនួន ២៧នាក់ ស្រី ៧នាក់។ គោលបំណងរបស់វគ្គបណ្តុះបណ្តាលនេះគឺដើម្បីចែករំលែកចំណេះដឹងដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មដែលមកពីបណ្តាខេត្តគោលដៅរបស់គម្រោង ដើម្បីឱ្យពួកគេមានភាពងាយស្រួលក្នុងការចែករំលែកបន្តទៅដល់ភូមិសហគមន៍ជនជាតិដើមភាគតិច។

 

ចេញ​ផ្សាយ​ ២៧ មីនា ២០២៤ 114

ទិវាចម្ការបង្ហាញលទ្ធផលពិសោធន៍ប្រៀបធៀបពូជដំឡូងមីធន់នឹងជំងឺម៉ូសាអ៊ិកនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ

ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអង្គការCIAT បានរៀបចំទិវាចម្ការបង្ហាញលទ្ធផលពិសោធន៍ប្រៀបធៀបពូជដំឡូងមីធន់នឹងជំងឺម៉ូសាអ៊ិកនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ក្រោមអតិបតីភាព លោក ធីវ វណ្ណធីរ ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និង Dr. Jonathan Newby ប្រធានកម្មវិធីដំឡូងមីរបស់CIAT ។ កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន៥០នាក់ ស្រី០៧នាក់ ដែលរួមមានមន្រ្តីពីនាយកដ្ឋានដំណាំឧស្សាហកម្ម មន្រ្តី CIAT តំណាងមកពីមន្ទីរកសិកម្មរុក្ខាប្រមាញ់នឹងនេសាទខេត្តកំពង់ចាម ការិយាល័យកសិកម្មស្រុក ក្រុមប្រឹក្សាឃុំបុសខ្នុរ និងកសិករដាំដុះដំណាំដំឡូងមីក្នុងស្រុកចម្ការលើ។ ទិវាចម្ការនេះមានគោលបំណងបង្ហាញពីលទ្ធផលពិសោធន៍និងចំណាប់អារម្មណ៍របស់កសិករទៅលើពូជទាំងអស់នោះ។ ជាលទ្ធផលឃើញថា ពូជថ្មីទាំង៨ពូជមិនមានឆ្លងជំងឺម៉ូសាអ៊ិកទេ តែបរិមាណផលនៅទាបជាងពូជដែលមានស្រាប់ដូចជា ពូជរ៉ាក់យ៉ង៧២ និង ខេយូ៥០ ទទួលបានទិន្នផលខ្ពស់ជាង។ កសិករមានការចាប់អារម្មណ៍លើពូជថ្មី TMEB419 ដើម្បីយកទៅដាំសាកល្បងនៅចម្ការរបស់ពួកគាត់៕

 

ចេញ​ផ្សាយ​ ២៧ មីនា ២០២៤ 110

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីបច្ចេកទេសសមស្របវៃឆ្លាតនឹងអាកាសធាតុក្នុងការសន្សំសំចៃទឹកលើដំណាំស្រូវ


នៅថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ មន្រ្តីជំនាញការិយាល័យសិក្សាស្រាវជ្រាវតម្រូវការទឹក និងបម្រែបម្រួលអាកាសធាតុ នៃនាយកដ្ឋានគ្រប់គ្រងធនធានដ៏កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ចុះបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីបច្ចេកទេសសមស្របវៃឆ្លាតនឹងអាកាសធាតុក្នុងការសន្សំសំចៃទឹកលើដំណាំស្រូវ គោលបំណងនៃវគ្គគឺដើម្បីផ្ដល់ចំណេះដឹង និងចែករំលែកបទពិសោធន៍អំពីការអនុវត្តជម្រើសបច្ចេកទេសកសិកម្មធន់នឹងអាកាសធាតុ ។ ចូលរួមកម្មវិធីបើកក្រោមអធិបតីភាពលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ នៅសហគមន៍កសិកម្មបក្សីរីករាយ ភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានអ្នកចូលរួមចំនួន ២៨នាក់ ក្នុងនោះស្ត្រីចំនួន ១៨នាក់ ដែលជាគ្រូបង្គោល កសិករគំរូ និងជាកសិករគ្រូ នឹងមានសមត្ថភាព  ក្នុងការផ្សព្វផ្សាយ និងធ្វើការបណ្តុះបណ្តាលបន្តដល់កសិករមូលដ្ឋាន (១). ការប្រើប្រាស់ព័ត៌មានព្យាករណ៍អាកាសធាតុ (កសិ- ឧតុនិយម) ក្នុងការរៀបចំផែនការដាំដុះដើម្បីទប់ទល់នឹងហានិភ័យអាកាសអាធុ (២). ការគ្រប់គ្រង និងប្រើប្រាស់ទឹកសន្សំសំចៃ (៣) ការជ្រើសរើសបច្ចេកទេសសមស្របវៃឆ្លាតនឹងអាកាសធាតុសម្រាប់អនុវត្តនៅតាមសហគមន៍មូលដ្ឋាន។

ចេញ​ផ្សាយ​ ២៣ មីនា ២០២៤ 235

ពិព័រណ៍កសិអេកូឡូស៊ី៖ ការរួមចំណែកមួយឆ្ពោះទៅកាន់ទស្សនវិស័យកសិកម្មសរីរាង្គខេត្តព្រះវិហារ

ពិព័រណ៍កសិអេកូឡូស៊ី៖ ការរួមចំណែកមួយឆ្ពោះទៅកាន់ទស្សនវិស័យកសិកម្មសរីរាង្គខេត្តព្រះវិហារ
=====================
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូគម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាព (ASSET Project) បាននរៀបចំ “ពិព័រណ៍កសិអេកូឡូស៊ីខេត្តព្រះវិហារ” ក្រោមអធិបតីភាពឯកឧត្តម អ៊ុក គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមតំណាងនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ គម្រោង ASSET អង្គការ CIRAD សហភាពសហគមន៍កសិកម្ម អង្គការដៃគូពាក់ព័ន្ធ វិស័យឯកជន និងកសិករសរុបប្រមាណ២០០ នាក់ (ស្រ្តី ៩៨នាក់)។ ពិព័រណ៍នេះមានគោលបំណងលើកកម្ពស់ការយល់ដឹងសាធារណៈជាពិសេសសម្រាប់អ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្មសរីរាង្គ និងអំពីអត្ថប្រយោជន៍នានា នៃប្រព័ន្ធដាំដុះតាមបែបកសិអេកូឡូស៊ី និងផលប៉ះពាល់អវិជ្ជមាននៃការអនុវត្តកសិកម្មតាមទម្លាប់ ដែលពឹងផ្អែកច្រើនលើធាតុចូលកសិកម្មគីមី។ ពិព័រណ៍កសិអេកូឡូស៊ីនេះគឺជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងការួមគ្នាឆ្ពោះទៅរកការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងការលើកកម្ពស់កសិកម្មសរីរាង្គ តាមរយៈការប្រមូលផ្តុំអ្នកពាក់ព័ន្ធ រួមទាំងកសិករ អ្នកស្រាវជ្រាវ អ្នកគោលនយោបាយ និងអ្នកប្រើប្រាស់។ ពិព័រណ៍នេះពិតជាមានសារ:ប្រយោជន៍ក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ ការច្នៃប្រឌិតក្នុងវិស័យកសិកម្ម ពីគ្រប់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម ព្រោះវាបញ្ជាក់ពីទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រព័ន្ធស្បៀងអាហារ និងការថែរក្សាធនធានធម្មជាតិនិងបរិស្ថាន។

ចេញ​ផ្សាយ​ ២៣ មីនា ២០២៤ 236

ការសិក្សាថ្លៃដើមផលិតកម្មដំណាំបន្លែ

ការសិក្សាថ្លៃដើមផលិតកម្មដំណាំបន្លែ
============
នៅថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារស្ថិតិ នាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិនៃអគ្គនាយកដ្ឋានកសិកម្ម បានធ្វើការចុះសិក្សាថ្លៃដើមផលិតកម្មដំណាំបន្លែនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្រុកថ្មគោល និងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ការចុះសិក្សានេះ ក្រុមការងារបានជួបសម្ភាសជាមួយកសិករដាំដុះដំណាំបន្លែនៅតាមបណ្តាសហគមន៍កសិកម្ម និងកសិករដែលបានដាំដុះបន្លែលក្ខណះទ្រង់ទ្រាយតូច ដើម្បីស្វែងយល់អំពីការអនុវត្តបច្ចេកទេស  ក៏ដូចជាប្រាក់ចំណេញក្នុងផលិតកម្មដំណាំបន្លែ។

ចេញ​ផ្សាយ​ ១៩ មីនា ២០២៤ 308

សិក្ខាសាលាស្ដីពី ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២៤-២០២៨

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារទទួលបន្ទុកផែនការនៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមសិក្ខាសាលាស្ដីពី ផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២៤-២០២៨ នៅខេត្តបន្ទាយមានជ័យ ដែលមានមន្ត្រីជំនាញពីអង្គភាពជំនាញចូលរួមចំនួន៥០នាក់។ សិក្ខាសាលានេះ មានគោលបំណង (១). ណែនាំវិធីសាស្ត្ររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម  (២). ពិនិត្យនិងពិភាក្សាអំពីសកម្មភាពដែលដាក់បញ្ចូលក្នុងផែនការនេះ ដើម្បីឱ្យមានសង្គតិភាពជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧នៃរដ្ឋសភា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា។

 

ចេញ​ផ្សាយ​ ០១ កុម្ភៈ ២០២៤ 718

កិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំង (The French Chamber of Commerce) និងក្រុមហ៊ុនឯកជនដែលបាននឹងកំពុងវិនិយោគក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា

នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំនៃអង្គភាពក្រោមឱវាទបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំង (The French Chamber of Commerce) និងក្រុមហ៊ុនឯកជនដែលបាននឹងកំពុងវិនិយោគក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា ដឹកនាំដោយលោក Charles Juillard នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង-កម្ពុជា (France Cambodia Chamber of Commerce and Industry)។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីស្វែងយល់អំពីតួនាទីនៃវិស័យកសិកម្មក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា វឌ្ឍនភាពនិងបញ្ហាប្រឈមក្នុងវិស័យកសិកម្ម សកម្មភាពជាយុទ្ធសាស្ត្រដោយរួមបញ្ចូលទាំងការបង្កើតយន្តការហិរញ្ញប្បទាននិងកម្មវិធីនានាដែលលើកទឹកចិត្ត/ជំរុញដល់ផលិតកម្មកសិកម្ម ការបើកទូលាយទីផ្សារថ្មីៗ ការធ្វើឱ្យមានស្ថេរភាពនៃតម្លៃកសិផលសំខាន់ៗ ការចូលបម្រើការងាររបស់មន្ត្រីកសិកម្មនៅគ្រប់ឃុំ-សង្កាត់នៅក្នុងប្រទេសកម្ពុជា និងការបង្កើតសហគមន៍កសិកម្មនៅតាមតំបន់ជនបទ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំង និងវិនិយោគិនបរទេសដែលមានចំណាប់អារម្មណ៍ និងបានវិនិយោគក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា។ ឯកឧត្តមប្រតិភូបានជម្រាបជូនដោយសង្ខេបអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលបានផ្តោតលើចំណុចសំខាន់ចំនួន៣គឺ ១) ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន ២) ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និង ៣). ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
នៅក្នុងឱកាសនោះដែរ គណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំងបានលើកឡើងនូវសំណួរជាច្រើន ដែលពាក់ព័ន្ធនឹងទិដ្ឋភាពទូទៅក្នុងវិស័យកសិកម្ម រួមមានបញ្ហាប្រឈមក្នុងពាណិជ្ជកម្មផលិតផលកសិកម្ម ដូចជា បញ្ហាអស្ថេរភាពតម្លៃកសិផល ការប្រកួតប្រជែងតម្លៃកសិផលជាមួយប្រទេសជិតខាង ការចំណាយខ្ពស់ក្នុងការដឹកជញ្ជូនកសិផល ការចំណាយពេលយូរក្នុងការទទួលបានវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញកសិផល ការចំណាយពេលយូរក្នុងការទទួលបានលិខិតអនុញ្ញាតនាំចូលពូជដំណាំ ការមិនមានមន្ទីរពិសោធន៍ដើម្បីវិភាគរកសារធាតុសំខាន់ៗមួយចំនួនក្នុងផលិតផលកសិកម្ម វត្តមាននៃផលិតផលក្លែងបន្លំនៅលើទីផ្សារ ការនាំចូលគ្រាប់ពូជដំណាំដោយមិនមានការចុះបញ្ជិកាត្រឹមត្រូវហើយ លក់ក្នុងតម្លៃទាប ការខ្វះទីផ្សារបោះដុំកសិផល ការមិនមានការបង្កើតទម្រង់ការផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (Sustainable Rice Plateform) ឱ្យបានទូលំទូលាយ។ល។ ចំពោះបញ្ហាខាងលើនេះ គណៈប្រតិភូសភាពាណិជ្ជកម្ម បានចោទសួរថាតើរាជរដ្ឋាភិបាលនីតិកាលទី៧ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានយន្តការអ្វីខ្លះសម្រាប់ដោះស្រាយបញ្ហាទាំងនេះដើម្បីសម្របសម្រួល និងគាំទ្រដល់ការធ្វើពាណិជ្ជកម្មក្នុងវិស័យកសិកម្ម។
ជាការឆ្លើយតប ឯកឧត្តមប្រតិភូ បានបកស្រាយចំពោះការលើកឡើងខាងលើអំពីការដាក់ចេញនូវយន្តការ អាទិភាពនានាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តដើម្បីដោះស្រាយបញ្ហាអសកម្ម និងលើកទឹកចិត្តដល់វិនិយោគិនក្នុងវិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តមប្រតិភូបានជម្រាបជូនថា ក្រោមការទទួលខុសត្រូវរបស់អគ្គនាយកដ្ឋានកសិកម្ម យើងបានយកចិត្តទុកដាក់លើរាល់បញ្ហាអសកម្ម ដែលតែងលើកឡើងដោយសាធារណជនដែលបញ្ហាមួយចំនួនគឺជាការយល់ច្រឡំ ឧទាហរណ៍ ករណីការចំណាយពេលយូរក្នុងការទទួលបានវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញកសិផល និងការចំណាយពេលយូរក្នុងការទទួលបានលិខិតអនុញ្ញាតនាំចូលពូជដំណាំ ដែលករណីនេះមិនដូចអ្វីដែលបានលើកឡើងនោះទេ។ បន្ថែមពីនេះឯកឧត្តមប្រតិភូបានស្នើឱ្យអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទអគ្គនាយកដ្ឋានកសិកម្ម សហការយ៉ាងជិតស្និតជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំង និងក្រុមហ៊ុនវិនិយោគទុនបរទេសដើម្បីស្វែងរកការពិតនៅពីក្រោយការលើកឡើងខាងលើ និងជួយគាំទ្រនិងសម្របសម្រួលការងារពាក់ព័ន្ធតាមការស្នើសុំរបស់គណៈប្រតិភូ។
ជាចុងបញ្ចប់ ឯកឧត្តមប្រតិភូបានថ្លែងអំណរគុណចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំង និងក្រុមហ៊ុនវិនិយោគទុនបរទេសដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ។ ឯកឧត្តមប្រតិភូ សង្ឃឹមយ៉ាងមុតមាំថាកិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមមួយដ៏ល្អក្នុងការពង្រឹងទំនាក់ទំនង សហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសបារាំងក្នុងការអភិវឌ្ឍវិស័យកសិកម្មនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន។

ចេញ​ផ្សាយ​ ២១ ធ្នូ ២០២៣ 2900

សិក្ខាសាលាថ្នាក់តំបន់ស្តីពីការការពារ និងគ្រប់គ្រងសត្វល្អិតចង្រៃ និងជំងឺលើដំណាំចេកប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ី ក្រោមក្របខណ្ឌកម្មវិធីកិច្ចសហប្រតិបត្តិការ FAO-China South-South


ថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ជស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) រៀបចំជាសិក្ខាសាលាថ្នាក់តំបន់ស្តីពីការការពារ និងគ្រប់គ្រងសត្វល្អិតចង្រៃ និងជំងឺលើដំណាំចេកប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ី ក្រោមក្របខណ្ឌកម្មវិធីកិច្ចសហប្រតិបត្តិការ FAO-China South-South ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ទីប្រឹក្សាជាន់ខ្ពស់នៃអគ្គនាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងជាអគ្គនាយកនៃផលិតកម្មដំណាំនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) លេខាធិការនៃលេខាធិការដ្ឋាន IPPC និងមានការចូលរួមពីជំនាញការនៃប្រទេសក្នុងតំបន់អាស៊ីរួមមាន៖ កម្ពុជា ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ចិន និងស្រីលង្កា សរុបប្រមាណ ៥០រូប។
សិក្ខាសាលាថ្នាក់តំបន់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី៖
-ចែករំលែកបទពិសោធន៍ និងព័ត៌មានក្នុងការការពារ និងគ្រប់គ្រងសត្វល្អិតចង្រៃ និងជំងឺលើដំណាំចេកប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ី
-វិភាគបញ្ហាប្រឈមអំពីសត្វល្អិតចង្រៃ និងជំងឺលើដំណាំចេកក្នុងតំបន់អាស៊ី
-ពិភាក្សាអំពីការពង្រឹងកិច្ចសហការលើការគ្រប់គ្រងជំងឺ និងសត្វល្អិតចង្រៃលើដំណាំចេកក្នុងតំបន់អាស៊ីនាពេលអនាគត។

វីដេអូប​ច្ចេក​ទេស
សៀវភៅប​ច្ចេក​ទេស
ក​ម្រងឯកសារសំខាន់ៗ
អង្គភាពក្រោមឱវាទ

អាសយដ្ឋាន:លេខ ៥៤បេ/៤៩អេហ្វ ផ្លូវលេខ ៣៩៥-៦៥៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អ៊ីមែល :info.gdamaff@gmail.com

ទូរស័ព្ទ :(855) 23 888 427

ទូរសារ :(855) 23 888 427

ហ្វេសប៊ុក : អគ្គនាយកដ្ឋានកសិកម្ម / Genearal Directorate of Agriculture

វែបសាយ :http://gda.maff.gov.kh